ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
តើ​និស្សិត STEM ដែល​ផ្តោត​ខ្លាំង​លើ​ការអនុវត្ត​ផ្ទាល់ អាច​ពង្រឹង​ជំនាញ​ឬទេ ក្នុងដំណាក់កាល​រៀន​តាម​អន​ឡាញ​?
27, Jun 2020 , 11:49 am        
រូបភាព
លោក ផេង សេងលី (ពាក់វ៉ែនតានិងអាវពណ៌ទឹកសមុទ្រ) និស្សិតផ្នែកអគ្គិសនីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថតជាមួយមិត្តភក្តិ
លោក ផេង សេងលី (ពាក់វ៉ែនតានិងអាវពណ៌ទឹកសមុទ្រ) និស្សិតផ្នែកអគ្គិសនីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថតជាមួយមិត្តភក្តិ
ដោយ:
​ភ្នំពេញ​៖ រាល់​និស្សិត​ដែល​រៀន​ដោយ​ខ្លួនឯង និង​រៀន​តាម​អន​ឡាញ អាច​បន្ត​និរន្តរភាព​នៃ​ការសិក្សា​ប្រកបដោយ​គុណភាព​។ ប៉ុន្តែ​និស្សិត​ដែល​រៀន​ផ្នែក STEM ដែល​តែង​រៀន​ផ្នែក​អនុវត្ត ច្រើនជាង​រៀន​ផ្នែក​ទ្រឹស្តី​នោះ ហាក់បី​ទទួលបាន​ចំណេះដឹង​មិន​ពេញលេញ​ឡើយ​។ និស្សិត​ខ្លះទៀត​អាច​រៀន​តែ​ទ្រឹស្តី​តែមួយ​មុខតែ​ប៉ុណ្ណោះ​។ តែ​និស្សិត​ខ្លះ​នៅតែ​អាច​បន្ត​រៀន​ទ្រឹស្តី​បណ្តើរ និង​អនុវត្ត​បណ្តើរ​។​

 
​សាលា​ទាំងអស់​ត្រូវបាន​បិទ ហើយ​បន្ទប់​សិក្សា​ស្រាវជ្រាវ ពិសោធន៍ និង ការអនុវត្ត​របស់​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​មួយចំនួន​ក៏ត្រូវ​ផ្អាក​បើក​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន ដើម្បី​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩​។ 
 
​និស្សិត​ផ្នែក​អគ្គិសនី​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក ផេង សេង​លី ដែល​កំពុងតែ​រៀន​ផ្នែក​អគ្គិសនី​តាម​អន​ឡាញ យល់ឃើញថា ការសិក្សា​របស់ខ្លួន​តា​ម​អន​ឡាញ ធ្វើ​ឲ្យ​សិស្ស​បាត់បង់​គំនិត​សម្រាប់​ច្នៃ​ប្រតិដ្ឋ​អ្វីមួយ​។ 
 
​លោក លោក ផេង សេង​លី ដែល​បាន​បម្រើ​ការងារ​ស្ម័គ្រចិត្ត​នៅ​ក្រុមហ៊ុន​ផ្នែក​អគ្គិសនី​មួយកន្លែង​រយៈ​ពេល​៣​ខែ បាន​និយាយ​ដូច្នេះ​ថា​៖«​ពេល​យើង​អត់​បានធ្វើ​លើ​វា​អ៊ីចឹងទៅ យើង​អត់​សូវ​មានគំនិត​ច្នៃ​អ្វីមួយ​។ ពេល​យើង​បានធ្វើ​ជាប់ យើង​រៀង​សុំ​ាំ​ជាមួយ​វា ជាង​ដែល​យើង​រៀន​ទ្រឹស្តី​ទៀត​។ ពេល​យើង​រៀន​ជាមួយ​ឧបករណ៍ យើង​ចាំ យើង​ដឹងថា​អាហ្នឹង​វា​ដើរ​ម៉េច​»​។  
 
​លោក ព្រួយបារម្ភ​ថា និស្សិត​អាច​ប្រឈម​នឹង​ការពិបាក​ទទួលបាន​ឱកាស​ការងារ​នៅ​ថ្ងៃ​អនាគត បើកាលណា​សិស្ស​នៅតែ​បន្ត​រៀន​ទ្រឹស្តី​តែមួយ​មុខ ដោយ​គ្មាន​ការយល់ដឹង​ពី​ការប្រើប្រាស់​ឧបករណ៍ ឬ​ម៉ាស៊ីន​ណាមួយ​នៅតាម​សាលា ឬ​នៅតាម​ស្ថាប័ន​ណាមួយ​ក្នុងអំឡុង​មាន​វិបត្តិ​កូ​វីដ​-១៩​។ 
 
​ថ្វី​ដ្បិត អវត្តមាន​នៅក្នុង​បន្ទប់ពិសោធន៍​ដែលមាន​ឧបករណ៍ប្រើប្រាស់​លើ​ផ្នែក​អគ្គិសនី​អស់​រយៈពេល​ជា​យូរ​ខែ​មកហើយ​ក៏ពិតមែន តែ​និស្សិត សេង​លី អាច​សិក្សា​លើ​ផ្នែក Software  ដែលជា​កម្មវិធី​មួយ អាច​ឲ្យ​និស្សិត​សិក្សា និង​យល់​ពី​ដំណើរការ​ម៉ាស៊ីន ឬ​ឧបករណ៍​ណាមួយ ជំនួស​ឲ្យ​ការអនុវត្ត​ផ្ទាល់ នៅក្នុង​បន្ទប់ពិសោធន៍​ផងដែរ​។  និស្សិត​វ័យ​២០​ឆ្នាំ​រូបនេះ  បាន​លើកឡើងថា​៖«​សម្រាប់​ខ្ញុំ​តាំងពី​រៀន​តាម​អន​ឡាញ​មក ខ្ញុំ​អត់​មាន​បញ្ហា​អ្វី​ទេ ខ្ញុំ​ដឹងបាន​ច្រើន​។ ការអនុវត្ត ខ្ញុំ​ធ្វើ​ទៅលើ​កម្មវិធី Software ច្រើនជាង​»​។ 
 
​យ៉ាងណាក៏ដោយ មិនមែន​រាល់​និស្សិត​ផ្នែក​ស្ទែ​ម​ទាំងអស់ គឺ​សុទ្ធតែ​មិនអាច​អនុវត្ត​នៅ​បន្ទប់ពិសោធន៍ ឬ​បន្ទប់​ស្រាវជ្រាវ ក្នុងអំឡុង​នៃ​ការសិក្សា​តាម​អន​ឡាញ​នោះទេ​។ ជាក់ស្តែង​និស្សិត​ផ្នែក​ស្ទែ​ម​មួយចំនួនទៀត ក៏​នៅតែ​អាច​បន្ត​រៀន​ទាំង​ទ្រឹស្តី​ផង និង​អនុវត្ត​ផង​។ 
 
​លោក ឃឹម សៅ​គុណ ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ នៃ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកវិទ្យា​កម្ពុជា (NPIC) បាន​បញ្ជាក់ថា សម្រាប់​និស្សិត រៀន​ជំនាញ​ឬ​មុខវិជ្ជា ដែល​ទាមទារ​ការអនុវត្ត​ច្រើន គឺ​សុទ្ធតែ​អាច​បន្ត​ការរៀន​តាម​អន​ឡាញ​ផង និង​អាចអនុវត្ត​ផង ប៉ុន្តែ​ត្រូវគោរព​តាម​លក្ខខណ្ឌ ដែល​ក្រសួងសុខាភិបាល បាន​ណែនាំ​។​
 
​លោក សៅ​គុណ និយាយ​ដូច្នេះ​ថា​៖«​សម្រាប់​សិស្ស​ដែល​ត្រូវការ​អនុវត្ត គឺ​យើង​រៀប​កាលវិភាគ​ឲ្យ​គាត់​ចូល​តាម​ក្រុម​ដែលមាន​គ្នា​២ ទៅ​៣​នាក់​។ បើ​គាត់​មិនចាំបាច់​ត្រូវធ្វើ​អី​ទេ យើង​អត់​ឲ្យ​ពួកគាត់​មានការ​ជួបជុំ​ទេ​។ យើង​រៀប​តាម​គោលការណ៍​សុវត្ថិភាព​របស់​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដោយ​ណែនាំ​ឲ្យ​គាត់​ពាក់​ម៉ាស់ លាងដៃ​ពេល​ចូលក្នុង​បន្ទប់​អនុវត្ត​»​។ 
 
​បើតាម​លោក សៅ​គុណ ការណ៍​ដែល​សាលា​អនុញ្ញាត​ឲ្យ​និស្សិត​ចូល​អនុវត្ត ដោយសារ​សាលា​ចង់​ឲ្យ​និស្សិត​អាច​បន្ត​ការសិក្សា និង​យល់ច្បាស់​ពី​ការប្រើប្រាស់​ឧបករណ៍​ផ្សេងៗ​ទៅតាម​មុខជំនាញ​នីមួយៗ​របស់​ពួកគេ​។ លោក សៅ​គុណ បន្ត​បែបនេះ​ថា​៖«​ជាធម្មតា ការរៀន​ផ្នែក​បច្ចេកវិទ្យា​គឺ​ចាំបាច់​ត្រូវអនុវត្ត យើង​មិនអាច​ផ្តោត​តែ​ទ្រឹស្តី​ទេ​»​។   
 
​និស្សិត​ម្នាក់ទៀត ឈ្មោះ ផៃ លី​ហួរ រៀន​ផ្នែក​អេឡិចត្រូនិក​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកវិទ្យា​កម្ពុជា ត្រេកអរ​ចំពោះ​ការបើកឱកាស​ឲ្យ​និស្សិត​ចូល​អនុវត្ត​លើ​មុខជំនាញ​បច្ចេកវិទ្យា​ន ដែល​អាច​ឲ្យ​លោក អាច​ចូលក្នុង​បន្ទប់ពិសោធន៍ និង​អនុវត្ត សម្រាប់​បន្ត​ដំឡើង​រ៉ូ​បូត (Robot ) ជា​កិច្ចការងារ​របស់​គ្រូ សម្រាប់​ជា​ស្នាដៃ​ឲ្យ​និស្សិត​ជំនាន់​សិក្សា​បន្តទៀត​។ 
 
​និស្សិត​ឆ្នាំ​ទី​៤​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ត្រូវធ្វើ​សា​រណា​បញ្ចប់ (​នៅ​ឆ្នាំនេះ​)​។ អ៊ីចឹង​ខ្ញុំ​អត់​អាច​ត្រូវ​រង់ចាំ​ធ្វើ​នៅ​ឆ្នាំក្រោយ​បានទេ​។ អ្នក ដែល​ត្រូវ​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំនេះ គឺ​គ្រូ ផ្តល់​អាទិភាព ឲ្យ​យើង​ចូល​សាលា​សម្រាប់​ជា​កិច្ច​ស្រាវជ្រាវ​»​។​
 
STEM មកពី​ពាក្យ​ថា Science (​វិទ្យាសាស្ត្រ​) Technology (​បច្ចេកវិទ្យា​) Engineering  (​វិស្វកម្ម​) និង និង Mathematics (​គណិតវិទ្យា​)​។ ការសិក្សា​ផ្នែក STEM ត្រូវបាន​គេ​មើលឃើញថា កំពុង​ពេញនិយម​យ៉ាងខ្លាំង សម្រាប់​ទីផ្សារការងារ នា​យុគ​សម័យថ្មី​នេះ​៕ 



Tag:
 ​និស្សិត​
  វិទ្យាសាស្ត្រ​
  បច្ចេកវិទ្យា​
  STEM
  រៀន​អន​ឡាញ​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com