COVID-19
ជាតិ
សង្គមជាតិ
កម្មករ​ផ្នែក​កម្សាន្ត តវ៉ា​នៅមុខ​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​រដ្ឋាភិបាល ផ្ដល់ប្រាក់​៤០​ដុល្លារ​ក្នុង​មួយខែ
25, Jun 2020 , 11:01 am        
រូបភាព
​ភ្នំពេញ​៖ កម្មករ​សេវាកម្ម​កម្សាន្ត បាន​បន្ត​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ឱ្យ​ផ្ដល់ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​ក្នុង​មួយខែ ជា​លើក​ទី​៣ ។ កម្មករ​ទាំងនោះ កំពុង​ប្រមូលផ្ដុំ​ទាមទារ នៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៥ មិថុនា​នេះ​។​



«​កម្មករ​សេវាកម្ម​កម្សាន្ត​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ដូចគ្នា សូម​រដ្ឋាភិបាល​ផ្ដល់ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​ដល់ក​ម្មករ​សេវាកម្ម​កម្សាន្ត យើងខ្ញុំ​មិន​ជឿថា សម្ដេច ទុក​យើងខ្ញុំ​ចោល​ឡើយ​»​។ នេះ​ជា​សំណេរ​លើ​បដា ដែល​កម្មករ​សេវាកម្ម​កម្សាន្ត ទទូច​អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ពួកគេ តាម​ការស្នើសុំ​។​
 
​ក្នុង​ញត្តិ​ដែល​កម្មករ​សេវាកម្ម​កម្សាន្ត បានដាក់​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​នោះ បាន​រៀបរាប់ថា បច្ចុប្បន្ន​កម្មករនិយោជិត កំពុង​ជួបប្រទះ​ជីវភាព​ខ្វះខាត ជាពិសេស​ការផ្គត់ផ្គង់​លើ​សេចក្តីត្រូវការ​ជា​មូលដ្ឋាន ដូចជា ថ្លៃ​បន្ទប់​ជួល ទឹក ភ្លើង និង​ម្ហូបអាហារ​ប្រចាំថ្ងៃ​ជាដើម ចាប់តាំងពី​រដ្ឋ​ប្រកា​សបិទ​ការងារ​បណ្ដោះអាសន្ន​។​ បន្ទាប់ពីដាក់ញត្តិនៅគណៈរដ្ឋមន្រ្តីរួចហើយ ពួកគេ បានបន្តយកញត្តិនោះ ទៅដាក់នៅក្រសួងការងារនិងក្រសួងកិច្ចការនារីផងដែរ។ 


 
​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា បាន​សរសេរ​ក្នុង​លិខិត​ដាក់ជូន​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ​ថា​៖«​កម្មករ​សេវាកម្ម​កម្សាន្ត​ដែល​កំពុង​បាត់បង់​ការងារ​នាពេល​បច្ចុប្បន្ននេះ បាន​ព្យាយាម​ស្វែងរក​ការងារ​ធ្វើ​ណាស់ តែ​រក​មិនបាន ហើយ​សឹងតែ​រកលុយ​ទិញ​ម្ហូប​ហូប​មិនបាន​ផង​។ ចំណែកឯ​ថ្លៃឈ្នួល​ផ្ទះ​វិញ គិត​ក្នុងតម្លៃ​ពេញ​ថ្លៃ​។ ស្ថិតនៅក្នុង​ស្ថានភាព​រី​ក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែលនាំឱ្យ​កន្លែង​ការងារ​របស់​ពួកគាត់​ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន ពួកគាត់​ទឹង​១៦៩​នាក់ សូម​ស្នើ​យ៉ាងទទូច ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ដោះស្រាយ​នូវ​សេចក្តីត្រូវការ​ជាបន្ទាន់​របស់​ពួកគាត់​»​។​
 
​តាម​លិខិត​ដដែល បាន​បញ្ជាក់ថា កម្មករ​សេវាកម្ម​កម្សាន្ត​ទាំង​១៦៩​នាក់ បាន​ស្នើឱ្យ​រដ្ឋាភិបាល​គាំពារ​ជាក់លាក់ ដោយ​ផ្ដល់ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​លើ​ការចំណាយ​ប្រចាំថ្ងៃ ម្ហូបអាហារ​ក្នុងស្ថានភាព​នេះ រហូតដល់​មានការ​ប្រកាស​ឱ្យ​ការបើក​ដំណើរការ​កន្លែង​សេវាកម្ម​កម្សាន្ត​ឡើងវិញ​។ មិនតែប៉ុណ្ណោះ កម្មករ​ទាំងនោះ ក៏​ស្នើឱ្យ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ដល់​ម្ចាស់​ផ្ទះជួល ឱ្យ​បន្ធូរ​បន្ថយថ្លៃ​ជួល​ផ្ទះ ក្នុងអំឡុងពេល​ខារ៉ាអូខេ និង​ទីតាំង​កម្សាន្ត បិទទ្វា​បណ្ដោះអាសន្ន ដើម្បី​បញ្ចៀស​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។​


 
​កម្មករ​សេវាកម្ម​កម្សាន្ត បាន​សរសេរ​ក្នុង​បដា​សុំ​អន្តរាគមន៍​ពីស​ម្ដេច ហ៊ុន សែន ដូច្នេះ​ថា​៖«​ជំនួយ​ឧបត្ថម្ភ​ជា​អាយុជីវិត​របស់ខ្ញុំ សូម​រាជរដ្ឋាភិបាល​កុំ​ទុក​កម្មករ​វិស័យ​សេវា​កម្សាន្ត​ចោល​»​។​
​កន្លងមក​កម្មករ​សេវា​កម្មករ​កម្សាន្ត តាមរយៈ​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា បានដាក់​ញត្តិ​ទាមទារ​ចំនួន​២​លើក​ហើយ ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជូន​ពួកគេ តាម​ការស្នើសុំ​ខាងលើនេះ​។ ប៉ុន្តែ​ខាង​ក្រសួង​ការងារ មិនបាន​ឆ្លើយតប​តាម​ការស្នើសុំ​ឡើយ​។ នេះ​បើតាម​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​។​


 
បើតាមលិខិតឆ្លើយតបរបស់រដ្ឋមន្រី្តក្រសួងការងារ លោក អ៊ិត សំហេង ទៅប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា កាលពីថ្ងៃទី១៥ មិថុនា បានលើកឡើងពីគោលការណ៍របស់រដ្ឋាភិបាល ក្នុងការជួយដល់ពលរដ្ឋក្រីក្រ តាមកម្មវិធីជំនួយសង្គម និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។ កម្មវិធីជំនួយសង្គមនេះ មានកញ្ចប់ជំនួយ «កម្មវិធីសាច់ប្រាក់ពលកម្ម» ដែលមានទំហំថវិកា១០០លានដុល្លារ ដើម្បីបង្កើតសមិទ្ធផលសង្គម-សេដ្ឋកិច្ច តាមការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតូចៗនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ រដ្ឋាភិបាលកំពុងគិតគូរកម្មវិធីជំនួយសង្គមឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងរងគ្រោះដោយជំងឺកូវីដ-១៩។

អត្ថបទទាក់ទង
 
 
 
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មើលឃើញថា ក្រសួងការងារហាក់គ្មានដំណោះស្រាយឡើយ ដោយឆ្លើយតបខុសពីការស្នើសុំ ពោលគឺឲ្យកម្មករសេវាកម្សាន្តស្វែងរកការងារថ្មីធ្វើ តាមរយៈទីភ្នាកងារជាតិមុខរបរ និងការងារទៅវិញ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗអ្នកស្រី ទេពផល្លីន បន្ថែមថា៖ «កម្មករសេវាកម្មកម្សាន្តភាគច្រើនគ្មានចំណេះដឹងនិងជំនាញច្រើនទេ ជាហេតុធ្វើឲ្យពួកគាត់ពិបាករកការងារថ្មី។ លើសពីនេះ វិស័យការងារនៅកម្ពុជាចង្អៀត ទើបធ្វើពួកគាត់ស្ថិតក្នុងស្ថានភាពលំបាក»។ 
 
អ្នកស្រី ទេពផល្លីន អះអាងថា កម្មករសេវាកម្មកម្សាន្ត នឹងបន្តទាមទារទៅក្រសួងពាក់ព័ន្ធបន្តទៀត ដើម្បីឲ្យមានដំណោះស្រាយសមស្រមណាមួយ តាមការស្នើសុំរបស់ពួកគេ៕
 









Tag:
 COVID-19
  កម្មករ​ផ្នែក​កម្សាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com