COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ៖​ កាលៈទេសៈ​នៃ​វិបត្តិ​កូ​វីដ​-១៩ មិនមែនជា​ពេលវេលា​ចោទប្រកាន់ និង​ចែក​បក្ខពួក​គ្នា​ឡើយ​
26, Jun 2020 , 10:18 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ បាន​ស្នើឱ្យ​មេដឹកនាំ​ក្នុង​ពិភពលោក កុំ​ចោទប្រកាន់ និង​បែងចែក​បក្ខពួក​គ្នា ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​សម្ដេច ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្រោម​មូលបទ «​ភាព​ស្អិតល្មួ​ត និង​ការឆ្លើយតប​» ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ( Video Conference) នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២៦ មិថុនា​នេះ​។​


​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ក្នុង​បរិបទ​នេះ មេដឹកនាំ​ពិភពលោក ត្រូវតែ​សាមគ្គី​ភាពជា​សាកល​លើ​មូលដ្ឋាន​ពហុភាគី​និយម ជាពិសេស​ក្រោម​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ដើម្បី​ឆ្លើយតប​រួម​ទៅនឹង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ហើយ​មិនមែនជា​ពេលដែល​ត្រូវ​សាចទឹក​ដាក់គ្នា​ទេ​។​
 
«​ជាការ​ពិតណាស់​កាលៈទេសៈ​នេះ មិនមែនជា​ពេលវេលា​ចោទប្រកាន់ រើសអើង និង​បែងចែក​សម្ព័ន្ធមិត្ត​គ្នា ដោយ​ផ្អែកលើ​របៀបវារៈ​នយោបាយ​ណាមួយ​ឡើយ ក្នុងន័យនេះ​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​អាណត្តិ​ធម្មនុញ្ញ​របស់​អង្គការ​សុខភាព​ពិភពលោក កំពុង​ដើរតួនាទី​ស្នូល​ក្នុង​ការដឹកនាំ​ប្រយុទ្ធប្រឆាំង​ជា​សាកល​នៃ​ជំងឺ​រាតត្បាត​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​
 
​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ស្នើឱ្យ​មេដឹកនាំ​ទាំងអស់ រួមគ្នា​គិត​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នៃ​ការ​រាតត្បាត និង​ក្រោយពេល​បញ្ចប់​ជំងឺ​កូ​វីដ​-១៩ ខណៈ​មិនទាន់មាន​វ៉ាក់សាំង​កម្ចាត់​មេរោគ​នេះ​។ សម្ដេច ក៏​ស្នើឱ្យ​ពិភពលោក ចាត់ទុក​វ៉ាក់សាំង​ជា​ទំនិញ​រួម ក្នុងការ​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​។ «​ទន្ទឹមនឹង​ការរង់ចាំ​ភាពជោគជ័យ​នៃ​ការផលិត​វ៉ាក់សាំង កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ចាត់ទុក​វ៉ាក់សាំង​ជា​ទំនិញ​រួម សម្រាប់​សាកលលោក ដែល​ប្រជាជន​គ្រប់រូប​នៅ​សាកលលោក​អាច​ទទួលបាន​»​។ នេះ​ជាការ​បន្ថែម​របស់​សម្ដេច ហ៊ុន សែន​។​
 
​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត​នៅ​ប្រទេស​ និងដែនដីចំនួន​ជាង២១០ ដែលមាន​អ្នកជំងឺ​ជាង​៩​លាន​នាក់ ខណៈ​អ្នកស្លាប់​ជិត​៥០​ម៉ឺន​នាក់ និង​ជាសះស្បើយ​ជាង​៥​លាន​នាក់ ។ គិត​ត្រឹម​ថ្ងៃទី​២៦ មិថុនា​នេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​១៣០​នាក់ ដោយ​ជាសះស្បើយ​១២៨​នាក់​៕
 

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com