កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ក្លាយជាម្ចាស់ពាន Premier League លើកដំបូង ក្រោយរង់ចាំពេល ៣០ឆ្នាំ
× ក្រោយរយៈពេល ៣០ ឆ្នាំ Liverpool បានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលអង់គ្លេស Premier League រដូវកាលនេះដោយស្វ័យប្រវត្តិ បន្ទាប់ពីគូប្រជែង Manchester City ចាញ់ Chelsea ដោយលទ្ធផល ២-១។
ក្រុមរហស្សនាមហង្សក្រហមមានពិន្ទុគ្រប់គ្រាន់ ដោយនាំមុខ Man City ដល់ទៅ២៣ពិន្ទុ ខណៈការប្រកួតផ្លូវការនៅសេសសល់ចំនួន៧លើកទៀត ដើម្បីបញ្ចប់រដូវកាល ២០១៩-២០នេះ។
ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Jurgen Klopp ក្រុម Liverpool អាចឈ្នះពានក្របខណ្ឌកំពូលអង់គ្លេសនេះជាលើកទី១៩ ក្រោយអាក់ខានរយៈពេល៣០ឆ្នាំ ពោលគឺតាំងពីរដូវកាល ១៩៨៩-៩០ និងជាការឈ្នះពានដែលប្តូរឈ្មោះទៅជា Premier League ជាលើកដំបូងផងដែរ។
តាមពិតទៅ Liverpool ត្រូវការឆ្លងកាត់មួយប្រកួតទៀត ដើម្បីសម្រេចថាពួកគេអាចលើកពាននេះបានឬក៏អត់ ប៉ុន្តែដោយសារក្រុមមេឃខៀវបានប្រកួតចាញ់តោខៀវដោយលទ្ធផល ២-១ ទៅហើយ ដូច្នេះអ្វីៗត្រូវបញ្ចប់ត្រឹមនេះ។
ឆ្លងកាត់ការប្រកួត៣១លើក ក្រុមរបស់លោក Klopp មាន៨៦ពិន្ទុ ខណៈ Man City ដែលឈរលេខរៀងទីពីរក្នុងតារាងរកបាន៦៣ពិន្ទុ។ ក្រុមរបស់លោក Pep Guardiola បានខកខានការពារតំណែងជើងឯករបស់ខ្លួននៅរដូវកាលនេះ ប៉ុន្តែពួកគេនៅសល់ឱកាសប្រជែងពាន Champions League បន្តទៀត ស្របពេលក្រុមអង់គ្លេសមួយនេះកំពុងមានប្រៀបលើក្រុម Real Madrid ក្រោយយកឈ្នះក្រុមនៅអេស្ប៉ាញសម្រាប់ជំនួបជើងទី១ក្រៅដីក្នុងលទ្ធផល ២-១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
ដោយឡែក Chelsea បន្ទាប់ពីទទួលបាន៣ពិន្ទុបន្ថែមពីការប្រកួតនេះ បានធ្វើឲ្យពួកគេកាន់តែមានភាពកក់ក្តៅសម្រាប់តំណែង Top 4 ដែលមានការប្រជែងយ៉ាងខ្លាំងក្លាពីសំណាក់ក្រុម Manchester United, Wolves និង Tottenham Hotsppur ជាដើម។ Chelsea រកបាន៥៤ពិន្ទុ នាំមុខ Man Utd និង Wolves ចំនួន៥ពិន្ទុ៕
Tag:
Liverpool
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com