COVID-19
ជាតិ
COVID-19៖ កម្ពុជាមានករណីឆ្លង៩នាក់ទៀត ដោយ៨នាក់ជាជនជាតិខ្មែរ និង១នាក់ជាឥណ្ឌូណេស៊ី
× ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៩នាក់ទៀតនៅកម្ពុជា ដោយ៨នាក់ជាជនជាតិខ្មែរ និង១នាក់ជាឥណ្ឌូណេស៊ី។ អ្នកទាំងនោះ ទើបត្រឡប់មកពីឥណ្ឌូណេស៊ី។
របាយការណ៍បង្ហាញថា អ្នកជំងឺនោះ មានស្ត្រីខ្មែរអាយុ២៤ឆ្នាំម្នាក់ បុរសខ្មែរអាយុ២៣ឆ្នាំម្នាក់ អាយុ២៤ឆ្នាំម្នាក់ អាយុ២៥ឆ្នាំពីរនាក់ អាយុ២៦ឆ្នាំបីនាក់ និងបុរសជនជាតិ ឥណ្ឌូណេស៊ី អាយុ២២នាក់ម្នាក់។ ពួកគាត់ធ្វើដំណើរពីឥណ្ឌូណេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត។
ករណីថ្មីទាំង៩នោះ ស្ថិតក្នុងជើងហោះហើរដែលមានអ្នកដំណើរសរុប៤០នាក់ ក្នុងនោះខ្មែរ២៤នាក់ វៀតណាម១នាក់ និងឥណ្ឌូណេស៊ី១៥នាក់។ លទ្ធផលតេស្តនៅប៉ាស្ទ័រ បង្ហាញថា ៣១នាក់ទៀតអវិជ្ជមាន ប៉ុន្តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ជនជាតិខ្មែរ១៥នាក់ ស្ថិតនៅមណ្ឌលរង់ចាំមូលដ្ឋានទ័ពអាកាស ដើម្បីរង់ចាំការដឹកបញ្ជូនបន្តទៅមណ្ឌលខេត្តរៀងៗខ្លួន រីឯអ្នកភ្នំពេញ ត្រូវចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។
រីឯជនបរទេស១៦នាក់ ត្រូវជ្រើសរើសបង់ថ្លៃធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នា ក្រសួងក៏បានប្រកាសពីករណីសះស្បើយបុរសខ្មែរ-អាមេរិក អាយុ៦៦ឆ្នាំ ដែលធ្វើដំណើរមកពីអាមេរិកផងដែរ បន្ទាប់ពីមានលទ្ធផលតេស្តអវិជ្ជមានពីរដង។
កម្ពុជាកើនករណីឆ្លងកូវីដ-១៩ ដល់១៣៩ករណី។ បន្ថែម៩ករណីទៀត នាំឲ្យអ្នកដែលស្ថិតក្រោមការព្យាបាលមាន១០នាក់។ បុរសម្នាក់ដែលស្ថិតក្នុងចំណោម២នាក់មកពីឥណ្ឌូណេស៊ីកន្លងមក ក៏មិនទាន់សះស្បើយនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com