COVID-19
អន្តរជាតិ
វៀតណាម នៅតែ​មិនទាន់​ទទួលភ្ញៀវ​ជនបរទេស​វិញ ឯ​ថៃ​ត្រៀម​ទទួល​អ្នកដំណើរ​ខ្លះ​នៅ​ខែក្រោយ​
25, Jun 2020 , 10:59 pm        
រូបភាព
អាកាសយានដ្ឋាន Suvarnabhumi នាទីក្រុងបាំងកក ប្រទេសថៃ។ រូបភាព៖ Xinhua
អាកាសយានដ្ឋាន Suvarnabhumi នាទីក្រុងបាំងកក ប្រទេសថៃ។ រូបភាព៖ Xinhua
​វៀតណាម នៅ​ថ្ងៃទី​២៤ ខែមិថុនា បានប្រកាសថា គ្មាន​គម្រោង​ទទួល​ជនបរទេស​ឡើងវិញ​ទេ ដើម្បី​ទប់ស្កាត់​រលក​ទី​២ នៃ​COVID-19 មកពី​ក្រៅប្រទេស​។  ដោយឡែក​ថៃ នឹង​ទទួល​ក្រុម​ជនបរទេស​មួយចំនួន នៅ​ដើមខែ​កក្កដា​ខាងមុខ ក្នុង​គោលបំណង​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​បិទ​ប្រទេស​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមក​។

 
​បើទោះបីជា​គ្មាន​ករណី​ឆ្លង​នៅក្នុង​ស្រុក អស់​ជាច្រើន​ខែ​ក៏ដោយ គ្មាន​ឡើយ​គម្រោង​ក្នុង​ការបើក​ប្រទេស ដើម្បី​ទទួលភ្ញៀវ​បរទេស មកលេង​កម្សាន្ត​។ តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ ដែល​ត្រូវបាន​បង្ហោះ​នៅលើ​វេ​ប​សាយ​រដ្ឋាភិបាល​វៀតណាម នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​គ្មាន​ហេតុផល​អ្វី​ឡើយ ក្នុងការ​ប្រញាប់​បើក​ប្រទេស​ឡើងវិញ​»​។ ក្នុងន័យនេះ លោក​ចង់​សំដៅថា វៀតណាម មិនទាន់​ត្រៀម​រួចរាល់​ឡើយ​ក្នុងការ​ទទួលភ្ញៀវ​បរទេស​។​
 
​យ៉ាងណាក៏ដោយ គេ​ឃើញ​មាន​ករណី​លើកលែង​មួយចំនួន​ដែល​វៀតណាម បាន​ទទួលយក​ជនបរទេស​។ ករណី​លើកលែង​នេះ គឺ​កម្មករ​ជំនាញ អ្នកជំនាញ និង​អ្នកវិនិយោគ​បរទេស ដែល​ត្រូវ​ត្រលប់មក​វៀតណាម​វិញ​។ ការណ៍​នេះ វៀតណាម ចាំបាច់​ត្រូវតែ​ទទួល​ជនបរទេស​ទាំងនោះ ប៉ុន្តែ​ត្រូវ​ស្ថិតក្រោម​ការតាមដាន​យ៉ាង​ម៉ត់ចត់​បំផុត​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែមិថុនា វៀត​ណា​សមាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៣៥២​ករណី មិនមាន​អ្នកស្លាប់ និង​មាន​អ្នកជា​សះស្បើយ ៣២៩​នាក់​។ 
 
​ដោយឡែក​នៅ​ថ្ងៃទី​២៤ ខែមិថុនា ថៃ​បានប្រកាស​ទទួល​ក្រុម​ជនបរទេស​មួយចំនួន និង​ភ្ញៀវ​បរទេស​ចូលមកក្នុង​ប្រទេស​វិញ បន្ទាប់ពី​គ្មាន​ករណី​ឆ្លង COVID-19 នៅក្នុង​ស្រុក​រយៈ​៣០​ថ្ងៃ​។ ថ្ងៃ​ទទួល​ជនបរទេស​ឡើងវិញ គឺ​នៅ​ថ្ងៃទី​១ ខែកក្កដា​ខាងមុខ​។ 
 
​ជនបរទេស ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលមក​ប្រទេស​ថៃ​វិញ​មានដូចជា អ្នកជំនួញ អ្នកវិនិយោគ បុគ្គលិក​អប់រំ គ្រូបង្រៀន ជនបរទេស​ដែលមាន​សាច់ញាតិ​ជា​ជនជាតិ​ថៃ សិស្ស​និស្សិត​បរទេស អ្នកជំនាញ និង​ភ្ញៀវ​បរទេស​ជាដើម​។ ប៉ុន្តែ​ការអនុញ្ញាត​ឲ្យ​ជនបរទេស​ចូលមក​ប្រទេស​ថៃ​វិញ​នេះ ត្រូវ​ស្ថិតក្រោម​លក្ខខណ្ឌ​មួយចំនួន​។ 
 
​សម្រាប់​អ្នកជំនួញ អ្នកវិនិយោគ បុគ្គលិក​អប់រំ គ្រូបង្រៀន ជនបរទេស​ដែលមាន​សាច់ញាតិ​ជា​ជនជាតិ​ថៃ សិស្ស​និស្សិត​បរទេស អ្នកជំនាញ ពេល​ត្រលប់​មកវិញ ត្រូវ​ចុះឈ្មោះ និង​យល់ព្រម​លើ​វិធាន​ដាក់​ច​ត្តា​ឡី​ស័ក​។ ក្រុម​ជនបរទេស​ទាំងនេះ ត្រូវមាន​ការធ្វើ​តេស្ត​មុន​មកដល់ និង​មកដល់​ប្រទេស​ថៃ ត្រូវមាន​បណ្ណ​ធានា​សុខភាព និង​មានការ​ត្រួតពិនិត្យ​ពី​បុគ្គលិក​ពេទ្យ​។ 
 
​ចំណែក​អ្នកជំនួញ​ដែល​មក​ប្រទេស​ថៃ ក្នុង​រយៈពេល​ខ្លី នឹងមិន​ត្រូវដាក់​ច​ត្តា​ឡី​ស័ក​ទេ ប៉ុន្តែ​នឹងមាន​វិធី​ផ្សេង​ជំនួស​។ ឯ​ភ្ញៀវទេសចរ និង​អ្នក​មក​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ ក៏​ត្រូវគេ​អនុញ្ញាត​ដែរ ប៉ុន្តែ​ជនបរទេស​នៅក្នុង​ក្រុម​នេះ ត្រូវគេ​អនុញ្ញាត​ឲ្យ​តែ​ទៅ​ក្រុង​បាងកក​, ភូ​កេ​ត ,​ហាត​យ៉ៃ ,​ឈៀង​ម៉ៃ​, និង​ឈៀង​រ៉ៃ​ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ថៃ​នឹង ពិចារណា​រក​វិធានការ​ការពារ​លើ​ក្រុម​ចុង​ក្រោយនេះ​បន្ថែមទៀត នៅ​ថ្ងៃទី​២៩ ខែមិថុនា​ខាងមុខ ដោយសារ COVID-19 នៅតែ​ជា​បញ្ហា​បារម្ភ​ដដែល​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែមិថុនា​នេះ ថៃ​គ្មាន​ករណី​ឆ្លង​នៅក្នុង​ស្រុក​រយៈពេល ១​ខែ​ហើយ ខណៈ​ករណី​ឆ្លង​ថ្មី គឺជា​ករណី​ឆ្លង​មកពី​បរទេស ដែល​ស្ថិតក្រោម​ការដាក់​ច​ត្ថា​ឡី​ស័ក​។ តួលេខ​សរុប COVID-19 នៅក្នុង​ប្រទេស​ថៃ​មាន​ចំនួន ៣១៥៨​ករណី អ្នកស្លាប់​មាន​ចំនួន ៥៨​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៣០៣៨​នាក់​៕ 
 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com