ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​កម្ពុជា​៖ ទី​ម័​រ អាចជួយ​នយោបាយ​តំបន់ និង​ក្តី​សុបិន​បិតា​ស្ថាបនិក​អាស៊ាន
26, Jun 2020 , 11:08 am        
រូបភាព
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិមានសន្តិភាព នាថ្ងៃទី២៦ មិថុនា ២០២០
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិមានសន្តិភាព នាថ្ងៃទី២៦ មិថុនា ២០២០
​ភ្នំពេញ​៖ វត្តមាន​ទី​ម័​រ​ខាងកើត នៅក្នុង​តំបន់​អាស៊ាន ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ចិត្ត​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ សម្ដេច ស្នើឱ្យ​ប្រទេស​ជា​សមាជិក បោះឆ្នោត​ទទួលយក​ទី​ម័​រ​ខាងកើត ចូល​ជា​សមាជិក​នាពេល​អនាគត​។​


«​ខ្ញុំ​បញ្ជាក់​ឡើងវិញ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​កម្ពុជា និង​ទន្ទឹងរង់ចាំ​ការដាក់បញ្ចូល​ទី​ម័​រ ជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន​»​។ នេះ​ជា​ជំហរ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ទទួលយក​ទី​ម័​រ​ជា​សមាជិក​។​
 
​នៅក្នុង​ចិត្ត និង​ក្រសែភ្នែក​របស់​នាយ​កក​ម្ពុ​ជា មើលឃើញថា បេក្ខភាព​ទី​ម័​រ នឹង​ជួយ​ទប់ស្កាត់​ឥទ្ធិពល​មហាអំណាច​ពិភពលោក​នៅក្នុង​តំបន់ ជាពិសេស​បំណង​របស់​ស្ថាបនិក​អាស៊ាន​ទៀតផង​។ ថ្លែង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ក្រោម​មូលបទ «​ភាពស្អិតល្មួត និង​ការឆ្លើយតប​» ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ( Video Conference) នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២៦ មិថុនា សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា​៖«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា សមាជិកភាព​របស់​ទី​ម័​រ​ខាងកើត មិន​ត្រឹម​តែមាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​យើង ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រេច​សុបិន​របស់​បិតា​ស្ថាបនិក​អាស៊ាន ក្នុងការ​បង្រួបបង្រួម​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្រោម​ឆ័​ត្រ​អាស៊ាន​ផងដែរ​»​។​
 
​ក្នុងន័យនេះ​នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើឱ្យ​ប្រទេស​ជា​សមាជិក​សហការ​ឱ្យបាន​ជិតស្និទ​ជាមួយ​រដ្ឋាភិបាល​ទី​ម័​រ ដើម្បី​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ធំៗ ដែល​ប្រទេស​នេះ កំពុង​ជួបប្រទះ ជាពិសេស​ជួយ​បំពេញ​រាល់​នីតិវិធី និង​លក្ខខណ្ឌ​ចាំបាច់​នានា សម្រាប់​ជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន​។​
 
​សូមបញ្ជាក់ថា ទី​ម័​រ​ខាងកើត បានដាក់​សំណើសុំ​ចូល​ជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ​២០១១  ប៉ុន្តែ​សិង្ហ​បុរី ធា្ល​ប់​ជំទាស់ ព្រោះ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ទី​ម័​រ​ខាងកើត និង​សេដ្ឋកិច្ច​នៅមាន​លក្ខណៈ​ផុយស្រួយ​នៅឡើយ​។ ចាប់ពីពេលនោះ​មក អាស៊ាន​បន្ត​សិក្សា​ពី​លទ្ធភាព និង​បន្ត​ការវាយតម្លៃ​សមាជិកភាព​របស់​ទី​ម័​រ​ខាងកើត រហូតមកដល់​បច្ចុប្បន្ន​។  
 
​ដូច​មានចែង​ក្នុង​ជំពូក​ទី​៣ មាត្រា​៦ នៃ​ធម្មនុញ្ញ​អាស៊ាន ដើម្បី​ក្លាយជា​សមាជិក​របស់​អា​ស៊ាន រដ្ឋ​ដែល​បានដាក់​ស្នើ​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​គ្រឹះ​មួយចំនួន​។ ក្នុងនោះ​រួមមាន ត្រូវមាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ការទទួលស្គាល់​ពីរ​ដ្ឋ​អាស៊ាន​ទាំងអស់ គោរព​តាម​ធម្មនុញ្ញ​អាស៊ាន និង​ជាពិសេស ត្រូវ​ទទួលបាន​ការយ​ល់​ព្រម​ជា​ឯក​ច្ឆ័​ន ពី​រដ្ឋ​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​ផងដែរ​។​
 
​យ៉ាងណា​ក៏ដោយចុះ ទី​ម័​រ​ខាងកើត​បាន​បំពេញ​លក្ខខណ្ឌ​ដែល​ចែង​ជា​បន្តទៀត ដោយមាន​ស្ថានទូត​នៅ​គ្រប់​ប្រទេស​អាស៊ាន ហើយ​ថែមទាំង​មាន​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​ធំៗ ដទៃ​ជាច្រើន​ទៀតផង​៕
 
 

Tag:
 ​ហ៊ុន សែន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com