សង្គមអន្តរជាតិ​
អន្តរជាតិ
មេរៀន​៧​យ៉ាង​ដែល​អ្នក​អាច​រៀន​ពី​មហាសេដ្ឋី​ពាន់​លាន (Three-comma club)
27, Jun 2020 , 9:27 am        
រូបភាព
ដោយ: ធីតា
​ក្រុម​មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ពាន់​លាន​ដុល្លារ​អាមេរិក (Three-comma club) បាន​លើក​ពី​ដំណើរ​ដ៏​ជោគជ័យ​របស់ខ្លួន តាមរយៈ​ការប្រឹងប្រែង ការតាំង​ចិត្ត និង​កត្តា​អនុគ្រោះ​ផ្សេងៗ​។​

 
​តាម​ទស្សនា​វ​ដ្តី Forbes, ពាក្យ Three-comma club ដែល​អាច​ប្រែជា​ភាសា​ខ្មែរ​បាន​ថា «​ក្លិប​៣​ក្បៀស​» សំដៅលើ​មហាសេដ្ឋី​ដែលមាន​ទឹកប្រាក់​ពាន់​លាន ឬ​ប៊ី​លាន​ដុល្លារ​អាមេរិក​។ ឧទាហរណ៍ ១​ពាន់​លាន យើង​ត្រូវ​ត្រូវ​ប្រើ​ក្បៀស​ដល់​ទៅ​៣​ដង [១,០០០,០០០,០០០]​។​
 
​តើ​សមាជិក Three Commas Club បានធ្វើ​អ្វីខ្លះ​? សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​មេរៀន​ចំនួន​៧​ដែល​មហាសេដ្ឋី​ផ្សេងៗ​គ្នា​បានលើកឡើង និង​ត្រូវបាន​ចុះផ្សាយ​នៅលើ​គេហទំព័រ entrepreneur.com ។​
 
​មេរៀន​ទាំងនោះ រួមមាន​៖

១. មើល​បរាជ័យ​នៅក្នុង​ភ្នែក​
​បរាជ័យ​មិនមែនជា​អ្វីដែល​អ្នក​រំពឹង​នោះឡើយ​។ ប៉ុន្តែ​មហាសេដ្ឋី​ទាំងអស់​សុទ្ធតែ​មានបទពិសោធន៍​បរាជ័យ ហើយ​ពេលខ្លះ​ធ្លាក់​ក្នុង​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​។ លោក ប៊ី​ល ហ្គេ​ត បាន​និយាយថា​៖ «​ពិតជា​ត្រឹមត្រូវ​ក្នុង​ការអបអរ​ជ័យជម្នះ ប៉ុន្តែ​វា​កាន់តែ​ចាំបាច់​ក្នុងការ​យកចិត្តទុកដាក់​លើ​មេរៀន​បរាជ័យ​»​។​
 
​លោក ហ្គេ​ត បាន​លើកយក​ឧទាហរណ៍​ដែល​បង្ហាញថា បរាជ័យ​គឺជា​សោរ​។ នៅពេលដែល​ក្រុមហ៊ុន Traf-O-Data ជួប​វិបត្តិ​នៅ​ចុងឆ្នាំ​១៩៧០ លោក ហ្គេ​ត មើលឃើញថា ជីវិត​ការងារ​របស់គាត់​រង​ការ​អាប់អួរ​ពេញទំហឹង​។ ប៉ុន្តែ​មេរៀន​បរាជ័យ​នេះ បាន​នាំ​ឲ្យ​លោក ហ្គេ​ត និង លោក Paul Allen ដឹកនាំ Microsoft បាន​ជោគជ័យ​។​


 
២. ផ្តោតទៅលើ​ភាព​ឥតខ្ចោះ​
​ភាព​ឥតខ្ចោះ គឺជា​ទម្លាប់​នៃ​ការគិត​របស់​អ្នក​ជោគជ័យ​។ ដំបូន្មាន​របស់លោក Mohammad Dewji អគ្គនាយក​ក្រុមហ៊ុន METL Group និង​ជា​មហាសេដ្ឋី​វ័យក្មេង​របស់​អាហ្វ្រិក​ក្នុង​អាយុ​៤២​ឆ្នាំ បាន​និយាយថា​៖ «​ត្រូវ​ព្យាយាម​រក​ភាព​ឥតខ្ចោះ​នៃ​ជីវិត និង​មិនត្រូវ​បង្ហាញ​នូវ​ភាពទន់ខ្សោយ​ឡើយ​។ រៀបចំ​ស្តង់ដារ​បស់​អ្នក​ខ្ពស់ រួមទាំង​ការព្យាយាម ផល​នឹង​កើតមាន​សម្រាប់​អ្នក​»​។​
 
​សហគ្រិន​ជោគជ័យ​ជាច្រើន បង្កើត​គោលដៅ​ត្រឹមត្រូវ ហើយ​តែងតែ​សម្រេច​បានជា​រៀងរាល់ថ្ងៃ​។ ការតាំង​ចិត្ត​ផ្តោតលើ​ភាព​ឥតខ្ចោះ នឹងធ្វើ​ឲ្យ​អ្នកមាន​ទម្លាប់​មួយ​យ៉ាង​ត្រឹមត្រូវ ហើយ​ការតាំង​ចិត្ត​ក៏មាន​កម្រិត​ខ្ពស់​ផងដែរ​។​


 
៣.​ទស្សនវិស័យ​គឺជា​គន្លឹះ​
​មាន​ជំហាន​ជាច្រើន​ដែល​បុគ្គល​បានក្លាយ​ជាម​ហា​សេដ្ឋ​វាល់​លាន ក្នុងនោះ​គឺ​ការដាក់​គោលដៅ​ដ៏​ត្រឹមត្រូវ​។ ការយក​គំនិត​ទៅ​វែកញែក​ពិភាក្សា នាំ​ឲ្យ​យើង​ស្គាល់​ច្បាស់​ពី​ទស្សនវិស័យ​ត្រឹមត្រូវ​។ មហាសេដ្ឋី Richard Branson បានចាប់ផ្តើម​ដំណើរការ​ក្រុមហ៊ុន Virgin Airlines ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​យក្ស​ដូចជា TWA និង American Airlines ជាដើម ប៉ុន្តែ​គំនិត​របស់លោក​ត្រូវបាន​គេ​សើចចំអក​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោក Branson បន្ត​ដើរ​តាម​ទស្សនវិស័យ​របស់ខ្លួន តាមរយៈ​ការស្វែងយល់​ពី​តម្រូវការ​អតិថិជន ជាពិសេស​ការផ្តល់​តម្លៃ​ថោក និង​ការពង្រីក​សេវាកម្ម​អតិថិជន​។ ទោះបី​ជាមាន​ស្ថានភាព​យ៉ាប់យ៉ឺន​នៅ​ឆ្នាំ​ដំបូងៗ​ក៏ដោយ ប៉ុន្តែ​ក្រោយ​ការលក់​ភាគហ៊ុន ៣១​ភាគរយ​ទៅ​ក្រុមហ៊ុន KLM-France នៅ​ឆ្នាំ​២០១៧ ក្នុងតម្លៃ​២៨៦​ពាន់​លាន​ដុល្លារ​អាមេរិក ទស្សនៈវិស័យ​របស់លោក​មានការ​ទទួលស្គាល់​ខ្ពស់ និង​ក្លាយជា​គំរូ​។ លោក​លើកឡើង​ទស្សនៈ​នានា​តែងតែមាន​អ្នក​បដិសេធ និង​អ្នក​ធ្វើតាម​។​


 
៤.​សុខ​ភាពជា​ចម្បង​
​គ្មាន​មហាសេដ្ឋី​ណា​ម្នាក់​ដែល​មិន​ផ្តោតលើ​សុខភាព​នោះឡើយ​។ លោក Samir Becic ដែលជា​អ្នក​បង្រៀន​ទ្រឹស្តី​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន និង​ជា​អ្នកនិពន្ធ​ម្នាក់​ដែរនោះ បាន​លើកឡើងថា​៖ «​ខ្ញុំ​ជឿជាក់​ច្បាស់​ថា សតវត្សរ៍​ទី​២១​នេះ អ្នក​ត្រូវតែមាន​កម្លាំង​មាំមួន និង​សុខភាព​រឹងមាំ​។ 
 
​លោក Kevin Plank ក៏ដូចជា​លោក George Soros វ័យ​៨៩​ឆ្នាំ ក៏បាន​លើកឡើង​ពី​វិធីសាស្ត្រ​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន​ផងដែរ​។ ករណីនេះ បង្ហាញថា អ្នក​មិនអាច​ជោគជ័យ និង​រីករាយ​ជាមួយ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​បាន​នោះឡើយ ប្រសិនបើ​សុខភាព​របស់​អ្នក​មិនល្អ​ប្រសើរ​។ ត្រូវ​ចាំ​ថា ជំហាន​ឆ្ពោះទៅ​សម្រេច​ក្តី​សុបិន មាន​កត្តា​សុខ​ភាពជា​គន្លឹះ​។​


 
៥. ឱកាស​បន្ថែម​លើ​ការត្រៀមខ្លួន​ស្មើនឹង​សំណាង​
​ពិតណាស់ ជំហាន​ក្លាយជា​សមាជិក​មហាសេដ្ឋី កើតចេញពី​ការប្រឹងប្រែង ព្យាយាម ប៉ុន្តែ​ពេលខ្លះ​ក៏ដោយ​សារ​ឱកាស​ផងដែរ​។ លោក Mark Cuban ដែល​បាន​លក់​ក្រុមហ៊ុន Broadcast.com ក្នុងតម្លៃ​៥.៧​ពាន់​លាន​ដុល្លារ​កាលពី​អំឡុង​ឆ្នាំ​១៩៩០ និយាយ​ដោយ​បើកចំហ​រថា លោក​មានបាន​ដោយសារ​សំណាង​មកដល់​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ សំណាង​ក៏​មិនអាច​ស្ថិតស្ថេរ​បាន​នោះដែរ ប្រសិនបើ​យើង​មិនបាន​ត្រៀមខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ​។ ឱកាស​គឺជា​ជំហាន​របស់​មនុស្ស​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ឱកាសល្អៗ​ជា​បន្តបន្ទាប់​ទៀត​។​


 
៦.​រក្សា​ចំណុច​អាទិភាព​នៅ​ជួរមុខ​
​មនុស្សម្នា​ក់មាន​ចំណុច​ច្រើន​ដែល​ត្រូវ​គិតគូ ពោលគឺ សុខភាព ភាព​រីករាយ និង​សុវត្ថិភាព​ហិរញ្ញវត្ថុ​។ បើតាម​ការសិក្សារ US Trust Survey កាលពី​ឆ្នាំ​២០១៥ សុទ្ធតែ​បង្ហាញថា ការគោរព​ឲ្យ​បាន​ចំណុច​ទាំងនេះ ជា​ជំហាន​ឆ្ពោះទៅរក​ភាពជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​។​
 
​លោក Warren Buffet តែងតែ​និយាយ​ជាមួយ​កូនចៅ​ជា​ញឹកញាប់ ដោយ​ណែនាំ​ពួកគេ​ធំធាត់​ក្នុងស្ថានភាព​ធម្មតា ដែល​បង្រៀន​ពួកគេ​ឲ្យ​ស្គា​ល់ពី​តម្លៃ​ខ្លួនឯង និង​ក្រុមគ្រួសារ​។ បើទោះបីជា​អ្នក​ជាប់រវល់​ធ្វើការ​ដ៏​មមាញឹក​ក៏ដោយ ប៉ុន្តែ​បើ​គ្មាន​បញ្ហា​អ្វី​ផ្សេងៗ​ដាក់បន្ទុក​ទេនោះ អ្នក​ច្បាស់​ជា​ទទួលបាន​ភាព​រីករាយ​។​


 
៧. ធ្វើការ​! ធ្វើការ​! ធ្វើការ​!
​ប្រធាន​ក្រុមហ៊ុន Nissan-Renault ហោះហើរ​រាប់សែន​គីឡូម៉ែត្រ​ក្នុង​១​ឆ្នាំៗ​។ Serena និង Venus Williams ប្រឹងប្រែង​ហ្វឹកហាត់​ជាមួយ​កីឡា​វាយ​កូន​បាល់​រៀង​ម៉ោង​៦​ព្រឹក តាំងពី​អាយុ​៨​ឆ្នាំ​។ Marissa Mayer ធ្វើការ​ស្ទើរតែ​គ្មាន​ថ្ងៃ​ឈប់​កាល​នៅ​បម្រើការ​ឲ្យ Google​។ ការប្រឹងប្រែង​ទាំងនេះ ហើយ​ដែល​នាំ​ឲ្យ​ពួកគាត់​ក្លាយទៅជា​មហាសេដ្ឋី​។​
 
​ដោយ​មិន​ខ្វល់​ពី​អាកាសធាតុ ពេលយប់ ឬ​ពេល​ថ្ងៃ មហាសេដ្ឋី​គិតតែ​មួយ​មុខ​គត់ គឺ​ខ្លួន​ត្រូវមាន​ការងារ​ធ្វើ​ក្នុង​ដៃ​។ លោក Mark Cuban បាន​និយាយថា ក្រុមហ៊ុន​មិនមែន​ធ្លាក់ចុះ​ដោយសារ​លុយ ឬ​អាកប្បកិរិយា​នោះឡើយ ប៉ុន្តែ​ធ្លាក់ចុះ​ដោយសារតែ​កង្វះ​ការព្យាយាម​៕



Tag:
 មហាសេដ្ឋី
© រក្សាសិទ្ធិដោយ thmeythmey.com