COVID-19
កីឡាជាតិ
ជាតិ
ក្រោយ​លើក​ពេល​ពីរលើក ASEAN Para Games ត្រូវ​លុបចោល​ដោយសារ​កូ​វីដ​-១៩
25, Jun 2020 , 7:59 am        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សម្រាប់​ជន​មាន​ពិការភាព​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ASEAN Para Games លើក​ទី​១០​នៅ​ប្រទេស​ហ្វីលីពីន ត្រូវបាន​លុបចោល​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ មុន​ឈានដល់​សម្រេច​លុបចោល ព្រឹត្តិការណ៍​នេះ បាន​លើក​ពេល​ប្រកួត​ពីរលើក​រួចមកហើយ នាពេល​កន្លងមក​។

 
​ក្រុមប្រឹក្សាភិបាល និង​សមាជិក​នៃ​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ី​អាគេ្នយ៍ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សាគ្នា​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១០​នៅ​ប្រទេស​ហ្វីលីពីន​។ ការរៀបចំ​កិច្ចប្រជុំ​បន្ទាន់​នេះ ធ្វើឡើង​ក្រោយ​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍ ASEAN Para Games របស់​ម្ចាស់ផ្ទះ​ហ្វីលីពីន​បានដាក់​សំណើរ​ទៅ​សហព័ន្ធ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ីអាគ្នេយ៍​(APSF) ដើម្បី​សុំ​លុបចោល​ការ​រ​រៀបចំ​ព្រឹត្តិការណ៍​នេះ​។​
 
​តាមរយៈ​កិច្ចប្រជុំ​អន​ឡាញ​ដែលមាន​តំណាង​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​១០​ចូលរួម​នេះ ភាគី​ទាំងអស់​បាន​ឯកភាពគ្នា លុបចោល​ការរៀបចំ​ព្រឹត្តិការណ៍ ASEAN Para Games លើក​ទី​១០​ជា​ស្ថាពរ តាម​សំណើរ​របស់​ម្ចាស់ផ្ទះ​ហ្វីលីពីន​។ ការស្នើសុំ​លុបចោល​របស់​ហ្វីលីពីន គឺ​ដោយសារ​ពួកគេ​បារម្ភ​ពី​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដ្បិត​ស្ថានភាព​ការឆ្លង​នៃ​ជំងឺ​នេះ​ក្នុង​តំបន់​អាស៊ាន​ពុំទាន់​មាន​ភាព​ធូរស្បើយ​។ 
 
«​នៅក្នុង​កិច្ចប្រជុំ​នោះ​សមាជិក​ក្នុង​តំបន់​អាស៊ាន គឺមាន​ការព្រួយបារម្ភ​ប្រហាក់ប្រហែលគ្នា ហើយ​លទ្ធផល​ចុងក្រោយ​ពួកយើង​បាន​ឯកភាព​ថា នៅក្នុង​ឆ្នាំ​២០២០ ដែល​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម គឺ​ត្រូវ​ផ្អាក​ទាំងស្រុង​។ យើង​បានសម្រេច​មិន​យក​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១០​ទៅ​រៀបចំ​នៅ​លើក​ក្រោយ​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។  
 
​ហេតុផល​មួយទៀត​នោះ គឺ​ហ្វីលីពីន​មិន​ចង់​ចំណាយ​ថវិកា​ផ្តេសផ្តាស​ក្នុងស្ថានភាព ដែល​ប្រទេស​របស់ខ្លួន​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ដូច្នេះ​ការលុបចោល​នេះ មិន​ត្រឹមតែ​ជួយ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុណ្ណោះ​ទេ តែ​ជួយ​សន្សំ​លុយ​ហ្វីលីពីន ដើម្បី​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ក្នុងប្រទេស​ខ្លួន​ទៀតផង​។ 
 
​វា​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រឹត្តិការណ៍ ASEAN Para Games ដែល​ត្រូវបាន​លុបចោល​ការរៀបចំ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​ជាស​កល​។ វៀតណាម​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា ASEAN Para Games លើក​ទី​១១​បន្ត​ពី​ហ្វីលីពីន ដែល​គ្រោង​ធ្វើឡើង​ក្នុងអំឡុង​ខែធ្នូ ឆ្នាំ​២០២១​។ 
 
​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​បាន​លើក​ពេល​រៀបចំ​ពីរលើក​រួចមកហើយ ដែល​តាម​គម្រោង​ព្រឹត្តិការណ៍​នេះ គ្រោង​ធ្វើ​ក្នុងអំឡុង​ខែមករា ពោលគឺ​មួយខែ​បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ត្រូវបាន​លើក​ពេល​លើក​ទី​១​ទៅ​រៀបចំ​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២០ ក្រោយមក​គ្រោង​រៀបចំ​ម្តងទៀត​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០២០​។ តែ​ត្រូវបាន​លុបចោល​មុន​គម្រោង​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៤ មិថុនា ឆ្នាំ​២០២០ ប្រទេស​ហ្វីលីពីន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​៣១,៨២៥​នាក់ ស្លាប់​១,១៨៦​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​៨,៤៤២​នាក់​។ តួលេខ​នេះ​ធ្វើ​ឲ្យ ហ្វីលីពីន ឈរ​លំដាប់​ទី​៣​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​ឥណ្ឌូណេស៊ី និង​សិង្ហ​បុរី​៕  

Tag:
 ASEAN Para Games
  យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com