អន្តរជាតិ
លោក ទ្រូ​ដូ មិន​អន្តរាគមន៍​ឲ្យ​ដោះលែង​មន្ត្រី Huawei ជា​ថ្នូរ​ការ​រួចខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​នៅ​ចិន​
26, Jun 2020 , 9:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ។ រូបភាព AFP
នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ នៅ​ថ្ងៃទី​២៥ ខែមិថុនា បាន​ទាត់ចោល​សំណើ​មួយ​ដែល​ចង់​ឲ្យ​មាន​ការធ្វើអន្តរាគមន៍​ដើម្បី​បញ្ចប់​សំណុំរឿង​ធ្វើ​បត្យាប័ន​មន្ត្រី​ហិរញ្ញវត្ថុ Huawei ហើយ​ដោះលែង​ឲ្យ​មាន​សេរីភាព ជា​ថ្នូរ​នឹង​ការ​រួចខ្លួន​របស់​ជនជាតិ​កាណាដា​ពីរ​នាក់​ដែល​កំពុងស្ថិត​ក្រោម​ការ​ឃុំខ្លួន​ពី​សំណាក់​អាជ្ញាធរ​ចិន​។ លោក ទ្រូ​ដូ បកស្រាយ​ថា បើ​លោក​លូកដៃ​ចូល​បោះ មានន័យ​ស្មើនឹង​ឲ្យ​ជនជាតិ​កាណាដា​ក្រោយៗ​ទៀត​ត្រូវ​ចាប់ខ្លួន​ដើម្បី​តថ្លៃ​នយោបាយ​។​

 
​ក្រុម​អតីតមន្ត្រី​ជាន់ខ្ពស់​កាណាដា​ចំនួន​១៧​នាក់ បាន​សរសេរ​សំបុត្រ​ផ្ញើ​ឲ្យ​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ដោយ​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជនជាតិ​កាណាដា​ពីរ​នាក់​ដែល​កំពុង​ជាប់ឃុំ​នៅ​ចិន ដែល​ករណីនេះ​ត្រូវ​មើលឃើញថា ជាការ​សងសឹក​ដោយ​ចិន​ក្រោយ​កាណាដា​ចាប់ខ្លួន​នាយក​ហិរញ្ញវត្ថុ Huawei លោកស្រី ម៉ឹង វ៉ាន់​ចូ​វ តាម​សំណើ​អាមេរិក​។ មន្ត្រី​ទាំងនេះ ចង់​ឲ្យ​លោក ទ្រូ​ដូ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ណែនាំ​រដ្ឋមន្ត្រី​យុត្តិធម៌​ឲ្យ​ពិនិត្យមើល​ករណីនេះ​
 
​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាណាដា CBC លិខិត​ថ្ងៃទី​២៤ ខែមិថុនា អះអាងថា រដ្ឋមន្ត្រី​យុត្តិធម៌​កាណាដា មានអំណាច​ក្នុងការ​បញ្ចប់​នីតិ​ធ្វើ​បត្យាប័ន​លោកស្រី ម៉ឹង ។ ពួកគេ​បន្តថា ការដោះលែង​មន្ត្រី​ក្រុមហ៊ុន​ចិន​រូបនេះ នឹង​ផ្ដល់ឱកាស​ឲ្យ​កាណាដា​ក្នុងការ​រៀបចំ​គោលនយោបាយ​ជាមួយ​ចិន​សារ​ឡើងវិញ ខណៈ​ការដើរតាម​អាមេរិក​ធ្វើ​ឲ្យ​កាណាដា​ជួប​បញ្ហា​ខ្លាំង​ជាមួយ​ចិន​។​
 
​យ៉ាងណាមិញ លោក ទ្រូ​ដូ មិន​យល់ឃើញ​ដូច​នោះឡើយ ដោយ​លោក​បញ្ជាក់ថា កាណាដា​មិន​ចុះ​ញ៉ម​សម្ពាធ​របស់​ចិន​ដើម្បី​គ្រាន់តែ​ការដោះលែង​ជនជាតិ​កាណាដា​ឈ្មោះ  Michael Spavor និង​Michael Kovrig នោះឡើយ​។ នាយករដ្ឋមន្ត្រី​រូបនេះ បាន​ឆ្លើយ​នឹង​លិខិត​ខាងលើ​វិញ​ថា​៖ «​ខ្ញុំ​គោរព​បុគ្គល​ដែល​ផ្ញើ​សំបុត្រ​មក​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​មិន​យល់ស្រប​នឹង​យោបល់​ពួកគេ​ឡើយ​។ មធ្យោបាយ​របស់​ពួកគេ​មិនត្រូវ​ឡើយ​។​»
 
​មេដឹកនាំ​កាណាដា​រូបនេះ សង្កត់ធ្ងន់ថា ការដោះលែង​លោកស្រី ម៉ឹង ដើម្បី​គ្រាន់តែ​ដោះស្រាយ​បញ្ហា​រយៈពេល​ខ្លី នឹង​នាំ​គ្រោះថ្នាក់​ឲ្យ​ជនជាតិ​កាណាដា​រាប់ពាន់នាក់​ដែល​ធ្វើដំណើរ​ទៅ​ចិន និង​នៅ​ជុំវិញ​ពិភពលោក ហើយក៏​ដូចជា​ការ​ប្រាប់​ឲ្យ​ប្រទេស​ដទៃ​ដឹងថា ពួកគេ​អាចដាក់​សម្ពាធ​លើ​កាណាដា​បាន​ដោយ​គ្រាន់តែ​ចាប់​ជនជាតិ​កាណាដា​ធ្វើ​ចំណាបខ្មាំង​។ 
 
​ទាក់ទង​រឿង​ដដែល​នេះ លោក ទ្រូ​ដូ ក៏​បញ្ជាក់​ជាថ្មី​នូវ​ឯករាជ្យភាព​ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ​នៅ​កាណាដា ហើយ​សំណុំរឿង​មន្ត្រី​ក្រុមហ៊ុន​ចិន​រូបនេះ នឹង​បន្ត​តាម​នីតិវិធីតុលាការ​កា​ណា​ដា​ដដែល​។ ជាមួយនឹង​ជំហរ​បែបនេះ ជនជាតិ​កាណាដា​ទាំងពីរ​នាក់​ខាងលើ ដែល​ត្រូវ​ចោទថា ចែកចាយ​ព័ត៌មាន​សម្ងាត់​រដ្ឋ ប្រាកដជា​បន្ត​ស្ថិតក្រោម​ការ​ចំណាត់ការ​របស់​ប៉េកាំង​ទៀត រហូតដល់​សំណុំរឿង​លោកស្រី ម៉ឹង មាន​លទ្ធផល​៕ 
 
 

Tag:
 ចិន​
  កាណាដា​
  ចា​ស្ទី ទ្រូ​ដូ​
  Huawei
© រក្សាសិទ្ធិដោយ thmeythmey.com