COVID-19
ជាតិ
WWF៖ ជំងឺឆ្លង​ថ្មី​រវាង​សត្វ​-​មនុស្ស​នឹង​ផ្ទុះឡើង​ទៀត បើ​នៅមាន​សកម្មភាព​ជួញដូរ និង បរិភោគ​សត្វព្រៃ​
25, Jun 2020 , 9:29 am        
រូបភាព
សត្វពង្រូល។ រូបថត៖ WWF- Cambodia
សត្វពង្រូល។ រូបថត៖ WWF- Cambodia
​ភ្នំពេញ​៖ ជំងឺឆ្លង​រាលដាល​ថ្មីៗ​រវាង​សត្វ និង​មនុស្ស ក្នុង​លើ​ពិភពលោក នឹង​អាច​ផ្ទះ​ឡើង​ទៀត ប្រសិនបើ​សកម្មភាព​ជួញដូរ  និង​បរិភោគ​សត្វព្រៃ នៅតែ​បន្ត​។ នេះ​ជាការ​ក្រើនរម្លឹក ក៏ដូចជា​ការព្រមាន​សារ​ថ្មី​ពី​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ ហៅថា​កាត់ WWF ដែល​កំពុង​អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ឱ្យ​វិធានការ​ជាស​កល​បន្ទាន់ ដើម្បី​ប្រយុទ្ធ​នឹង​កត្តា​ចម្បងៗ ដែលជា​ដើមចម​នាំឱ្យ​ផ្ទុះ​ជំងឺ​ថ្មីៗ​ទៀត នាពេល​អនាគត​។​

 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​WWF នៅ​ថ្ងៃទី​២៤​មិថុនា ឆ្នាំ​២០២០ កន្លងមក​មាន អ្នកវិទ្យាសាស្ត្រ និង​អ្នកដឹកនាំ​ធំៗ​ផ្នែក​គំនិត ធ្លាប់​បព្រមាន​ជាច្រើនលើក​-​ច្រើនសារ​មកហើយ អំពី​ហានិភ័យ​នឹង​អាច​ផ្ទុះ​ជំងឺឆ្លង​រាលដាល​ទូទាំង​ពិភពលោក​។ WWF បាន​លើកឡើងថា កាលពី​ជាង​១០​ឆ្នាំមុន វេទិកា​សេដ្ឋកិច្ចពិភពលោក​(WEF) បានដាក់​ចំណាត់ថ្នាក់​«​ការ​រាលដាល​ជំងឺ និង​ការ​ឆ្ល​មេរោគ នៅក្នុង​ចំណោម​ហានិភ័យ​កំពូល​លំដាប់​សកល ដែល​បង្ក​ការគំរាមកំហែង​ស្រួចស្រាល​ដល់​ជីវិត​មនុស្ស​»​។ 
 
​ជាមួយគ្នានេះ​ផងដែរ អង្គការ​WWF បាន​បង្ហាញថា វិបត្តិ​បង្កដោយ​ជំងឺ​កូ​វីដ​-១៩(COVID-19) ត្រូវតែមាន​ការផ្លាស់ប្តូ​រ​ជា​លក្ខណៈ​ប្រព័ន្ធ ដើម្បី​ដោះស្រាយ​កត្តា​ចលករ​ដែលនាំឱ្យ​មានកា​រ​រាលដាល​ជំងឺ​ជាស​កល​។ ព្រោះ សំណួរ​នៅ​បន្ត​ចោទឡើង​ថា តើ​ជំងឺ​កូ​វីដ​-១៩​មាន​ប្រភពដើម​ពិតប្រាកដ​មកពីណា​? ប៉ុន្តែ​ភ័ស្តុតាង​ដែលមាន​ស្រាប់​បាន​ចង្អុល​ឆ្ពោះទៅ មេរោគ​ឆ្លង​រវាង​សត្វ​និង​មនុស្ស មានន័យថា ជាការ​ចម្លង​ពីស​ត្វ​ទៅ​មនុស្ស​។​
 
«​យើង​ត្រូវតែទទួលស្គាល់​ភ្លាមៗ​នូវ​ចំណង​ទំនាក់ទំនង​គ្នា​រវាង​ការបំផ្លិចបំផ្លាញ​ធម្មជាតិ និង​សុខភាព​មនុស្សជាតិ​។ បើ​ពុំ​ដូច្នោះ​ទេ យើង​នឹង​ឃើញ​ការ​ផ្ទុះឡើង​នូវ​ជំងឺឆ្លង​ដែល​រាលដាល ជា​សកល​លើក​ក្រោយ ជាមិនខាន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ារ​កូ លាំ​ប៊ឺ​ទី​នី អគ្គនាយក​នៃ​អង្គការ​WWF  ដោយបាន​អំពាវនាវ​ដល់​ប្រទេស​ក្នុង​ពិភពលោក​ដូច្នេះ​៖«​យើង​ត្រូវតែ​នាំគ្នា​ទប់ស្កាត់​ការជួញដូរ និង​ការបរិភោគ​សត្វព្រៃ ដែលមាន​ហានិភ័យ​ខ្ពស់​។ បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​បំប្លែង​ដីព្រៃ ព្រមទាំង​ធានា​ការគ្រប់គ្រង​ផលិតកម្ម​ស្បៀងអាហារ​ឱ្យមាន​ចីរភាព​»​។​
 
​លោក​អគ្គនាយក​នៃ​អង្គការ​WWF   បាន​អះអាងថា​រដ្ឋាភិបាល​ប្រទេស​នីមួយៗ អនុវត្ត​ចាត់ការ​ទាំងនោះ​នឹង​ជួយ​បង្ការ​ការចម្លង​ភ្នាក់ងារ​បង្ក​ជំងឺ​ទៅដល់​មនុស្ស​។ លើសពីនេះទៅទៀត​នឹង​ជួយ​ឆ្លើយតប​ទៅនឹង​ហានិភ័យ​សកល​ផ្សេងៗ ទៀត​ដល់​សង្គមជាតិ​នីមួយៗ ដូចជា ការបាត់បង់​ជីវៈចម្រុះ និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​៕ 
 
 

Tag:
 សត្វព្រៃ​
  ជំងឺឆ្លង​
© រក្សាសិទ្ធិដោយ thmeythmey.com