ជាតិ
២៥ខេត្ត/រាជធានី
សោកស្តាយ! ខ្ទីងមួយក្បាលទៀតត្រូវព្រានព្រៃសម្លាប់​ ហេីយថែមទាំងពន្លះសាច់
23, Jun 2020 , 10:41 pm        
រូបភាព
សពសត្វខ្ទីងមួយក្បាល ដែលគេប្រទះឃើញកាលពីខែឧសភាកន្លងទៅ។
សពសត្វខ្ទីងមួយក្បាល ដែលគេប្រទះឃើញកាលពីខែឧសភាកន្លងទៅ។
ភ្នំពេញ៖ សត្វ​ខ្ទីង​មួយ​ក្បាល​ទៀត ត្រូវបាន​សម្លាប់​ទាំង​ជើង​ជាប់អន្ទាក់ ហើយ​ត្រូវបាន​ជន​ល្មើ​សពន្លះសាច់​ជា​ដុំៗ មុនពេល​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែល​ចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទៅដល់​។ ​​​នេះបើតាមលោក នេ​ត្យ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​បណ្តាញ​តេ​ឡេ​ក្រាម នៅ​យប់​ថ្ងៃទី​២៣​មិថុនា​នេះ។ លោក នេត្រ ភក្ត្រា បញ្ជាក់ថា សាកសព​សត្វខ្ទីង ដែលជា​ប្រភេទសត្វ​កម្រ​នេះ ត្រូវបាន​ប្រទះឃើញនៅ​ថ្ងៃទី​២៣ ខែ មិថុនា ឆ្នាំ​២០២០​នេះ នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ខេត្តពោធិ៍សាត់​។ ​។

 
 
​អ្នកនាំពាក្យ​រូបនេះ ពន្យល់​បន្ថែមថា​៖«​ក្រុម​ជនល្មើស​បាន​រត់គេចខ្លួន​បាត់ នៅពេលដែល​ដឹងថា​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើរល្បាត​នៅក្នុង​តំបន់​នោះ ដោយ​បន្សល់ទុក​នូវ​សាច់សត្វ​ខ្ទីង ដែល​បាន​ពន្លះ​ជា​ដុំៗ បម្រុង​នឹង​ដឹក​ចេញ​។ សត្វ​ខ្ទីង​ដែល​ត្រូវបាន​សម្លាប់​នេះ មាន​ជើង​ជាប់អន្ទាក់ ហើយ​ស្នែង​របស់​វា ត្រូវបាន​គេ​កាត់​យកទៅ​បាត់ បន្សល់ទុក​ក្បាល និង​សាច់​ជាច្រើន​គីឡូក្រាម​»​។​
 
 
​លោក នេត្រ ភក្ត្រា បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​សត្វ​ខ្ទីង​មួយ​ក្បាល​នេះ មុននឹង​ថ្កោលទោស​ក្រុម​ជនល្មើស ដែល​តែង​តែង​លួច​ដាក់​អន្ទាក់​សត្វ និង​បរបាញ់​សត្វ​កម្រ​នៅ​កម្ពុជា​។ ទន្ទឹមនឹង​លោក​រដ្ឋលេខាធិការ​រូបនេះ ទទូច​ឲ្យ​ពលរដ្ឋ ដែល​បានដឹង ឬ​ស្គា​ល់ពី​អត្តសញ្ញាណ​ជនល្មើស រាយការណ៍​ប្រាប់​សមត្ថកិច្ច​ផងដែរ​។ 
 
 
​នេះ​គឺជា​សត្វ​ខ្ទីង​ទី​២​ហើយ ដែល​រកឃើញថា​ត្រូវបាន​នៅក្នុង​រយៈពេល​២ ខែ​ចុង​ក្រោយនេះ​។ កាលពី​ខែឧសភា​កន្លងទៅ ខ្ទីង​ពេញវ័យ​មួយ​ក្បាល​អាយុ​ប្រហែល ៥​ឆ្នាំ ត្រូវបាន​ព្រាន​បាញ់សម្លាប់ ដោយ​បន្សល់ទុក​តែ​ក្បាល នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា នៅក្នុង​ខេត្តព្រះវិហារ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​លោក​បានបញ្ជាក់​បន្តថា អន្ទាក់ និង​កាំភ្លើង​កែច្នៃ គឺជា​ឃាតក​លាក់​មុខ សម្លាប់​សត្វព្រៃ​នៅ​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ ឲ្យ​ដឹងថា គ្រាន់តែ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០​នេះ មាន​អន្ទាក់​ជាង​មួយ​ម៉ឺន ត្រូវបាន​ដោះចេញ​ពី​តំបន់ការពារធម្មជាតិ ហើយ​កាំភ្លើង និង​កាំភ្លើង​កែច្នៃ​ជាង ៣០០​ដើម ត្រូវបាន​រឹបអូស​។ 
 
 
 យោងតាម​ជីវសាស្ត្រ សត្វ​ខ្ទីង អាច​រស់នៅ​បាន​ពី​តំបន់​ទំនាប រហូតដល់​រយៈកម្ពស់​ខ្ពស់​រហូតដល់​កម្ពស់​ជាង ២០០០ ម៉ែត្រ​។ នៅ​កម្ពុជា សត្វ​ខ្ទីង​មាន​វត្តមាន​រស់នៅ​តំបន់​មួយចំនួន​ដូចជា​ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង​ខេត្តកោះកុង ពោធិ៍សាត់​(​ជួរ​ភ្នំក្រវាញ​) និង​ក្នុង​ខេត្តកំពង់ស្ពឺ​ជាដើម​។ សត្វ​ខ្ទីង ជា​ប្រភេទ​សត្វ​កម្រ​ដែល​ងាយ​ទទួលរង​ការគំរាមកំហែង​យ៉ាងខ្លាំង និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​សត្វព្រៃ​ងាយ​រងគ្រោះថ្នាក់​ជាស​កល​នៅ​ឆ្នាំ​១៩៨៦ ។ នៅ​ឆ្នាំ ២០១៦ សត្វ​ខ្ទីង​នៅលើ​ពិភពលោក មាន​ចំនួន​ប្រមាណ ២១០០០ ក្បាល ដែល​រស់នៅក្នុង​ប្រទេស​ឥណ្ឌា និង​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
​ដើម្បី​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ​ជាពិសេស​សត្វព្រៃ​កម្រៗ​នៅលើ​ពិភពលោក ដែលមាន​វត្ត​មាននៅ​កម្ពុជា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ទទូច​អង្វរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ  ។ លើសពីនេះ លោក នេត្រ ភក្ត្រា សង្កត់ធ្ងន់ថា​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​អនុវត្ត​ច្បាប់​ប្រឆាំងនឹង​ជនល្មើស​សម្លាប់សត្វ មិន​លើកលែង​នោះឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com