ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! កំពូល​បន្លែ​និង​ផ្លែឈើ ដែល​ជួយ​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ​
26, Jun 2020 , 6:59 pm        
រូបភាព
​ការសម្អាត​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ គឺ​ចាំបាច់​ណាស់​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។  ថា​តើ​គួរ​ធ្វើយ៉ាងណា​ទើប​អាច​កម្ចាត់​ជាតិពុល​បាន​យ៉ាង​ងាយ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​បន្លែ​ផ្លែឈើ​មួយចំនួន​ដែលមាន​ឥទ្ធិពល​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ ៖

 
១. មើម​ឆៃថាវ​ក្រហម​
 
​ប្រសិនបើ​ចង់​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ​នោះ​កុំ​ភ្លេច​រួមបញ្ចូល​មើម​ឆៃថាវ​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ឱ្យសោះ​។ មើម​ឆៃថាវ​ក្រហម​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ beta-carotene ក៏ដូចជា flavonoids ដែល​គាំទ្រ​មុខងារ​នៃ​ថ្លើម​បន្សាប​ជាតិពុល​។ 
 
២. ខ្ញី​
 
​បន្លែ​មើម​នេះ​អាចជួយ​ក្នុងការ​បន្សាប​ជាតិ​ពុក​ពី​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។ វា​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​ប្រយុទ្ធប្រឆាំង​មេរោគ​។​
 
៣. បន្លែ​បៃតង​
 
​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ folate វីតាមីន C វីតាមីន k ជាតិ​ស​សៃ ក្លរ៉ូភីល និង​សារធាតុ phytonutrients ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​បន្សាប​ជាតិពុល ហើយ​ថែមទាំង​ប្រយុទ្ធប្រឆាំង​ការ​រលាក​ទៀតផង​។​
 
៤. ផ្លែ​បឺ​រ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី​និង​អុកស៊ីតកម្ម​ដែល​ជួយ​សម្អាត​ថ្លើម ក៏ដូចជា​កម្ចាត់​ជាតិពុល​។ ផ្លែ​បឺ​រ​ក៏​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល ឬ​បញ្ចេញ​ជាតិពុល ក៏ដូចជា​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម​និង​លាមក​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ​ជាប្រចាំ​។​
 
៥. ម្ទេសផ្លោក​
 
​ម្ទេស​ប្លោក មាន​ផ្ទុក​នូវ​ជាតិ​ស​សៃ និង​សមាសធាតុ​ស្ពាន់ធ័រ​ដែល​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​ក្នុង​រាងកាយ​ទាំងមូល​។​
 
៦. យ៉ា​អួរ​
 
​មាន​ផ្ទុក​ប្រូ​បាយ​អូ​ទិ​ក​ដែល​ជួយ​រក្សា​បង្កើន​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​អាច​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ​បាន​កាន់តែ​ប្រសើរ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​យ៉ា​អួរ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៧. ខ្ទឹមស​
 
​ក្រៅពី​បង្កើន​រសជាតិ​និង​ក្លិន​ឈ្ងុយ​ដល់​អាហារ​ហើយ​នោះ ខ្ទឹមស​ក៏មាន​ប្រសិទ្ធភាព​កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត បាក់តេរី និង​វីរុស​ផ្សេងទៀត​ពី​ក្នុង​រាងកាយ​ផងដែរ​។ ខ្ទឹមស​ថែមទាំង​មាន​ផ្ទុក​នូវ​សារធាតុ​សេ​លេ​ញ៉ូ​ម​ដែលមាន​អត្ថប្រយោជន៍​ណាស់ សម្រាប់​ការ​បន្សាប​ជាតិពុល ហើយ​វា​ក៏​ជួយ​បំពេញ​នូវ​កង្វះ​នៃ​សារធាតុចិញ្ចឹម និង​សារធាតុ​រ៉ែ​ដែល​ចាំបាច់​ចំពោះ​សុខភាព​រាងកាយ​ទៀតផង​។​
 
៨. គ្រាប់​ជី​
 
​ល្អ​សម្រាប់​សម្អាត​ពោះវៀន​។ ការទទួល​ទាន​ទឹក​គ្រាប់​ជី​ជួយ​កម្ចាត់​ជាតិពុល​និង​សម្រួល​ចលនា​ពោះវៀន​ឱ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។ ក្រៅពី​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ហើយ​នោះ គ្រាប់​ជី​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​ថែមទៀត​ផង​។​
 
៩. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ​
 
​នេះ​ក៏​ព្រោះតែ​ផ្កា​ខាត់ណា​ខៀវ​មាន​ផ្ទុក​សារធាតុ sulfur​។ ការទទួល​ទាន​ប្រូ​ខូ​លី​ជាប្រចាំ​អាចជួយ​បំ​លែង​ជាតិពុល​ផ្សេងៗ​ទៅក្នុង​ទម្រង់​មូល​ដែល​ថ្លើម​ងាយ​នឹង​កម្ចាត់ ឬ​បន្សាប​។​
 
១០. ក្រូចឆ្មារ​
 
​ក្រូចឆ្មារ​មិន​ត្រឹម​តែមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចាំបាច់​ផងដែរ​ក្នុងការ​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។ ការទទួល​ទាន​ទឹក​ក្ដៅ​ឧណ្ហ ១ កែវ លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ រាល់​ព្រឹក គឺ​នឹង​ជួយ​បន្សាប​ជាតិពុល ក៏ដូចជា​សម្អាត​ពោះវៀន ហើយ​បង្កើន​ការរំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។​
 
១១. រមៀត​
 
​រមៀត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពិសេស​សារធាតុ Curcumin ដែល​ជួយ​បន្សាប​ជាតិពុល​គួរឱ្យកត់សម្គាល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com