កីឡាជាតិ
ជាតិ
ឃួន ឡាបូរ៉ាវី៖ វិន័យ និងកាត់បន្ថយដើរលេងយប់ ជាកាតព្វកិច្ចចម្បង ដើម្បីក្លាយជាកីឡាករអាជីពល្អម្នាក់
× ក្រៅតែពីសមត្ថភាព វិន័យជាការងារសំខាន់ចម្បងបំផុត ដើម្បីវិវត្តន៍ខ្លួនឲ្យក្លាយជាកីឡាករល្អមួយរូប លោក ឃួន ឡាបូរ៉ាវី អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិកម្ពុជា និងក្លិបបឹងកេត បានអះអាងដូច្នេះក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ដោយលោកសង្កត់ធ្ងន់ថា ក្នុងនាមជាកីឡាករអាជីពម្នាក់ ត្រូវតែមានការគោរពវិន័យលើការហ្វឹកហាត់ ការរស់នៅប្រចាំថ្ងៃ ជាពិសេសកាត់បន្ថយការសប្បាយពេលយប់ឲ្យបានច្រើន។
បូរ៉ាវី សព្វថ្ងៃជាមន្ត្រីបច្ចេកទេសទទួលបន្ទុកផ្នែកអភិវឌ្ឍន៍យុវជន របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងជាគ្រូកីឡាករថ្នាល់ចាប់ពីក្រោមអាយុ១៤ឆ្នាំ (Academy) របស់ក្លិបកីឡាបាល់ទាត់បឹងកេតផងដែរ។ ការងារខាងលើ គឺអតីតសមាជិកក្រុមព្រះខ័ណ្ឌរាជ (បច្ចុប្បន្ន ព្រះខ័ណ្ឌរាជាស្វាយរៀង) រូបនេះ ទទួលបានក្រោយលោកបញ្ចប់អាជីពជាកីឡាករបាល់ទាត់។
«និយាយទៅ ក្នុងនាមជាកីឡាករមួយរូប និងជាមនុស្សរស់នៅក្នុងសង្គមមួយ សំខាន់ដំបូងបង្អស់គឺត្រូវមានវិន័យសម្រាប់ខ្លួនឯង ហើយដើម្បីធ្វើឲ្យខ្លួនជោគជ័យ គឺត្រូវតែមានវិន័យនេះ។ កីឡាករគ្រប់រូបត្រូវមានគោលដៅឲ្យច្បាស់លាស់ និងមានការលះបង់ខ្ពស់លើពេលវេលាផ្ទាល់ខ្លួន ដូចជាការសប្បាយពេលយប់ ដែលគួរចៀសវាង និងកាត់បន្ថយឲ្យបានច្រើន»។ នេះជាការណែនាំរបស់ បូរ៉ាវី ដែលធ្លាប់ឆ្លងកាត់បទពិសោធលើវាលស្មៅអស់រយៈពេល១២ឆ្នាំ ចែករំលែកទៅដល់កីឡាករបាល់ទាត់ជំនាន់ក្រោយដទៃទៀត។
ក្នុងវ័យ៣១ឆ្នាំ អតីតកីឡាករមកពីខេត្តកំពង់ចាម និងជាម្ចាស់ស្បែកជើងមាស (អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ) ៥ជំនាន់ (Hun Sen Cup ៤សម័យ និង លីគកំពូលកម្ពុជា១លើក)បន្ថែមថា អាជីពជាកីឡាករបាល់ទាត់ គឺមានរយៈពេលខ្លី ដូច្នេះកីឡាករនីមួយៗគួរយកពេលវេលានេះ ផ្តោតលើជំនាញ និងពង្រឹងសមត្ថភាពខ្លួនឲ្យបានខ្លាំងក្លា ប្រសិនពួកគេពិតជាស្រឡាញ់អាជីពមែន។
លើសពីនេះទៀតនោះ បូរ៉ាវី ដែលធ្លាប់ទៅប្រកបអាជីពជាមួយលីគកម្រិតទី៤ថៃ Surat Thani កាលពីឆ្នាំ២០១៨នោះ ក៏បានមើលឃើញពីផលវិជ្ជមានជាច្រើន សម្រាប់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ ក្នុងការឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម (Sea Games) ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិរៀបចំធ្វើម្ចាស់នោះ។ រ៉ាវី បញ្ជាក់ថា សម្រាប់គោលដៅរបស់សហព័ន្ធក្រោមការដឹកនាំរបស់លោកសៅ សុខា ព្រឹត្តិការណ៍កីឡាតំបន់អាស៊ានលើកទី ៣២ កម្ពុជា គ្រោងដណ្តើមយកមេដាយមាស មិនមែនត្រឹមប្រាក់ ឬ សំរឹទ្ធនោះឡើយ៕
Tag:
ឃួន ឡាបូរ៉ាវី
ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com