ជាតិ
សង្គមជាតិ
គណៈកម្មការ​សាងសង់ អំពាវនាវ​ឲ្យ​សាធារណជន ចូល​ថវិកា សាងសង់​ស្តូប​នយោបាយ​ឈ្នះ​ឈ្នះ​នៅកោះកុង
23, Jun 2020 , 11:59 pm        
រូបភាព
លោក ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ (រូបពី CPP)
លោក ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ (រូបពី CPP)
​អនុគណៈកម្មការ​ទទួល​បន្ទុក​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ខេត្តកោះកុង អំពាវនាវ​ទៅកាន់​មជ្ឈដ្ឋាន​ទូទៅ រាប់​តាំងពី​ប្រជាជន មន្ត្រីរាជការ កង​ប្រដាប់អាវុធ ពាណិជ្ជករ រហូតដល់​អ្នកមាន​ទ្រព្យ​ច្រើន​...​ឲ្យ​ចូលរួម​ឧបត្ថម្ភ​ថវិកា​តាម​លទ្ធភាព ដើម្បី​ឲ្យ​ដំណើរការ​សាងសង់​ស្តូប​អនុ​ស្សវ​រី​យ៍​នយោបាយ​ឈ្នះ​ឈ្នះ ​ក្នុង​ខេត្តកោះកុង សម្រេចបាន​ជោគជ័យ​តាម​ការគ្រោងទុក​។ 




តាមរយៈ​សេចក្តីអំពាវនាវ​របស់​ខ្លួន អនុគណៈកម្មការ​ទទួល​បន្ទុក​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ខេត្តកោះកុង បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា សាធារណជន នឹងចូលរួម​គាំទ្រ​ ដល់​ការសាងសង់​សំណង់​ប្រវត្តិសាស្ត្រ​ជាតិ​មួយ​នេះ​។ អនុគណៈកម្មការ​ទទួល​បន្ទុក​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ខេត្តកោះកុង ប្រាប់​សាធារណជន ឲ្យ​ទាក់ទង​ទៅ​កា​រិ​យា​របស់​ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ បើ​មាន​សមានចិត្ត​ចង់​បរិច្ចាគ​ថវិកា​។ 
 
​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ អនុគណៈកម្មការ​ទទួល​បន្ទុក​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ខេត្តកោះកុង បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ ​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​។ គេ មិនទាន់​ដឹង​ទេ​ថា ការ​សាងសង់​នេះ នឹងត្រូវ​ប្រើ​រយៈពេល​យូរ​ប៉ុនណា​  ហើយ​ត្រូវ​ចំណាយ​ថវិកា​សរុប​ប៉ុន្មាននោះទេ។

ស្ថាបត្យកម្ម ​និង​រចនាសម្ព័ន្ធ​នៃ​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ក្នុង​ខេត្តកោះកុង គឺ​សាងសង់ឡើង ​តាម​ទម្រង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ខាងជើង​រាជធានី​ភ្នំពេញ​។ ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​នេះ ស្ថិត​លើ​ភ្នំ​មួយ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤៨ ក្នុងភូមិ​បឹង​ឃុន​ឆាំង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ 
 
​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ក្នុង​ខេត្តកោះកុង មិន​ហៅថា​ជា វិមាន ដូច​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ខាងជើង​រាជធានី​ភ្នំពេញ​ឡើយ ដោយ​ហៅ​ត្រឹម​ជា​ស្តូប​ប៉ុណ្ណោះ​។ ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ក្នុង​ខេត្តកោះកុង ដ្បិត​មាន​ទម្រង់​ដូច​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះក្តី តែមាន​ទំហំ​តូច ​និង​កម្ពស់​ទាប ​ជាង​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​។​
 
​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ក្នុង​ខេត្តកោះកុង គ្រោង​សាងសង់​ក្នុង​កម្ពស់​៤៣​ម៉ែត្រ​។ ឯ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ មាន​កម្ពស់​៥៤​ម៉ែត្រ និង​ត្រូវបាន​សាងសង់​ឡើងលើ​ផ្ទៃដី​៨​ហិកតា នៅ​សង្កាត់​បាក់​ខែង ខ​ណ្ឌ​ជ្រោយចង្វារ ដែល​ស្ថិតនៅ​ទល់មុខ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ 
 
​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ ចំណាយ​ទឹកប្រាក់​អស់​១២​លាន​ដុល្លារ ដែលជា​ការចូលរួមរ​បស់​មជ្ឈដ្ឋាន​នានា និង​ចំណាយពេល​ជិត​បី​ឆ្នាំ​ក្នុង​ការសាងសង់ គឺ​ចាប់ផ្តើម​តាំងពី​ដើមឆ្នាំ​២០១៦ ហើយ​រួចរាល់​និង​សម្ពោធ​នៅ​ខែធ្នូ ឆ្នាំ​២០១៨​។ អត្ថន័យ​សំខាន់​មួយ ​នៃ​ការកសាង​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ គឺ​ដើម្បី​រម្លឹក​ពី​ការយក​ឈ្នះ ​ឬ​ការផ្តួលរំលំ​ខ្មែរក្រហម និង​ការធ្វើ​ឲ្យ​កម្ពុជា មាន​សន្តិភាព​ពេញ​បូ​រិ​បូរ​។ 
 
​ក្រោយ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ក្នុង​ខេត្តកោះកុង​រួចហើយ រដ្ឋាភិបាល នឹង​បន្ត​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្ នះ​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត រួមមាន នៅ​តំបន់​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​តំបន់​ប៉ៃលិន (​ក្នុង​ក្រុងប៉ៃលិន​) និងនៅ​តំបន់​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ តំបន់​ទាំង​៤​នេះ សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​នៃ​ការយក​ឈ្នះ​កងទ័ព​ខ្មែរក្រហម​៕ 

Tag:
 ស្តូប​នយោបាយ​ឈ្នះ​ឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com