អន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី Goh Chok Tong ប្រកាសចូលនិវត្តន៍ក្រោយធ្វើនយោបាយ៤៥ឆ្នាំ លោក Goh Chok Tong នាយករដ្ឋមន្ត្រីទីពីររបស់សិង្ហបុរី ប្រកាសចូលនិវត្តន៍ពីនយោបាយ។ រូបភាព AFP
× អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Goh Chok Tong នៅថ្ងៃទី២៤ ខែមិថុនា បានប្រកាសលាលែងពីឆាកនយោបាយហើយ ដោយលោកនឹងមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានៅខែក្រោយឡើយ។ វ័យជរា ជាមូលហេតុសំខាន់មួយដែលនាំឲ្យលោក Goh សម្រេចចិត្តលែងប្រឡូកនយោបាយតទៅទៀត។ នាយករដ្ឋមន្ត្រី លី សៀនឡុង បានបង្ហាញការសោកស្ដាយចំពោះការចាកចេញរបស់លោក Goh ។
លោក Goh Chok Tong ប្រឡូកក្នុងឆាកនយោបាយសិង្ហបុរីនៅឆ្នាំ១៩៧៦ ហើយក៏ក្លាយជាប់ឆ្នោតជាសមាជិកសភានៅមណ្ឌល Marine Parade ក្នុងឆ្នាំដដែលនោះ រហូតមកដល់បច្ចុប្បន្ន។ លោក Goh ក្លាយជានាយករដ្ឋមន្ត្រីទីពីររបស់សិង្ហបុរីនៅឆ្នាំ១៩៩០ បន្តពីស្ថាបនិកសិង្ហបុរី លោក លី ក្វាន់យូ រហូតដល់ឆ្នាំ២០០៤ នៅពេលលោកផ្ទេរតំណែងនេះទៅឲ្យលោក លី សៀនឡុង ដែលជាកូនប្រុសបង្កើតលោក លី ក្វាន់យូ ។
ជិត៤៥ឆ្នាំក្នុងនាមជាសមាជិកសភាបក្សកាន់អំណាចសកម្មភាពប្រជាជន លោក Goh ដែលមានវ័យ៧៩ឆ្នាំ បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយហើយ និងមិនចូលប្រជែងកៅអីសមាជិកសភសម្រាប់ការបោះឆ្នោតនៅថ្ងៃទី១០ ខែកក្កដា ខាងមុខឡើយ។ ក្នុងលិខិតផ្ញើទៅលោក លី លោក Goh បញ្ជាក់ថា ការសម្រេចចិត្តលែងប្រឡូកនយោបាយពេលនេះ មិនមែនធ្វើឡើងដោយស្រួលឡើយ គឺលោកបានចំណាយពេលគិតគូរយ៉ាងច្រើន។
«ការផ្ទេរអំណាចដោយរលូន និងជាប្រព័ន្ធ ជាចំណុចគន្លីះសម្រាប់ស្ថិរភាពនយោបាយសិង្ហបុរី។ ខ្ញុំសម្រេចចិត្តចូលនិវត្តន៍ជាសមាជិកសភានៅពេលបច្ចុប្បន្នទាន់ពេលខ្ញុំមានសុខភាពល្អ ហើយអាចផ្ទេរការទទួលខុសត្រូវឲ្យអ្នកបន្តវេនមើលការខុសត្រូវ Marine Parade។» នេះជាសំណេររបស់លោក Goh ទៅកាន់លោក លី នៅថ្ងៃទី២៤ ខែមិថុនា។ បើតាមទូរទស្សន៍ Channel NewsAsia លោក Goh បានប្រគល់កិច្ចការនេះឲ្យលោក Tan See Leng ដែលនឹងប្រជែងកៅអីសមាជិកក្នុងការបោះឆ្នោត។
នាយករដ្ឋមន្ត្រី លី បានទទួលយកការលាលែងរបស់លោក Goh ដោយក្ដីសោកសៅ។ លោក លី ដែលជាអតីតថ្នាក់ក្រោមរបស់លោក Goh បានកោតសរសើរអតីតមេកើយរបស់ខ្លួនចំពោះវិភាគទានក្នុងការកសាងសិង្ហបុរីរហូតមក។ នៅលើបណ្ដាញសង្គម Facebook លោក លី សរសេរដូច្នេះថា៖ «តាងនាមឲ្យប្រជាជនសិង្ហបុរី ខ្ញុំអរគុណលោក Goh ចំពោះការបំពេញភារកិច្ចមួយជីវិតដើម្បីជាតិ និងប្រជាជនរបស់លោក។»
ចំណែកលោក ហេង ស្វីគៀត ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី និងជាបេក្ខជនបន្តតំណែងនាយករដ្ឋមន្ត្រីពីលោក លី ក៏បានបង្ហោះសារអរគុណលោក Goh ដែរ។ អនាគតនាយករដ្ឋមន្ត្រីទីបួនរបស់សិង្ហបុរីរូបនេះប្ដេជ្ញាចិត្តកសាងសិង្ហបុរីដ៏ត្រចះត្រចង់សម្រាប់ប្រជាជន៕
Tag:
សិង្ហបុរី
Goh Chok Tong
© រក្សាសិទ្ធិដោយ thmeythmey.com