COVID-19
ជាតិ
សម្ដេច គាំទ្រ​ឱ្យ​ធនាគារ​ប្ដឹង និង​រឹបអូស​ទ្រព្យ​អ្នក​មិន​សង​ប្រាក់ តាម​ការឃោសនា​របស់​ជន​ទុច្ចរិត​
24, Jun 2020 , 11:04 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ដាក់​ដំណើរការ​កម្មវិធី​ទឹកប្រាក់​ជួយ​ពលរដ្ឋ​ក្រីក្រ នៅ​ថ្ងៃទី​២៤ មិថុនា​នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ធនាគារ​ទាំងអស់ ប្ដឹង និង​រឹបអូស​ទ្រព្យ​អ្នក​មិន​សង់​ប្រាក់​ត្រឡប់​វិញ ដោយសារ​ជឿ​តាម​ការឃោសនា​របស់ជន​ទុច្ចរិត​។​


​សម្ដេច ហ៊ុន សែន ដែល​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​ការសង​ប្រាក់​ទៅ​ធនាគារ និង​គ្រឹ​ស្ថាន​ហិរញ្ញវត្ថុ​នោះ បាន​បញ្ជាក់ថា មាន​ជន​ទុច្ចរិត​មួយចំនួន បាន​ឆ្លៀតឱកាស​នៃ​ការផ្ទុះ​រីក​រាលដាល​​ជំងឺ​កូ​វីដ​-១៩ នេះ កំំំំពុង​ដើរ​ឃោសនា​ឱ្យ​ពលរដ្ឋ​ឈប់​សង​ប្រាក់​ទៅ​ធនាគារ និង​ដក​ប្រាក់​បញ្ញើ​វិញ ដើម្បី​យកមក​រក្សាទុក​ដោយ​ខ្លួនឯង​។ សម្ដេច ស្នើឱ្យ​អាជ្ញាធរ និង​ធនាគារ​ចាត់វិធានការ​លើ​អ្នកដើរ​ឃោសនា និង​អ្នក​ជឿ​លើ​ជន​ទាំងនោះ​។​
 
​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖«​អ្នក​ដែល​ចង់ឱ្យ​ធនាគារ​ស្រុក​ខ្មែរ​ដួលរលំ តាមរយៈ​កុំ​សង​ធនាគារ​និង​ដក​លុយ​ពី​ធនាគារ ប្រហែលជា​ខកចិត្ត​មិនតិច​ទេ​។ ហើយ​ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​(​ធនាគារ​)​ធ្វើការ​រឹបអូស (​ទ្រព្យ​អតិថិជន​) បើសិនជា​អ្នកឯង​ជឿ​ទៅលើ​អ្នក​ឃោសនា ដែលមាន​ចលនា​កុំឱ្យ​សងលុយ​ធនាគារ​។ ខ្ញុំ​គ្រាន់តែ​អំពាវនាវ​ឱ្យ​ធនាគារ​សុំ​ការយោគយល់​នៅក្នុង​ដំណាក់កាល​នៃ​ការលំបាក ប៉ុន្តែ​ការសង​នៅតែ​សង ។ ប៉ុន្តែ​មាន​អ្នក​ចលនា​ទី​១ ឱ្យ​មនុស្ស​កុំ​សង​ធនាគារ ហើយ​ខ្ញុំ​នឹង​គាំទ្រ​ឱ្យ​ធនាគារ​ប្តឹងទៅ​តុលាការ​ដើម្បី​រឹបអូស បើសិនជា​ជន​នោះ គាំទ្រ​នយោបាយ​អ្នក​អំពាវនាវ​នេះ​»​។​
 
​បើតាម​សម្ដេច ហ៊ុន សែន ក្នុង​ពិភពលោក​នេះ គ្មាន​ករណី​ឈប់​សង​ប្រាក់​ទៅ​ធនាគារ និង​ហិរញ្ញវត្ថុ​វិញ​ទេ ទោះ​ក្នុងស្ថានភាព​ណាក៏ដោយ ។​«​អ៊ីចឹង​សាកមើល គ្រួសារ​ណា​ដែល​ញុះញង់​ធ្វើ​(​មិន​គេ​សង​ប្រាក់​ទៅ​ធនាគារ​)​អាហ្នឹង ហើយ​ជំពាក់​ធនាគារ យើង​គាំទ្រ​ឱ្យ​មានការ​រឹបអូស​ហ្មង​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​ទំនង​ចង់​ផ្លែផ្កា​ទៅកាន់​អ្នកគាំទ្រ​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​ថ្លែង​សារ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ផ្អាក​ការសង​ត្រឡប់​ទៅ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ នៅក្នុង​វិបត្តិ​កូ​វីដ​-១៩​នេះ​។​
 
​សម្រាប់​បញ្ហា​បំណុល​ពលរដ្ឋ​នេះ​វិញ ប្រមុខ​រដ្ឋាភិបាល បន្ត​ស្នើឱ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ ជួយ​សម្រួល​រៀបចំ​ឥណទាន​ឡើងវិញ ឱ្យស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​របស់​ព​ល​រដ្ឋ ជាពិសេស​ដោះស្រាយ​បញ្ហា​ទុន​របស់​ម្ចាស់​អាជីវកម្ម​ធំៗ និង​ពលរដ្ឋ​ដែល​ត្រូវការ​ក្នុង​គ្រា​លំបាក​នេះ​។ 

ពលរដ្ឋជាង១៨ម៉ឺននាក់ ដែលរងផលប៉ះពាល់ជីវភាព ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នោះ ទទួលបានដំណោះស្រាយឥណទានជាង៨០០លានដុល្លារ ពីមីក្រូហិរញ្ញវត្ថុកម្ពុជា។ នេះបើតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីចុងខែឧសភា។

អត្ថបទទាក់ទង

 
កន្លងមកលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានរំឭកថា ធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវអនុវត្តវិធានការនានារបស់ធនាគារជាតិកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេលអនាគតឱ្យបានត្រឹមត្រូវ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
 
លោក ជា ចាន់តូ ក៏ស្នើឱ្យអតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។ បើតាមលោក ជា ចាន់តូ កាលៈទេសៈនៃជំងឺកូវីដ១៩នេះ មិនត្រូវឱ្យមានការញុះញង់ណាមួយ ដែលបង្កចលាចលសង្គម នាំឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុឡើយ។
 
គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៃសមាជិករបស់សមាគម បានបញ្ចេញប្រាក់កម្ចីដល់ប្រជាជនកម្ពុជា ជាង២,១លាននាក់ ដែលមានទំហំឥណទានសរុប ជាង៣០ទ្រីលានរៀល (៧,៤ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានជាង២,៨លាននាក់ និងមានប្រាក់បញ្ញើសរុប ជាង១៥ទ្រីលានរៀល (៣,៧ប៊ីលានដុល្លា) ៕
 
 

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com