COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រីប៊ុលហ្ការី រងពិន័យ១៧៤ដុល្លារ ព្រោះមិនពាក់ម៉ាស់នៅទីសាធារណៈ លោក Boyko Borissov នាយករដ្ឋមន្រ្តីប៊ុលហ្ការី។ រូបភាព៖ Reuters
× នាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក Boyko Borissov នឹងត្រូវពិន័យជាប្រាក់ប្រមាណ ១៧៤ដុល្លារ ដោយសារបំពានបទបញ្ជាដែលតម្រូវឲ្យពាក់ម៉ាស់នៅក្នុងសាលសាធារណៈ។ នេះបើតាមការអះអាងរបស់ក្រសួងសុខាភិបាលប៊ុលហ្ការី នៅថ្ងៃទី២៣ ខែមិថុនា។
រដ្ឋមន្ត្រីសុខាភិបាលប៊ុលហ្ការី លោក Kiril Ananiev នាថ្ងៃទី២២ ខែមិថុនាកន្លងទៅ បានបញ្ជាឲ្យប្រជាជនទាំងអស់ចាប់ផ្តើមពាក់ម៉ាស់ឡើងវិញ នៅក្នុងសាលសាធារណៈ ឬនៅក្នុងអាគារសាធារណៈទាំងអស់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃCOVID-19 បន្ទាប់ពីប្រទេសមួយនេះ បានរាយការណ៍ពីករណីឆ្លង កើនឡើងវិញនៅសប្តាហ៍មុន។
ក្រសួងសុខាភិបាលប៊ុលហ្ការី បានប្រាប់ទីភ្នាក់ងារ Reuters ថា មនុស្សទាំងអស់ ដែលមិនពាក់ម៉ាស់នៅក្នុងព្រះវិហារ Rila Monastery នៅតំបន់ភ្នំ Rila ក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី នឹងត្រូវរងការពិន័យ។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលដដែល អ្នកដែលត្រូវពិន័យជាប្រាក់នោះ មានដូចជា នាយករដ្ឋមន្ត្រី Boyko Borissov អ្នកសារព័ត៌មាន និងអ្នកថតរូបជាដើម។
យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលប៊ុលហ្ការី មិនបានបញ្ជាក់ទេ ថាតើបុព្វជិត ដែលមិនបានពាក់ម៉ាស់នៅក្នុងព្រះវិហារ ត្រូវរងការពិន័យឬអត់។
កន្លងមកគណបក្សGERB របស់លោកនាយករដ្ឋមន្ត្រី និង គណបក្សសង្គមនិយម ក៏រងការពិន័យជាប្រាក់ប្រមាណ ១៧០០ដុល្លារផងដែរ ដោយសារតែគណបក្សទាំងពីរនេះ បានរៀបចំកម្មវិធីជួបជុំ ប៉ុន្តែមិនបានជំរុញឲ្យអ្នកចូលរួមរក្សាគម្លាតសុវត្ថិភាពនៅក្នុងកម្មវិធី។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ប៊ុលហ្ការី មានករណី COVID-19 សរុបចំនួន ៤១១៤ករណី អ្នកស្លាប់មានចំនួន ២០៨នាក់ និងអ្នកជាសះស្បើយមានចំនួន ២២១៧នាក់។ នាពេលកន្លងមក ប៊ុលហ្ការី បានបិទប្រទេស និងចាប់បង្ខំឲ្យប្រជាជនពាក់ម៉ាស់ នៅតាមទីសាធារណៈផងដែរ៕
Tag:
ប៉ុលហ្ការី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com