អន្តរជាតិ
ខួបទី៧០ការផ្ទុះសង្គ្រាមកូរ៉េ អាមេរិក និងកូរ៉េខាងត្បូងបញ្ជាក់ពីមិត្តភាពរឹងមាំ រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ាក អេស្ពើ និងសមភាគីកូរ៉េខាងត្បូង Jeong Kyeong-doo ។ រូបភាព AFP
× កូរ៉េខាងត្បូង និងអាមេរិក នៅថ្ងៃទី២៥ ខែកក្កដា បានបញ្ជាក់ពីមិត្តភាពរឹងមាំទ្វេភាគី នៅចំខួបទី៧០ថ្ងៃការផ្ទុះសង្គ្រាមកូរ៉េ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៥០ ។ សង្គ្រាមបីឆ្នាំនេះ បញ្ចប់ទៅដោយការបែងចែកឧបទ្វីបកូរ៉េខាងជើង ជាមួយនឹងប្រព័ន្ធដឹកនាំផ្ទុយគ្នាស្រឡះ។ ទាំងអាមេរិក ទាំងកូរ៉េខាងត្បូង បានប្ដេជ្ញាចិត្តការពារសន្តិសុខដែលបានមកទាំងលំបាកនេះ ហើយស្នើឲ្យកូរ៉េខាងជើងគោរពតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកូរ៉េខាងត្បូង។
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៥០ កងទ័ពកុម្មុយនីស្តកូរ៉េខាងជើងដឹកនាំដោយលោក គីម អ៊ីលស៊ុង បានបើកការវាយចូលកូរ៉េខាងត្បូងដែលគាំទ្រដោយអាមេរិក សំដៅបង្រួបបង្រួមកូរ៉េទាំងពីរ។ សង្គ្រាមដ៏បង្ហូរឈាមនេះ បានស្លាប់មនុស្សរាប់លាននាក់ឯណោះ។ សង្គ្រាមបានបញ្ចប់ទៅនៅឆ្នាំ១៩៥៣ ដោយការចុះយុទ្ធសន្តិភាព មិនមែនសន្ធិសញ្ញាបញ្ចប់សង្គ្រាមឡើយ។ ជាលក្ខណៈបច្ចេកទេស កូរ៉េទាំងពីរ ស្ថិតក្រោមលក្ខខណ្ឌធ្វើសង្គ្រាមនៅឡើយមកទល់សព្វថ្ងៃ។
«នៅថ្ងៃនេះក្នុងឆ្នាំ១៩៥០ សម្ព័ន្ធភាពយោធាអាមេរិក និងកូរ៉េខាងត្បូង បានកើតឡើងពីភាពចាំបាច់ ហើយច្របាច់បញ្ចូលដោយឈាម។» នេះជាអត្ថន័យក្នុងសេចក្ដីថ្លែងការណ៍រួមរវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Jeong Kyeong-doo និងសមភាគីអាមេរិក ម៉ាក អេស្ពើ ។ ប្រមុខការពារជាតិទាំងពីរ បានបង្ហាញការដឹងគុណចំពោះការភាពក្លាហានលះបង់របស់យុទ្ធជនក្នុងការការពារប្រជាធិបតេយ្យ វិបុលភាពនៅភាគខាងត្បូង។
បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង យោធាកូរ៉េខាងជើងបាត់បង់ជីវិតចំនួន៥២ម៉ឺននាក់ កូរ៉េខាងត្បូងខ្លួនឯងមាន១៣៧០០០នាក់ និងកងទ័ពអាមេរិក៣៧០០០នាក់។
ខួបទី៧០នៃការផ្ទុះសង្គ្រាមកូរ៉េលើក កើតចំពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េតានតឹងខ្លាំង បន្ទាប់ពីកូរ៉េខាងជើងចាប់ផ្ដើមរករឿងកូរ៉េខាងត្បូងជាថ្មី។ ទីក្រុងព្យុងយ៉ាង បានកម្ទេចអាគារការិយាល័យទំនាក់ទំនងអន្តរកូរ៉េ គំរាមមិនអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៨ ជាមួយកូរ៉េខាងត្បូង និងបញ្ជូនទ័ពចូលតំបន់ព្រំដែនផងដែរ។ ប៉ុន្តែលោក គីម ជុងអ៊ុន ចៅប្រុសលោក គីម អ៊ីលស៊ុង ដែលឈ្លានពានកូរ៉េខាងត្បូងកាលពី៧០ឆ្នាំមុន ស្រាប់តែផ្អាកផែនការយោធាដែលត្រៀមអនុវត្តលើកូរ៉េខាងត្បូងទៅវិញ។
ក្នុងសេចក្ដីថ្លែងការណ៍រួមគ្នា លោក អេស្ពើ និងលោក Jeong បានស្នើឲ្យកូរ៉េខាងជើងគោរពតាមកិច្ចព្រមព្រៀងឆ្នាំ២០១៨ ក៏ដូចជាកិច្ចព្រមព្រៀងនៅសិង្ហបុរីផងដែរ។ នៅសិង្ហបុរី លោក គីម បានឯកភាពជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការបន្ធូរទណ្ឌកម្មដោយអាមេរិក។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ហាក់មិនមានលទ្ធផលផ្លែផ្កាអ្វីឡើយ៕
Tag:
កូរ៉េខាងត្បូង
អាមេរិក
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com