សង្គមអន្តរជាតិ
អន្តរជាតិ
លោក គីម ជុងអ៊ុន បញ្ជាឲ្យផ្អាកផែនការយោធាប្រឆាំងកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន ដើរត្រួតពិនិត្យយុទ្ធោបករណ៍។ រូបភាព KCNA
× មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានសម្រេចផ្អាកសកម្មភាពយោធាប្រឆាំងកូរ៉េខាងត្បូង។ការសម្រេចចិត្តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិម ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា។ នេះយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
ការសម្រេចចិត្ត ផ្អាកសកម្មភាពយោធារបស់កូរ៉េខាងជើងត្រូវបានគេចាត់ទុកថាជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល។ នេះក៏គេរំពឹងថា កិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិម នឹងគាំទ្រសកម្មភាពយោធាប្រឆាំងកូរ៉េខាងជើង។ កូរ៉េខាងជើងតាមរយៈសេចក្តីថ្លែងការណ៍កន្លងមក បានប្រើប្រាស់ពាក្យ«សត្រូវ» ក្នុងន័យសំដៅទៅកូរ៉េខាងត្បូង។
ទោះជាសកម្មភាពយោធាត្រូវបានផ្អាកក៏ពិតមែន ប៉ុន្តែ KCNA ផ្សាយថា កិច្ចប្រជុំដែលដឹកនាំដោយលោក គីម ជុងអ៊ុន មានរបៀបវារៈក្នុងការពិនិត្យនូវគោលនយោបាយយោធាដែលនឹងត្រូវដាក់បង្ហាញក្នុងកិច្ចប្រជុំទី៥ នៃកិច្ចប្រជុំគណកម្មការយោធាមជ្ឈិម នៃបក្សពលករកូរ៉េ។ បន្ថែមពីនេះ កិច្ចប្រជុំខាងលើក៏ចេញពិភាក្សាផងដែរពីឯកសារដែលដាក់ចេញពីវិធានការក្នុងការបន្តពង្រឹងការគំរាមធ្វើសង្គ្រាមរបស់កូរ៉េខាងជើង។
បន្ទាប់ពីបានបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េកាលពីសប្តាហ៍មុន កូរ៉េខាងជើង បានព្រមានថា ខ្លួននឹងពង្រាយទាហានចូលទៅតំបន់គ្មានកងទ័ព ក៏ដូចជាគំរាមធ្វើលំហាត់យោធាតាមព្រំដែនផងដែរ។ បន្ថែមពីនេះ កាលពីថ្ងៃទី២២ ខែមិថុនា កូរ៉េខាងជើងបានរៀបចំរួចរាល់ជាស្រេចក្នុងការបង្ហោះប៉េងប៉ោងចំនួន៣ពាន់ និងខិត្តប័ណ្ណចំនួន១២លាន ដើម្បីប្រឆាំងកូរ៉េខាងជើង មិនតែប៉ុណ្ណោះគេក៏ឃើញកូរ៉េខាងជើងបំពាក់ឧបករណ៍បំពងសំឡេងចំនួន២០គ្រឿងតាមព្រំដែន។
ក្រោយពេល លោក គីម ដែលជាប្រធានគណៈកម្មការយោធាខាងលើ សម្រេចផ្អាកសកម្មភាពយោធា ភាគីកូរ៉េខាងត្បូងសង្កេតឃើញថា កងទ័ពកូរ៉េខាងជើងបានដកឧបករណ៍បំពងសំឡេងចំនួន១០ចេញ។ ប៉ុន្តែកូរ៉េខាងជើងមិនបោះបង់ផែនការក្នុងការបាចខិត្តបណ្ណឆ្លងព្រំដែនឡើយ បើទោះបីជាមានការទទូចពីកូរ៉េខាងត្បូងក្តី៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com