ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ ៤១​ឆ្នាំ​មកនេះ បក្ស​ប្រជាជន ជួប​ការលំបាក​រាប់​មិន​អ​ស់ និង សម្រេចបាន​សមិទ្ធផល​ធំៗ​យ៉ាងច្រើន​
26, Jun 2020 , 7:29 pm        
រូបភាព
សម្តេច ហ៊ុន សែន ឈរលើកដៃនៅមុខទ្វារអគារថ្មីជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលសម្តេច ចុះទៅពិនិត្យមើលអគារថ្មីនេះ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។ អគារនេះ កសាងអស់ទឹកប្រាក់ប្រមាណ៣០លានដុល្លារ។ (រូបពី AFP)
សម្តេច ហ៊ុន សែន ឈរលើកដៃនៅមុខទ្វារអគារថ្មីជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលសម្តេច ចុះទៅពិនិត្យមើលអគារថ្មីនេះ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។ អគារនេះ កសាងអស់ទឹកប្រាក់ប្រមាណ៣០លានដុល្លារ។ (រូបពី AFP)
​ក្នុងឱកាស​រម្លឹក​ខួប​៦៩​ឆ្នាំ​នៃ​ការចាប់បដិសន្ធិ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលេច​សារសំខាន់​ពីរ​យ៉ាង គឺ​ភាពលំបាក ដែល​គណបក្ស បាន​ជួបប្រទះ និង សមិទ្ធផល​របស់​ប្រទេសជាតិ ដែល​គណបក្ស បាន​ចូលរួម​កសាង ដោយ​គិត​ចាប់តាំងពី​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​មក​។​


​ក្នុង​សារ ផ្ញើជូន​ជន​រួម​រួម​ជាតិ និង សមាជិក​-​សមាជិកា​គណបក្ស​ខ្លួន សម្តេចនាយក​រដ្ឋមន្ត្រី សរសេរថា រយៈពេល​៤១​ឆ្នាំ​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស ដោយ​ឆ្លងកាត់ «​ឧបសគ្គ​និង​ការលំបាក​រាប់មិនអស់​» និង សម្រេចបាន «​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន​» ចាប់តាំងពី​ដំ​ណា​កាល​សង្គ្រោះ​ប្រទេសជាតិ​ពីរ​បប​ខ្មែរក្រហម ហើយ​បានធ្វើ​ឲ្យ​ប្រជា​ជាតិរស់​ឡើងវិញ រហូតដល់​ទទួលបាន​សន្តិភាព ជាមួយនឹង​ការឈាន​ទៅមុខ​ប្រកបដោយ​ការអភិវឌ្ឍ​។​
 
​លើសពីនេះ ប្រធាន​គណបក្សកាន់អំណាច​រូបនេះ អះអាងថា ចាប់តាំងពី​ការកកើតឡើង នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១​មក គណបក្ស​ខ្លួន បាន​ប្រកាន់​ភ្ជាប់​នូវ​គោលបំណង គឺ​ប្រមូលផ្តុំ​កម្លាំង​គ្រប់​ប្រជាជាតិ​កម្ពុជា ដើម្បី​រំដោះ​ប្រជាជាតិ​ឲ្យ​រួច​ផុតពី​ការឈ្លានពាន ការត្រួតត្រា និង ការជិះជាន់  ហើយ​កសាង​ប្រទេសមួយ ដែលមាន​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាព​សង្គម​។ 
 
​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃ​២៨ ខែមិថុនា ឆ្នាំ​២០២០ គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​រៀបចំ​ពិធី​រម្លឹក​ខួប​៦៩​ឆ្នាំ ដូច​រាល់​ឆ្នាំ​ឡើយ​៕ 

Tag:
 ហ៊ុន សែន​
  CPP
  ខួប​៦៩​ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com