ONE Championship
កីឡាជាតិ
ជាតិ
Liam Harrison ប្រាប់​គូបដិបក្ខ​ពីររូប​មុន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ពី Nong-O
27, Jun 2020 , 1:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
Liam Harrison ឬ មានឈ្មោះ​ក្រៅ “Hitman” បានដាក់​គោលដៅ​មួយពេល​សង្វៀន​ត្រលប់​មកវិញ​។ ពេល​កម្មវិធី ONE Super Series ត្រលប់​មកវិញ នោះ​អ្នកគាំទ្រ​ច្បាស់​រំភើប​ព្រោះថា “Hitman” កំពុង​ដៅ​កីឡាករ​ពីររូប​មុន​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Title​។


 
 
​ជើង​ខ្លាំង​មកពី​ចក្រភព​អង់គ្លេស​កំពុង​រៀបចំខ្លួន​ដើម្បី​ប្រជែង​យក​តំណែង​កីឡាករ​កម្រិត​ខ្ពស់​ក្នុង​ពិភព​មួយ​ថៃ ឬ គេ​ហៅថា “the art of eight limbs” និង​ផ្ដោតអារម្មណ៍​ខ្លាំង​ពេល​កម្មវិធី ONE Championship នៅ​ឆ្នាំ ២០២០ នេះ​ត្រលប់​មកវិញ​ក្រោយ COVID-19 ថមថយ​។ 
 
​កីឡាករ​មកពី​ក្លិប Bad Company បាន​ប្រាប់​អំពី​គោលបំណង​បែបនេះ​៖«​ជាក់ស្ដែង​ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​ខ្លួនឯង​នៅ​រឹងមាំ​ល្អ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​ប្រកួត​,​ពេលវេលា​ប្រកួត និង ផែនការ​ដាក់ចេញ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ការ​ត្រលប់​មកវិញ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចេញស្នាដៃ និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សប្បាយចិត្ត​នៅ​សង្វៀន​ដ៏​ធំ​នេះ​»​។ 
 
​គិតដល់​ពេលនេះ Harrison ប្រកួត​បាន​៣​លើក​រួចមកហើយ​នៅ​សង្វៀន​អន្តរជាតិ​មួយ​នេះ​រួមទាំង​ការប្រកួត​ល្អ​បំផុត​ទល់នឹង​ជើង​ខ្លាំង​ថៃ Rodlek PK.Saenchaimuaythaigym នៅ​កម្មវិធី ONE: LEGENDARY QUEST និង ផ្ដួល Mohammed “Jordan Boy” Bin Mahmoud នាពេល​ថ្មីៗ​នេះ​នៅ​កម្មវិធី ONE: A NEW TOMORROW​។ Harrison បន្ត​អភិវឌ្ឍ​ខ្លួន​ដើម្បី​ឲ្យ​ក្លាយជា​កីឡាករ​ចំណាត់ថ្នាក់​កំពូល​របស់ ONE  និង ដាក់​ទិសដៅ​មួយចំនួន​។ 
 
«​បើសិន​ជួប Rodlek ជាថ្មី​ម្ដងទៀត​រឹតតែ​ល្អ ប៉ុន្តែ​ខ្ញុំ​ចង់​ក្លាយជា​កីឡាករ​ស្ថិត​ចំណាត់ថ្នាក់​ក្នុងចំណោម​៥​នាក់​នៃ​ចំណាត់ថ្នាក់​ទូទៅ​របស់ ONE លើ​ក្បាច់​មួយ​ថៃ​។ ខ្ញុំ​ឃើញ Muangthai [PK.Saenchaimuaythaigym] មាន​ចំណាត់ថ្នាក់​លេខ​៥ ហើយ Bobo Sacko នៅ​ចំណាត់ថ្នាក់​លេខ​២​។ ដូច្នេះ​បើ​ជួប​គេ​ទាំងពីរ​ក៏​ល្អ​ដែរ​»​។ កីឡាករ​មកពី​ក្រុង Leeds បង្ហាញ​តម្រុយ​បែបនេះ​។ 
 
“Hitman” មាន​ប្រវត្តិ​ជួប Sacko រួចមកហើយ ហើយ​វា​ជា​រឿង​ល្អ​បើសិន​ជួប​គេ​សាជាថ្មី​នៅ​សង្វៀន​ថ្មី​។ 
 
Harrison និយាយថា ៖«Sacko បានឈ្នះ​ខ្ញុំ​កាល​ប្រកួត​នៅ​បារាំង​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លងទៅ​។ ដូច្នេះ​ការប្រកួត​សងសឹក​ពិតជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំជួលចិត្ត​មិន​ខាន​។ យើង​ប្រកួត​ដោយ​ប្រើ​ហ្ក​ង់​ពាក់​ដៃ​ធំ ហើយ​ខ្ញុំ​បាក់ជើង​នៅ​ទឹក​ទី​៣​នាពេលនោះ ។ វា​ជា​រឿង​អាក្រក់​សម្រាប់​ខ្ញុំ​។ ដូច្នេះ​ខ្ញុំ​ចង់​ជួប​គេ​ជាថ្មី​»​។ 


 
​ក្រៅពី​គិត​លើ​ជំនួប Sacko អ្នកលេង​មួយ​ថៃ​មកពី​អង់គ្លេស​ក៏បាន​គិត​អំពី​កីឡាករ Muangthai ដែលជា​ម្ចាស់​ជើងឯក​សង្វៀន Lumpinee និង Channel 7 Stadium Muay Thai World Champion នឹង​ក្លាយជា​ការប្រកួត​ជក់ចិត្ត​មួយ​ដែរ​។ 
 
​កីឡាករ​ថៃ​រហស្សនាម “Elbow Zombie” ពិតជា​អង់អាច​ណាស់ និង​មាន​ជំនាញ​ប្រើ​ក្បាច់​ក្នុង​ចម្ងាយ​ជិត​ទៀតផង​។ ប៉ុន្តែ “Hitman” ដឹង​អំពី​វិធី​ទប់ទល់​កីឡាករ​ថៃ​រូបនេះ​រួចទៅហើយ​។ 
Harrison រៀបរាប ៖«​ខ្ញុំ​ចង់​តតាំង​ជាមួយ​គេ ហើយ​វា​ច្បាស់​ជា​ល្អមើល​ណាស់​សម្រាប់​អ្នកគាំទ្រ​។ គ្រប់គ្នា​នឹង​ផ្ដោតអារម្មណ៍​ខ្លាំង​ទោះជា​ចាញ់ ឬ ឈ្នះ​។ ខ្ញុំ​មិន​ច្បាស់​យ៉ាងណាទេ ប៉ុន្តែ ៩៩% ការប្រកួត​អាច​កើតឡើង​»​។ 
 
​បើ​អាច​យកឈ្នះ​កីឡាករ​ខ្លាំងៗ​ទាំងពីរ​ខាងលើ Harrison ដាក់​គោលដៅ​ទៅ​ប្រកួត​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់ bantamweight កីឡាករ Nong-O Gaiyanghadao​។  Nong-O គ្រង​ខ្សែក្រវាត់​នេះ​តាំងពី​បង្ហាញខ្លួន​ដំបូង​នៅ​ឆ្នាំ ២០១៨ ដែល​មិន​ចាញ់​សោះ​ពោល​ឈ្នះ​៦​ដង​(​មិនដែល​ចាញ់​) នៅ​សង្វៀន ONE​។ ខ្សែក្រវាត់​នេះ​ជាការ​ប៉ុនប៉ង​របស់ “Hitman” ដើម្បី​បង្កើត​កំណត់ត្រា​របស់ខ្លួន​ក្នុង​អាជីព​។ 
 
«​បើ​ខ្ញុំ​ឈ្នះ​ការប្រកួត​លើ​ក្រោយ​ដោយ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់  នោះ​គ្មាន​ហេតុផល​ណា​ដែល​មិនអាច​ជួប Nong-O ឡើយ​។ ខ្ញុំ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ក្នុងការ​ប្រកួត​ចុងក្រោយ​របស់ខ្ញុំ ដូច្នេះ​ការ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ថែមទៀត ខ្ញុំ​នឹង​ឈានទៅ​កម្រិត​ខ្ពស់​មួយទៀត​ដើម្បី​ប៉ះ Nong-O»​។ ម្ចាស់​ខ្សែក្រវាត់ Muay Thai World Champion ចំនួន​៨​សម័យ​តាំងចិត្ត​ដូច្នេះ​។ 
Harrison សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​មិន​ខ្វល់​អំពី​ខ្សែក្រវាត់​ដទៃ​ជាជាង​ខ្សែក្រវាត់​នៅ ONE Championship នោះឡើយ​។ នេះ​ជា​រឿង​តែមួយគត់​ដែល​ខ្ញុំ​គិត និង យកចិត្តទុកដាក់​មុនពេល​ខ្ញុំ​ចូលនិវត្តន៍​»៕



© រក្សាសិទ្ធិដោយ thmeythmey.com