អន្តរជាតិ
លោក ត្រាំ ថា ទ័ព​អាមេរិក​ដែល​ដក​ពី​អាល្លឺម៉ង់ នឹងត្រូវ​ពង្រាយ​ខ្លះ​នៅ​ប៉ូឡូញ​ដែលជា​ប់​រុស្ស៊ី​
25, Jun 2020 , 1:22 pm        
រូបភាព
ប្រធានាធិបតីប៉ូឡូញ និងប្រធានាធិបតីអាមេរិកនៅសេតវិមាន។ រូបភាព AFP
ប្រធានាធិបតីប៉ូឡូញ និងប្រធានាធិបតីអាមេរិកនៅសេតវិមាន។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែមិថុនា និយាយថា កងទ័ព​មួយផ្នែក​នៃ​ទាហាន​អាមេរិក​ដែល​ដក​ពី​អាល្លឺម៉ង់ នឹងត្រូវ​បញ្ជូន​ទៅកាន់​ប៉ូឡូញ​ដែលមាន​ព្រំដែន​ជាប់​រុស្ស៊ី​។ លោក ត្រាំ ប្រកាស​បែបនេះ​នា​ជំនួប​នៅ​សេត​វិមាន​ជាមួយ​សម​ភាគី​ប៉ូឡូញ​ដែល​បង្ហាញ​ការសប្បាយ​ចិត្ត​ចំពោះ​កា​រស​ម្រេ​ចិត្ត​បែបនេះ​។ លោក ត្រាំ ចាត់ទុក​ការពង្រាយ​ទ័ព​នៅ​ប៉ូឡូញ ជា​សារ​ផ្ញើ​ដ៏​ខ្លាំងក្លា​មួយ​ទៅកាន់​រុស្ស៊ី​ផងដែរ​។

 
​លោក ដូ​ណា​ល់ ត្រាំ បាន​ស្វាគមន៍​ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda នៅ​សេត​វិមាន បើទោះជា​បញ្ហា COVID-19 បន្ត​រាលដាល​ក្ដី​។ ការពង្រឹង​ជំនួយ​យោធា​អាមេរិក​លើ​ប៉ូឡូញ​ជា​គោលដៅ​សំខាន់​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Duda ដែល​ធ្វើឡើង​បួន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ប៉ូឡូញ​។ 
 
 
​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​បន្ទប់​ពងក្រពើ​ក្នុងជំនួប​ជាមួយ​លោក Duda លោក ត្រាំ ក៏​និយាយ​ដល់​ការដក​ទ័ព​ពី​អាល្លឺម៉ង់​។ ប្រធានាធិបតី​អាមេរិក​និយាយថា អាមេរិក នឹង​ដកទ័ព​ពី​អាល្លឺម៉ង់​ពី​៥២០០០​នាក់ មក​ត្រឹម​២៥០០០​នាក់​វិញ​។ មូលហេតុ​នៃ​ការដក​នេះ ត្រូវបាន​លោក ត្រាំ អះអាងថា ដោយសារ​ទីក្រុង​បែរ​ឡាំង​មិន​ព្រម​បង្កើន​វិភាគទាន​របស់ខ្លួន​សម្រាប់​ណា​តូ និង​ការ​កេងចំណេញ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។​
 
«​កងទ័ព​ខ្លះ នឹង​ត្រឡប់ទៅផ្ទះ​វិញ ហើយ​ខ្លះទៀត​ទៅ​កន្លែង​ផ្សេង​។ ប៉ួ​ឡូញ ក៏​ស្ថិត​ក្នុងចំណោម​នោះដែរ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ លោក Duda វិញ សប្បាយចិត្ត​មិន​ស្ទើរ​ឡើយ ដោយ​និយាយថា នេះ​ជាការ​សម្រេចចិត្ត​ដ៏​សម​ហេតុផល​។ មេដឹកនាំ​ប៉ូឡូញ​រូបនេះ បាន​ទម្លាយ​ដែរ​ថា លោក​បានស្នើ​ឲ្យ​លោក ត្រាំ កុំ​ដក​យោធា​អាមេរិក​ចេញពី​អឺរ៉ុប ព្រោះ​អឺរ៉ុប​សំខាន់​ណាស់​សម្រាប់​ប៉ូឡូញ​។​
 
​នៅពេល​អ្នកសារព័ត៌មាន​សួរថា ការពង្រាយ​កម្លាំង​ទៅ​ប៉ូឡូញ​បែបនេះ​មានន័យ​យ៉ាងណា​សម្រាប់​រុស្ស៊ី លោក ត្រាំ ក៏​ចាត់ទុក​ការពង្រាយ​ទ័ព​នេះ ជា​សញ្ញា​ដ៏​ខ្លាំង​សម្រាប់​គូប្រជែង​របស់​ណា​តូ​។ លោក ត្រាំ មិនបាន​បញ្ជាក់​ពី​ចំនួន​ទ័ព ឬ​យុទ្ធោបករណ៍​ដែល​ផ្ទេរ​ពី​អាល្លឺម៉ង់​ទៅ​ប៉ូឡូញ​ឡើយ​។ ប៉ុន្តែ​សារព័ត៌មាន​ក្នុងស្រុក​ប៉ូឡូញ Dziennik Gazeta Prawna ផ្សាយ​ថា យន្តហោះ​F-16 ៣០​គ្រឿង​ដែល​នៅ​អាល្លឺម៉ង់ និង​ទាហាន​២​ពាន់​នាក់ អាច​ពង្រាយ​នៅ​ប៉ូឡូញ​វិញ​។​
 
​បើ​សម្ដី​លោក ត្រាំ ក្លាយជា​ការពិត ការប្រឈមមុខ​រវាង​រុស្ស៊ី និង​ណា​តូ នឹង​តានតឹង​កាន់តែខ្លាំង​មិន​ខាន​។ កន្លងទៅ សម្ព័ន្ធ​យោធា​ណា​តូ ធ្លាប់​សន្យាថា ខ្លួន​នឹងមិន​ពង្រាយ​កងទ័ព​អចិន្ត្រៃយ៍​នៅ​ព្រំដែន​ជាមួយ​រុស្ស៊ី​ឡើយ​។ យ៉ាងណាមិញ នៅពេល​ការប្រឈមមុខ​លេខ​កាន់តែច្បាស់ ណា​តូ ក៏​ចាប់ផ្ដើម​ចល័ត​ទ័ព​ចុះ​ឡើយ​នៅតាម​ប្រទេស​ដែលជា​ខ្សែត្រៀម​ជាប់​រុស្ស៊ី​៕
 

Tag:
 អាមេរិក​
  អាល្លឺម៉ង់​
  រុស្ស៊ី​
  ប៉ូឡូញ
© រក្សាសិទ្ធិដោយ thmeythmey.com