រដ្ឋាភិបាលកម្ពុជា បែងចែកអ្នកក្រីក្រ និងជនងាយរងគ្រោះ ដែលត្រូវទទួលប្រាក់ឧបត្ថម្ភ ជា២កម្រិត គឺ អ្នកក្រីក្រកម្រិត១ សំដៅលើអ្នកក្រីក្រខ្លាំង និង អ្នកក្រីក្រកម្រិត២ សំដៅលើអ្នកក្រីក្រល្មម។ រដ្ឋាភិបាល ក៏បែងចែកអ្នកក្រីក្រ និងជនងាយរងគ្រោះ ជា៣តំបន់ដែរ គឺ នៅរាជធានីភ្នំពេញ នៅទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ និង នៅជនបទ។
អ្នកក្រីក្រ និងជនងាយរងគ្រោះ ដែលមានបណ្ណសមធម៌ (បណ្ណក្រីក្រ) ទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗគ្នា ទៅតាមកម្រិត១និងកម្រិត២ និងទៅតាមតំបន់ដែលពួកគេស្ថិតនៅ។ អ្នកក្រីក្រនិងជនងាយរងគ្រោះ ត្រូវទទួលបានប្រាក់ឧបត្ថម្ភ២ផ្នែកធំៗពីរដ្ឋាភិបាល គឺទទួលបានជាលក្ខណៈគ្រួសារទាំងមូលផង និងជាលក្ខណៈបុគ្គលផង។
នៅរាជធានីភ្នំពេញ
គិតជាគ្រួសារទាំងមូល គឺ អ្នកក្រីក្រនិងជនងាយរងគ្រោះ ទទួលបានប្រាក់ឧបត្ថម្ភ១២ម៉ឺនរៀលដូចគ្នាទាំងអស់ ក្នុង១គ្រួសារ មិនថា ពួកគេ ជាអ្នកក្រីក្រកម្រិត១ ឬអ្នកក្រីក្រកម្រិត២នោះទេ។ ឧទាហរណ៍ថា គ្រួសារ១ មានសមាជិកតែម្នាក់ ឯគ្រួសារ១ទៀត មានសមាជិក១០នាក់ ក៏គ្រួសារទាំង២នេះ នៅតែទទួលបានប្រាក់ឧបត្ថម្ភ១២ម៉ឺនរៀលស្មើគ្នា។
ចំពោះបុគ្គល គឺបែងចែកជាអ្នកក្រីក្រកម្រិត១ និងអ្នកក្រីក្រកម្រិត២។ សមាជិកគ្រួសារក្រីក្រ ដែលស្ថិតក្នុងកម្រិត១ ទទួលបានប្រាក់ឧបត្ថម្ភ៥ម៉ឺន២ពាន់រៀលក្នុងម្នាក់ៗ ឯអ្នកស្ថិតក្នុងកម្រិត២ ទទួលបាន៣ម៉ឺន៦ពាន់រៀលក្នុងម្នាក់ៗ។
លើសពីនេះ កុមារអាយុក្រោម៥ឆ្នាំ ជនពិការ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើង និង អ្នកផ្ទុកមេរោគអេដស៍ ក្នុងគ្រួសារក្រីក្រកម្រិត១ ទទួលបានប្រាក់ឧបត្ថម្ភ៤ម៉ឺនរៀល ក្នុងម្នាក់ៗ ឯក្នុងគ្រួសារក្រីក្រកម្រិត២ ទទួលបាន២ម៉ឺន៨ពាន់រៀល ក្នុងម្នាក់ៗ។
ឧទាហរណ៍ថា គ្រួសារ១ ស្ថិតក្នុងកម្រិតក្រីក្រ១ នៅរាជធានីភ្នំពេញ មានសមាជិក៧នាក់ ដោយក្នុងនោះ ឪពុក មានអាយុ៥៥ឆ្នាំ ជាជនពិការជើងទាំង២ ម្តាយមានអាយុ៥០ឆ្នាំ កូនអាយុ៤ឆ្នាំម្នាក់ កូនអាយុ២ឆ្នាំម្នាក់ កូនម្នាក់ផ្ទុកមេរោគអេដស៍ យាយអាយុ៧៥ឆ្នាំ តាអាយុ៨០ឆ្នាំ។ បើគិតទៅ គ្រួសារនេះ ត្រូវទទួលបានប្រាក់ឧបត្ថម្ភ៥ផ្នែក។
ទី១ គ្រួសារនេះ ទទួលបានប្រាក់ឧបត្ថម្ភ១២ម៉ឺនរៀល។ ទី២ សមាជិកទាំង៧នាក់ ទទួលបាន៥ម៉ឺន២ពាន់រៀល ក្នុងម្នាក់ៗ (សរុប៣៦ម៉ឺន៤ពាន់រៀល)។ ទី៣ កុមារទាំង២នាក់ ទទួលបាន៤ម៉ឺនរៀល ក្នុងម្នាក់ៗ (សរុប៨ម៉ឺនរៀល)។ ទី៤ យាយនិងតា ទទួលបាន៤ម៉ឺនរៀលក្នុងម្នាក់ៗ (សរុប៨ម៉ឺនរៀល)។ ទី៥ ឪពុក ជាជនពិការ ទទួលបាន៤ម៉ឺនរៀល។ ទី៥ កូនផ្ទុកមេរោគអេដស៍ ទទួលបាន៤ម៉ឺនរៀល។ ដូច្នេះសរុបទាំងអស់ គ្រួសារនេះ ទទួលបានប្រាក់ឧបត្ថម្ភ៧២ម៉ឺន៤ពាន់រៀល។
នៅទីប្រជុំជន ក្រៅពីរាជធានីភ្នំពេញ អ្នកក្រីក្រ និងជនងាយរងគ្រោះ ទទួលបានប្រាក់ឧបត្ថម្ភ១២ម៉ឺនរៀល ក្នុងគ្រួសារនីមួយៗ ដោយមិនបែងចែកកម្រិត១ ឬកម្រិត២ឡើយ។ ឯសមាជិក ក្នុងគ្រួសារក្រីក្រកម្រិត១ ទទួលបាន៤ម៉ឺនរៀលក្នុងម្នាក់ៗ ហើយសមាជិក ក្នុងគ្រួសារក្រីក្រកម្រិត២ ទទួលបាន២ម៉ឺន៨ពាន់រៀល ក្នុងម្នាក់ៗ។
កុមារអាយុក្រោម៥ឆ្នាំ ជនពិការ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើង អ្នកផ្ទុកមេរោគអេដស៍ ក្នុងគ្រួសារក្រីក្រកម្រិត១ ទទួលបាន៤ម៉ឺនរៀលក្នុងម្នាក់ ឯក្នុងគ្រួសារក្រីក្រកម្រិត២ ទទួលបាន២ម៉ឺន៨ពាន់រៀល។
នៅជនបទ
អ្នកក្រីក្រនិងជនងាយរងគ្រោះ ដែលស្ថិតក្នុងកម្រិត១និងកម្រិត២ ទទួលបានប្រាក់ឧបត្ថម្ភ៨ម៉ឺនរៀលដូចគ្នា ក្នុង១គ្រួសារ។ ចំពោះសមាជិក ក្នុងគ្រួសារក្រីក្រកម្រិត១ ទទួលបាន២ម៉ឺន៤ពាន់រៀលក្នុងម្នាក់ៗ ហើយសមាជិកក្នុងគ្រួសារក្រីក្រកម្រិត២ ទទួលបាន១ម៉ឺន៦ពាន់រៀលក្នុងម្នាក់ៗ។
កុមារអាយុក្រោម៥ឆ្នាំ ជនពិការ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើង អ្នកផ្ទុកមេរោគអេដស៍ ក្នុងគ្រួសារក្រីក្រកម្រិត១ ទទួលបាន២ម៉ឺន៤ពាន់រៀល ហើយក្នុងគ្រួសារក្រីក្រកម្រិត២ ទទួលបាន១ម៉ឺន៦ពាន់រៀល។
ការឧបត្ថម្ភប្រាក់ ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ ដែលមានបណ្ណសមធម៌ នឹងចាប់ផើ្តមអនុវត្តពីចុងខែមិថុនា ឆ្នាំ២០២០ទៅ ដោយក្នុង១ខែ ឧបត្ថម្ភម្តង។ អ្នកក្រីក្រនិងជនងាយរងគ្រោះ អាចបើកប្រាក់ឧបត្ថម្ភនេះ តាមរយៈសេវាកម្មវីង។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីប្រកាសឲ្យអនុវត្តកម្មវិធីសាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩ ក្រោមអធិបតីរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កម្មវិធីឧបត្ថម្ភប្រាក់នេះ ត្រូវបានកំណត់ក្នុងអនុក្រឹត្យមួយ ដែលចេញថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្ត្រី ប្រកាសក្នុងពិធីនោះថា ការអនុវត្តកម្មវិធីឧបត្ថម្ភប្រាក់ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ គឺមិនអចិន្ត្រៃយ៍ឡើយ ពោលគឺ កម្មវិធីនេះ អាចនឹងត្រូវលុបចោលវិញ នៅពេលណា ដែលស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាធូរស្រាល ហើយស្ថានភាពប្រទេសជាតិ វិលមកប្រក្រតីភាពឡើងវិញ។
ក្នុងយុទ្ធនាការដើរស្រង់ស្ថិតិជុំទី១ ដែលទើបនឹងធ្វើក្នុងអំឡុងជំងឺកូវីដ-១៩នេះ រដ្ឋាភិបាល រកឃើញ អ្នកក្រីក្រនិងជនងាយរងគ្រោះជាង៦០ម៉ឺនគ្រួសារ ដែលមានបណ្ណសមធម៌។ រដ្ឋាភិបាល ប៉ាន់ប្រមាណថា ក្នុង១ខែ អាចចំណាយថវិកាប្រមាណ២៥លានដុល្លារ សម្រាប់ឧបត្ថម្ភដល់អ្នកក្រីក្រនិងជនងាយរងគ្រោះទាំង៦០ម៉ឺនគ្រួសារ ដែលស្មើនឹងប្រមាណ២,៣លាននាក់ ។
រដ្ឋាភិបាល ដែលមានក្រសួងផែនការជាសេនាធិការ នឹងបន្តដើរស្រង់ស្ថិតិអ្នកក្រីក្រនិងជនងាយរងគ្រោះ ក្នុងជុំទី២បន្ថែមទៀត។
រដ្ឋាភិបាល ធ្លាប់ប្រកាសថា ភាពក្រីក្រនៅកម្ពុជា នៅសល់ក្នុងរង្វល់១០ភាគរយ។ តែ ធនាគារពិភពលោក ព្យាករថា ឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩ អាចនឹងធ្វើឲ្យភាពក្រីក្រនៅកម្ពុជា ក្នុងឆ្នាំ២០២០ កើនឡើងពី ៣ ទៅ ១១ភាគរយបន្ថែមទៀត។
កន្លងមក រដ្ឋាភិបាល បានបញ្ជាមន្ត្រីឲ្យដើរចែកស្បៀង ដូចជា អង្ករនិងត្រីខ ជាដើម រួមទាំងម៉ាស់និងក្រមាផងដែរ ទៅដល់គ្រួសារក្រីក្រ។ ជាមួយគ្នានេះ រដ្ឋាភិបាល បានឧបត្ថម្ភថវិកា៤០ដុល្លារ ក្នុង១ខែ ដល់កម្មករ-កម្មការិនីម្នាក់ៗ ដែលត្រូវព្យួរការងារ។
ពេលជំងឺកូវីដ-១៩ ផ្ទុះឡើង រដ្ឋាភិបាល បានត្រៀមថវិកា៣ពាន់លានដុល្លារ សម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ចនិងបញ្ហាផ្សេងៗ៕