COVID-19
អន្តរជាតិ
ទីក្រុងតូក្យូ មានករណីឆ្លង COVID-19 ខ្ពស់បំផុត បើគិតចាប់តាំងពីថ្ងៃទី៥ ខែឧសភា លោកស្រីអភិបាលក្រុងតូក្យូ Yuriko Koike (ខាងឆ្វេង)។ រូបភាព៖ Kyodo News
× រដ្ឋាភិបាលក្រុងតូក្យូ នៅថ្ងៃទី២៤ ខែមិថុនា បានរាយការណ៍ពីការ COVID-19 ថ្មី ចំនួន ៥៥ករណី។ នេះគឺជាករណីឆ្លងដ៏ច្រើនបំផុតនៅក្នុងទីក្រុងដ៏ធំមួយនេះចាប់តាំងថ្ងៃទី៥ ខែឧសភាកន្លងមក។
តាមការអះអាងរបស់លោកស្រីអភិបាលក្រុងតូក្យូ Yuriko Koike ទីក្រុងតូក្យូ មានករណីឆ្លង COVID-19 ថ្មីចំនួន ៥៥ករណី។ តួលេខសរុបនៅក្នុងទីក្រុងមានចំនួន ៥៨៩៥ករណី ដែលជាចំនួនច្រើនជាងគេបំផុតបើធៀបនឹងករណីឆ្លងនៅក្នុងខេត្ត ក្រុងរបស់ជប៉ុនផ្សេងទៀត។ ករណីឆ្លងនៅក្នុងថ្ងៃទី២៤ ខែមិថុនានេះ គឺជាតួលេខដ៏ច្រើនជាងគេបំផុត បើគិតចាប់ពីថ្ងៃទី៥ ខែឧសភា ដែលមាន៥៧ករណី។
ការកើនឡើងករណីឆ្លងថ្មីនេះ គឺដោយសារជប៉ុន បានបន្ធូរបន្ថយការរឹតត្បិតនៅក្នុងប្រទេស និងការលើកចោលស្ថានភាពអាសន្ន នៅក្នុងប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែឧសភាកន្លងមក។
ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែមិថុនា លោកស្រីអភិបាលក្រុងរូបនេះ បានបញ្ជាក់ថា អ្នកឆ្លងCOVID-19 ភាគច្រើន គឺឆ្លងនៅកន្លែងការងារ និងក្នុងរោងចក្រ។ ការណ៍នេះ លោកស្រី Yuriko បានជំរុញឲ្យប្រជាជនរបស់ខ្លួនទាំងអស់ មានវិធានការការពារ និងទប់ទល់នឹង COVID-19 នៅកន្លែងធ្វើការ។
យ៉ាងណាក៏ដោយ លោកស្រីអភិបាលក្រុង ក៏បានទទួលស្គាល់ដែរថា វាពិបាកណាស់សម្រាប់អាជ្ញាធរ ក្នុងការមានវិធានការការពារម៉ត់ចត់មួយចំនួន ដើម្បីអនុវត្តនៅការិយាល័យ ព្រោះចំនួនមនុស្សជាច្រើនម៉ឺននាក់ បានត្រលប់មកធ្វើការវិញ បន្ទាប់ពីរដ្ឋាភិបាលលើកចោលការប្រកាសភាពអាសន្ន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។
នាពេលកន្លងមក ជប៉ុន បានអនុញ្ញាតឲ្យមានការឆ្លងខេត្ត ក្រុងជាថ្មី និងជំនួញមួយចំនួន ត្រូវបើកឡើងវិញ។ ក្លឹបរាត្រី ការប្រគុំតន្ត្រី និងកន្លែងកម្សាន្តផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរជប៉ុនអនុញ្ញាតឲ្យបើកផងដែរ។
សូមបញ្ជាក់ថា ជប៉ុនមានករណីCOVID-19 សរុបចំនួន ១៧៩៦៨ករណី អ្នកស្លាប់ចំនួន ៩៥៥នាក់ និងអ្នកជាសះស្បើយពីជំងឺមានចំនួន ១៦២១២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com