ជាតិ
ព្រំដែន
អភិបាលខេត្តកណ្តាល៖«យើង បានរម្លឹកវៀតណាមបន្តបន្ទាប់ ឲ្យរើតង់ចេញ»
25, Jun 2020 , 12:40 pm        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា លោក ក៏ដូចជារដ្ឋបាលខេត្តរបស់លោក កំពុងប្រឹងប្រែងធ្វើកិច្ចការតាមផ្លូវច្បាប់និងផ្លូវរដ្ឋបាល ដើម្បីឲ្យអាជ្ញាធរខេត្តអានយ៉ាង ប្រទេសវៀតណាម រុះរើតង់យោធាទាំងអស់ចេញវិញ ដែលបានមកបោះ ក្នុងតំបន់មិនទាន់ឯកភាព នៅតាមព្រំដែន។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ អភិបាលខេត្តកណ្តាល បញ្ជាក់ដូច្នេះថា៖«យើង ព្យាយាមរម្លឹកគាត់ជាបន្តបន្ទាប់។ អ៊ីចឹងទេ ខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា ក្រោមកិច្ចសហប្រតិបត្តិការល្អយូរអង្វែងមកហើយក្នុងការងារព្រំដែនរវាងខេត្តកណ្តាលនិងអានយ៉ាង ពេលធូរស្បើយបញ្ហាកូវីដ នៅខាងមុខដ៏ខ្លីនេះ ភាគីវៀតណាមនឹងរុះរើ [តង់] ទាំងស្រុង»។

លោក អះអាងថា តង់ទាំងអស់ មាន៣១ ដែលយោធាវៀតណាម បោះចូលមកក្នុងតំបន់មួយចំនួន ក្នុងទឹកដីខេត្តកណ្តាល ហើយតំបន់ទាំងនោះ មិនទាន់ឯកភាពជាមួយគ្នា ក្នុងការបោះបង្គោលខណ្ឌសីមានៅឡើយ។ លោក បន្តថា យោធាវៀតណាម បោះតង់ទាំងនោះ ដោយឯកតោភាគី ពោលគឺ មិនមានឯកភាពពីភាគីកម្ពុជា។ លោក បន្ថែមថា ភាគីវៀតណាម បានរុះរើតង់៧ចេញហើយ ដោយនៅសល់២៤ទៀត។

ក្នុងពិធីសំណេះសំណាលជាមួយកងការពារព្រំដែនលេខ៦០១ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា លោកអភិបាលខេត្ត បានប្រាប់ទៅកងកម្លាំងនិងអាជ្ញាធរពាក់ព័ន្ធ នៅតាមព្រំដែន ឲ្យហាមឃាត់ទាំងភាគីកម្ពុជាខ្លួនឯងនិងភាគីវៀតណាម កុំឲ្យសាងសង់សំណង់នានា នៅតំបន់មិនទាន់ឯកភាព។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែងថា កម្ពុជា នៅតែទាមទារឲ្យវៀតណាម រុះរើតង់ទាំងអស់ចេញវិញ។ សារព័ត៌មាន VOD បានស្រង់សម្តីរបស់លោក កុយ គួង កាលពីថ្ងៃទី២៣ ខែមិថុនា ទៅសរសេរដូច្នេះថា៖«ជំហររបស់យើងគឺ ស្នើឲ្យវៀតណាម ត្រូវតែរុះរើតង់ចេញពីតំបន់ដែលមិនទាន់មានការកំណត់ព្រំដែនច្បាស់លាស់ហ្នឹង។ យើងមិនទាន់បានកំណត់ពេលទេ ប៉ុន្តែ យើងស្នើឲ្យភាគីវៀតណាមរើចេញឲ្យបានឆាប់»។

កន្លងមក ក្រសួងការបរទេសកម្ពុជា បានអញ្ជើញឯកអគ្គរដ្ឋទូតវៀតណាម ទៅជួបពិភាក្សា និងស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងនោះចេញឲ្យបានឆាប់។ លើសពីនេះ ក្រសួងការបរទេសកម្ពុជា ក៏ធ្លាប់ធ្វើកំណត់ទូត ទៅកាន់ស្ថានទូតវៀតណាមប្រចាំកម្ពុជាដែរ ដើម្បីស្នើឲ្យរុះរើតង់ទាំងនោះ។ ស្ថានទូតវៀតណាម បានធ្វើកំណត់ទូតមកវិញ​ ដោយសន្យាថា ភាគីវៀតណាម នឹងរុះរើតង់ទាំងនោះវិញ។ 

យោធាវៀតណាម បានបោះតង់ទាំង៣១នោះ តាំងពីអំឡុងខែមីនា ឆ្នាំ២០២០។ កាលថ្ងៃទី២៩ ខែមេសា អភិបាលខេត្តកណ្តាល បានសរសេរលិខិតជូនទៅខេត្តអានយ៉ាង ដើម្បីសុំឲ្យរុះរើតង់ទាំងនោះ ដែលបានបោះតាមបណ្តោយខ្សែព្រំដែនប្រទេសទាំងពីរ ស្ថិតក្នុងតំបន់មិនទាន់មានការឯកភាពគ្នាលើខណ្ឌសីមានិងការបោះបង្គោល។

នៅថ្ងៃទី១៣ ខែឧសភា លោក ង្វៀន ថាញ់ ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានផ្ញើលិខិតជូនមកលោក គង់ សោភ័ណ្ឌ វិញ ដោយលើកហេតុផលថា ការដែលវៀតណាមបោះតង់តាមបណ្តោយខ្សែព្រំដែន គឺដើម្បីទប់ស្កាត់ការធ្វើដំណើរចូលទៅវៀតណាម ដែលអាចបង្កការឆ្លងជំងឺកូវីដ១៩។ ក្នុងលិខិតនោះ ភាគីវៀតណាម ប្រាប់អភិបាលខេត្តកណ្តាលថា ការបោះតង់ទាំងនោះ គឺគ្រាន់តែជាការងារបណ្តោះអាសន្ន។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ កម្ពុជានិងវៀតណាម បានសម្រេចបើកច្រកវិញហើយ ដោយអនុញ្ញាតឲ្យពលរដ្ឋប្រទេសទាំងពីរ អាចធ្វើដំណើរចេញចូលបាន ដោយគ្រាន់តែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលប្រទេសទាំងពីរ។ ដូច្នេះ គេ មិនយល់ថា ហេតុអ្វីបានជាភាគីវៀតណាម មិនទាន់សម្រេចរុះរើតង់ដែលនៅសេសសល់នោះចេញ?

មិនមែនតែតាមព្រំដែនខេត្តកណ្តាលទេ នៅតាមព្រំដែនខេត្តតាកែវ ក៏យោធាវៀតណាម បានបោះតង់ដែរ ហូតដល់ទៅ៨៣តង់ឯណោះ ក្រោមហេតុផលដូចគ្នាថា ដើម្បីទប់ស្កាត់ការធ្វើដំណើរចេញចូល ព្រោះបារម្ភការរាលដាលជំងឺកូវីដ-១៩។ តែតង់ទាំងនោះ យោធាវៀតណាម មិនបោះចូលមកក្នុងទឹកដីខេត្តតាកែវឡើយ ពោលគឺ តង់ទាំងនោះ ស្ថិតក្នុងទឹកដីវៀតណាម។

លោក អ៊ួច ភា អភិបាលខេត្តតាកែវ មិនបានផ្តល់ចម្លើយថា ពេលនេះ ភាគីវៀតណាម បានរើតង់ទាំងនោះចេញវិញឬក៏នៅ។ លោក ប្រាប់សារព័ត៌មានថ្មីៗ យ៉ាងខ្លីថា លោក កំពុងតែតាមដាននិងធ្វើបច្ចុប្បន្នភាពពីរឿងនេះ។

នៅឆ្នាំ២០១៩ កម្ពុជានិងវៀតណាម បានប្រកាសរួមគ្នា ពីការសម្រេចបានជោគជ័យ៨៥ភាគរយ លើការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ប្តេជ្ញារួមគ្នាថា នឹងខិតខំពន្លឿនដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់១៦ភាគរយ ឲ្យឆាប់បានរួចរាល់។

តង់យោធាវៀតណាមទាំង៣១ ដែលបោះចូលមកទឹកដីខេត្តកណ្តាល គឺស្ថិតក្នុងតំបន់មួយចំនួន ក្នុងចំណោមតំបន់មិនទាន់ឯកភាពប្រមាណ១៦ភាគរយនោះឯង៕

Tag:
 គង់ សោភ័ណ្ឌ
  ព្រំដែន
  តង់វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com