មិនថារដូវភ្ញៀវតិច ឬរដូវភ្ញៀវច្រើននោះឡើយ លោក ឆែម សាវុង តែងតែមានភ្ញៀវជិះរ៉ឺម៉កកង់បីរបស់ខ្លួនទៅទស្សនារមណីយដ្ឋានអង្គរ ប៉ុន្តែរយៈពេលជាង៣ខែចុងក្រោយ លោកគ្មានចំណូលទាល់តែសោះពីរបរប្រចាំថ្ងៃរបស់ខ្លួន។ លោក សាវុង ក៏ដូចជាអ្នករបរអាជីវកម្មផ្នែកទេសចរណ៍ផ្សេងទៀតនៅខេត្តសៀមរាប បន់ស្រន់ជារៀងរាល់ថ្ងៃឲ្យជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី (កូវីដ-១៩) រលាយសាបសូន្យ ដើម្បីឲ្យស្ថានភាពទេសចរណ៍វិលទៅរកភាពប្រក្រតីឡើងវិញ។
មានវ័យ ៣៥ឆ្នាំ លោក ឆែម សាវុង បានប្រកបរបរដឹកភ្ញៀវទេសចរតាំងពីឆ្នាំ២០០១មក។ លោកបានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា៖ «ចាប់ពីខែមីនា ដល់ខែមិថុនា នេះ បាត់ភ្ញៀវឈឹងតែម្តង។ និយាយឲ្យចំទៅ មិនដែលមានអីចឹងទេ។ ជាទូទៅ បើខែសម្បូរភ្ញៀវ [High Season] ជាមធ្យមក៏ខ្ញុំរកបាន៨០០ដុល្លារដែរក្នុងមួយខែ ហើយបើខែភ្ញៀវតិច [Low Season] យ៉ាងហោចណាស់ក៏បានពី៣០០ ទៅ៤០០ដុល្លារដែរ»។
បច្ចុប្បន្នបុរសដែលមានកូន២នាក់ក្នុងបន្ទុករូបនេះ ងាកទៅចុះឈ្មោះធ្វើជាភ្នាក់ងារដឹកជញ្ជូនម្ហូបអាហារវិញ។ របរបណ្តោះអាសន្ននេះ មិនកាក់កបដូចជារបរដឹកភ្ញៀវទេសចរនោះឡើយ។ តាំងពីចុះឈ្មោះជាភ្នាក់ងារដឹកជញ្ជូនមក លោកទើបដឹកបានប្រមាណ៧លើកប៉ុណ្ណោះ។ ទទួលបានចំណូលស្តួចស្តើងពីរបរថ្មី មិនអាចឲ្យគ្រួសារលោក ទប់នឹងការចំណាយជាមធ្យម៣ម៉ឺនរៀលក្នុងមួយថ្ងៃបាននោះទេ ហេតុនេះលោក អះអាងថា លោកត្រូវបង្ខំចិត្តខ្ចីលុយគេ ដើម្បីមកដោះស្រាយស្ថានភាពគ្រួសារមួយគ្រាសិន។
លោក សាវុង រៀបរាប់ដូច្នេះ៖ «យើងពិបាកដែរ។ យើងខ្ចីលុយពីគេ មកដោះស្រាយចំណាយប្រចាំថ្ងៃ។ កាលពីមុនប្រពន្ធគេកាត់ដេរ គេបានចំណូលគ្រាន់ដែរ តែឥឡូវនេះពិបាក។ លុយខ្ចីគេ គរ គឺគរហើយ ប៉ុន្តែគ្រាន់តែពេលយើងរកលុយបាន យើងបណ្តោះសងគេវិញលឿន។ យើងមិនដឹងថាពេលស្ថានភាពកូវីដ-១៩ ធូរស្រាលឡើយ ហើយបើតាមមើលក៏៦ខែអីទៀតដែរ។ តែបើយូរទៀត ជីវភាពរឹតតែពិបាក»។
រឿងរ៉ាវរបស់លោក សាវុង មិនមែនជាករណីដាច់ដោយឡែកនោះឡើយ។ អ្នកពឹងផ្អែកលើវិស័យទេសចរណ៍ជាច្រើននាក់ទៀត ក៏សុទ្ធប្រឈមនឹងបញ្ហាជីវភាព ដោយសារតែវិបត្តិកូវីដ-១៩ ដូចគ្នាផងដែរ។
លោក វ៉ាត អ៊ិះ ពីរត្ន័ ដែលជាអ្នកគ្រប់គ្រងសណ្ឋាគារផ្កាយប្រាំមួយនៅខេត្តសៀមរាបដែរនោះ ក៏បាត់បង់ប្រាក់ចំណូលប្រមាណ២ខែមកហើយ ដែរពីការងារចម្បងរបស់ខ្លួន។ លោក ថាសណ្ឋាគារលោក បានផ្អាកដំណើរការទាំងស្រុងនៅក្នុងខែឧសភា ហើយបុគ្គលិកខ្លះបានត្រឡប់ទៅស្រុកកំណើត ខ្លះងាកទៅលក់អចលនទ្រព្យ និងដាំបន្លែបង្ការនៅផ្ទះវិញ។ ដោយឡែក លោក ពីរត្ន័ ក៏បានងាកមកលក់ដូរម្ហូបអាហារ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃវិញ ដើម្បីទប់ទល់នឹងស្ថានភាពបច្ចុប្បន្នដែរ។ «រាល់ថ្ងៃខ្ញុំ និងគ្រួសារងាកមកលក់ដូរម្ហូបអាហារ នំបញ្ចុក។ ចំណូលអាចល្អគ្រាន់ ព្រោះយើងគិតថា មនុស្សត្រូវការញ៉ាំរាល់ថ្ងៃ។ អីចឹងមានតែម្អូបអាហារហ្នឹង ដែលអាចគ្រាន់បើ»។
ទោះជាពេលនេះ លោកអាចទប់ទល់នឹងការចំណាយ ក្នុងគ្រួសារដែលមានកូន៣នាក់ និងក្មួយ២នាក់ក្នុងបន្ទុកមែន ប៉ុន្តែប្រសិនបើស្ថានភាពស្ងាត់ភ្ញៀវ នៅតែអូសបន្លាយយូរទៀត លោកក៏ពិបាកដែរ។ លោក ពីរត្ន័ អះអាងថា អាចទប់ទល់បានត្រឹមខែកញ្ញា ឬខែតុលា ប្រសិនបើនៅខែគ្មានភ្ញៀវ ទេសចរដូចបច្ចុប្បន្ន។
កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ដំបូងបំផុតនៅថ្ងៃទី២៧មករា ឆ្នាំ២០១០ លើបុរសជនជាតិចិនវ័យ៦០ឆ្នាំ នៅខេត្តព្រះសីហនុ។ ចំណែកករណីទី២ គឺត្រូវបានរកឃើញនៅខេត្តសៀមរាបតែម្តង គឺនៅថ្ងៃទី៧ ខែមីនា បុរសខ្មែរម្នាក់ ដែលបានឆ្លងពីថៅកែជាជនជាតិជប៉ុន។
កូវីដ-១៩ បានរីករាលដាលកាន់តែច្រើនឡើងៗនៅពាសពេញពិភពលោក និងធ្វើឲ្យប្រទេសជាច្រើន រួមទាំងប្រទេសនៅតំបន់អាស៊ានផង ចេញវិធានរៀងខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺក៏កាចសាហាវនេះ។ ចំណែក កម្ពុជាក៏បានហាមជនបរទេស មកពីប្រទេសអឺរ៉ុបមួយចំនួន រយៈពេលជាង១ខែចូលមកកម្ពុជា ដើម្បីចៀសវាងការរាតដ្បាតនៅក្នុងប្រទេស បន្ទាប់ពីបានអ្នកឆ្លងជាបន្តបន្ទាប់ ហើយភាគច្រើនជាករណីនាំចូល។ ទោះជាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមិនធ្ងន់ធ្ងរ ប៉ុន្តែប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃហាក់មិនធូរស្រាល។ ដូច្នេះស្ថានភាពទេសចរណ៍នៅខេត្តសៀមរាបក៏នៅតែស្ងប់ស្ងាត់ដដែល។
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីអំឡុងខែមេសាថា វិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ទាំងឡាយ នៅទូទាំងប្រទេសត្រូវបានផ្អាកដំណើរការ និងបិទបញ្ចប់អាជីវកម្មចំនួនសរុប ២,៨៦៥ទីតាំង។ នៅខេត្តសៀមរាបវិញ ចាប់តាំងពីដើមឆ្នាំ២០២០មក មានសណ្ឋាគារលំដាប់ផ្កាយចំនួន៨ បានផ្អាកដំណើរការ និងបិទទ្វារជាបណ្ដោះអាសន្ន។
បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរចំនួន ៣៨៦,០៩៣នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ។ ចំនួននេះ គឺធ្លាក់ចុះជាង៦៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ចំណែកចំណូលពីការលក់សំបុត្រក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ គឺបានតែចំនួន១៨,០២១,៣៣៦ដុល្លារ ពោលធ្លាក់ចុះជាង៦៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។
តាមពិតទៅភ្ញៀវទេសចរនៅខេត្តសៀមរាប បានធ្លាក់ចុះបន្តិចម្តងៗ តាំងតែពីពាក់កណ្តាលឆ្នាំ២០១៩មកម្ល៉េះ។ របាយការណ៍ របស់គ្រឹះស្ថានអង្គរបានឲ្យដឹងថា ពេញមួយឆ្នាំ២០១៩ មានភ្ញៀវទេសចរបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ២,២០៥,៦៩៧នាក់ ធ្លាក់ចុះ ១៤,៨៥ភាគរយ ធៀបនឹងឆ្នាំ២០១៨។ ចំណែកចំណូលដែលបានពីការលក់សំបុត្រ មានចំនួន ៩៩,០៨៨,៨៩៤ ដុល្លារសហរដ្ឋអាមេរិក គឺថយចុះ ១៥.០៥ភាគរយ ធៀបនឹងឆ្នាំ២០១៨។
បញ្ហាធ្លាក់ចុះភ្ញៀវជាងកន្លះឆ្នាំ មិនទាន់ភាពប្រសើរផង ស្រាប់តែកម្ពុជា រួមទាំងពិភពលោកទាំងមូលពើបប្រទះនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩។ វិបត្តិ បានថែមបន្ទុករឹតតែធ្ងន់សម្រាប់ប្រតិបត្តិករទេសចរណ៍ និងពលរដ្ឋដែលពឹងផ្នែកលើវិស័យទេសចរណ៍ នៅខេត្តសៀមរាបនេះ។
ដ្បិតតែគេមិនដឹងថា តើវិបត្តិនេះនឹងអូសបន្លាយដល់ពេលណា ប៉ុន្តែពលរដ្ឋដែលពឹងផ្អែកលើវិស័យទេសចរណ៍ ចង់ឲ្យភ្ញៀវទេសចរច្រើនដូចមុនវិញ។
លោក ពីរត្ន័ បញ្ជាក់ដូច្នេះ៖«ចង់បានណាស់ ចង់ឲ្យស្ថានភាពកូវីដ-១៩ ធូរស្រាល ក៏ប៉ន្តែបើយើងបើកទូលាយឲ្យទេសចរណ៍ចូលមកទូលាយពេក ក៏យើងភ័យខ្លាចដែរ ពីព្រោះថាជំងឺហ្នឹងទាល់តែ១៤ថ្ងៃទើបអាចថាមិនមានមេរោគ ហើយករណីមានឆ្លងឡើវិញ វាធ្វើឲ្យស្ថានភាពរឹតតែពិបាកលើសដើម។ អីចឹងបានយើងថា ក្រៗចុះ កុំឲ្យតែឈឺ។ យើងទទួលបាន Flight មកវិញល្អ តែត្រូវតែវិធានការត្រួតពិនិត្យ និងការពារឲ្យល្អដែរ»។
ចំណែកលោក ឆែម សាវុង ក្នុងនាមជាអ្នកពឹងផ្នែកចម្បងលើចំណូលពីវិស័យទេសចរណ៍នេះ ក៏ចង់ឲ្យមានភ្ញៀវទេសចរច្រើនឡើងវិញដែរ។ លោក សាវុង បន្ត៖«មានទេសចរច្រើន មិនមែនតែបានប្រយោជន៍ខ្ញុំម្នាក់ទេ ប៉ុន្តែជួយអ្នកក្នុងវិស័យទេសចរណ៍ទាំងអស់។ សង្ឃឹមថាយើងអាចទាក់ទាញភ្ញៀវមកសៀមរាបវិញក្រោយចប់កូវីដ»។
ទោះស្ថិតក្នុងភាពមិនច្បាស់លាស់នៃវិបត្តិ-១៩ នេះ ប៉ុន្តែក្រសួងទេសចរណ៍ បានស្នើឲ្យប្រតិបត្តករទេសចរណ៍ យកឱកាសនេះរៀបចំស្តារគុណភាពសេវាកម្មរបស់ខ្លួន ដើម្បីត្រៀមជាស្រេចស្វាគមន៍ទេសចរ នៅពេលវិបត្តិកូវីដ-១៩បិទបញ្ចប់៕