អន្តរជាតិ
នៅ​អាល្លឺម៉ង់ ក្លិន​ទុរេន​ធ្វើ​ឲ្យមនុស្ស​៦​នាក់​ចូល​ពេទ្យ និង​៦០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ប្រៃសណីយ៍​
24, Jun 2020 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ
​ការិយាល័យ​ប្រៃសណីយ៍​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់ បាន​បង្ខំចិត្ត​ជម្លៀស​មនុស្ស​៦០​នាក់​ចេញ និង​បញ្ជូន​អ្នក​បម្រើការ​៦​នាក់​ទៅ​មន្ទីរពេទ្យ ដោយសារតែ​ពួកគេ​ពិបាក​ទ្រាំ​នឹង​ក្លិន​ទុរេន ដែល​វេច​ខ្ចប់​ជាច្រើន​កេស​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​។​



​មនុស្ស​ប្រមាណ​៦០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ការិយាល័យ​ប្រៃសណីយ៍​នៅ​ក្រុង Schweinfurt កាលពី​ថ្ងៃ​សៅរ៍ ហើយ​បុគ្គលិក​១២​នាក់ ត្រូវបាន​ព្យាបាល​ព្រោះ​មាន​បញ្ហា​ច្រមុះ ដោយ​ក្នុងនោះ​៦​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។

របាយការណ៍​បាន​បង្ហាញថា ក្រុមការងារ​នៅ​ប្រៃសណីយ៍​សុទ្ធ​តែមាន​សភាព​ចលាចល ដោយសារតែ​ពួកគេ ទទួលបាន​ក្លិប​ដ៏​ចម្លែក​នៅក្នុង​កេស ហើយ​នៅ​បរិវេណ​នោះ ប៉ូលិស​ក្រុង Schweinfurt បាន​ត្រៀម​រថយន្ត​ពេទ្យ​ចំនួន​៦ រថយន្ត​អ​ន្តារាគម​ន៍​ចំនួន​៥ រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​២ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​៣​ផ្សេងទៀត​។​

​ជាមួយនឹង​ក្តីបារម្ភ​ថា ជា​ក្លិន​ឧស្ម័ន ក្រុមការងារ​មួយចំនួន​បាននាំគ្នា​បើក​ពិនិត្យ​កេស​យ៉ាង​ប្រុងប្រយ័ត្ន រហូតដល់​ដឹងថា កេស​ទាំង​៤​នោះ ផ្ទុក​ទុរេន ដែល​នាំ​ពី​ប្រទេស​ថៃ​។​

​ទុរេន​នោះ ត្រូវបាន​ផ្ញើទៅ​ពលរដ្ឋ​អាយុ​៥០​ឆ្នាំ​ម្នាក់​នៅក្នុង​ក្រុង Nuremberg ពី​សំណាក់​មិត្តភក្តិ​នៅ​ថៃ​។ បច្ចុប្បន្ន ទុរេន​បាន​ទៅ​ដល់ដៃ​របស់​បុរស​នោះ​ហើយ​។

នេះមិនមែនជាលើកដំបូងឡើយ ដែលទុរេនបង្កចលាចល។ កាលពីឆ្នាំមុន បុគ្គលិកនៅបណ្ណាល័យនៃ​សាកលវិទ្យាល័យ Canberra ប្រទេសអូស្ត្រាលី ក៏ត្រូវបាន​ជម្លៀស​ចេញពីអគារផងដែរ ដោយគិត​ថា ជាការធ្លាយឧស្ម័ន។ នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ យន្តហោះមួយនៅឥណ្ឌូណេស៊ី បានបង្ខំ​ចិត្ត​ចុះចត ក្រោយអ្នកដំណើរត្អូញត្អែរពី​ក្លិន​ដ៏ចម្លែករបស់ផ្លែឈើមួយនេះ៕

Tag:
 ទុរេន
© រក្សាសិទ្ធិដោយ thmeythmey.com