COVID-19
អន្តរជាតិ
ដោះស្រាយ COVID-19 បានល្អ បក្សកាន់អំណាចម៉ុងហ្គោលី ឈ្នះការបោះឆ្នោតសភាភ្លូកទឹកភ្លូកដី នាយករដ្ឋមន្រ្តីម៉ុងហ្គោលី លោក Khurelsukh Ukhnaa បោះឆ្នោត នៅក្នុងទីក្រុងអ៊ូឡង់បាទ័រ។ រូបភាព៖ AFP
× បក្សកាន់អំណាចម៉ុងហ្គោលី ទទួលបាសម្លេងយ៉ាងច្រើនលើសលុបនៅក្នុងសភា។ លោកនាយករដ្ឋមន្ត្រី Khurelsukh Ukhnaa នឹងដឹកនាំរដ្ឋាភិបាលបន្តទៀតក្នុងអាណត្តិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនា។
ផ្អែកលើលទ្ធផលបោះឆ្នោត គណបក្សប្រជាជនម៉ុងហ្គោលី (MPP) បានទទួលសម្លេងឆ្នោតយ៉ាងច្រើនលើសលុបនៅក្នុងសភារបស់ម៉ុងហ្គោលី។ តាមរយៈលទ្ធផលនេះ បក្សកាន់អំណាចទទួលបានកៅអីសភាចំនួន ៦២កៅអី ក្នុងចំណោមកៅអីសរុបចំនួន ៧៦។ ចំណែកគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង ទទួលបានកៅអីចំនួន ១១។ ចំនួននេះ គឺកើនឡើងតែបន្តិចប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ ៩កៅអី។
គណបក្សដែលទទួលបានកៅអីច្រើនជាងគេនៅក្នុងសភា នឹងរៀបចំរដ្ឋាភិបាលមួយ និងជ្រើសរើសនាយករដ្ឋមន្ត្រី។ លោក Khurelsukh Ukhnaa ដែលកំពុងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងបន្តដឹកនាំរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ ដែលជាការបោះឆ្នោតមួយបង្ហាញពីសញ្ញាវិជ្ជមានក្នុងប្រទេសអតីតសមាជិកសហភពសូវៀតកុម្មុយនីស្ត។
ការឈ្នះឆ្នោតក្នុងសម្លេងដ៏ច្រើនរបស់គណបក្សប្រជាជនម៉ុងហ្គោលីបែបនេះ គឺដោយសារលទ្ធផលនៃការគ្រប់គ្រង និងបង្ការ COVID-19 បានល្អ។ បើតាមការអះអាងរបស់លោក Boldsaikhan Sambuu អ្នកវិទ្យាសាស្ត្រនយោបាយនៅក្នុងអង្គការក្រៅរដ្ឋាភិបាលម៉ុងហ្គោលី ភាពជោគជ័យរបស់បក្សកាន់អំណាច គឺកើតចេញពីលទ្ធផលនៃការដោះស្រាយ COVID-19 និងភាពដឹកនាំដ៏ខ្លាំងរបស់ខ្លួនផងដែរ។
កន្លងមកម៉ុងហ្គោលី បានដាក់វិធានការបិទប្រទេស បិទព្រំដែនជាមួយប្រទេសដទៃដូចជាចិនជាដើម បិទសាលារៀន និងសកលវិទ្យាល័យ និងរឹតត្បិតការធ្វើដំណើរចេញពីទីក្រុង ទៅកាន់តំបន់ផ្សេងៗទៀតជាដើម។ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ម៉ុងហ្គោលី មាន COVID-19 សរុបចំនួន ២១៦ករណី មិនមានករណីស្លាប់ និងមានអ្នកជាសះស្បើយចំនួន ១៦៩នាក់។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីម៉ុងហ្គោលី នឹងប្រឈមបញ្ហាថ្មីដូចជា ភាពត្រដាបត្រដួសនៃមុខជំនួញមួយចំនួន ប្រជាជនអត់ការងារធ្វើ និងបាត់បង់ការងារធ្វើ បន្ទាប់ពីរដ្ឋាភិបាលបានចេញវិធានការរឹតត្បិតការធ្វើដំណើរ និងបិទព្រំដែន៕
© រក្សាសិទ្ធិដោយ thmeythmey.com