COVID-19
អន្តរជាតិ
ឥណ្ឌា​កើន​ករណី​ឆ្លង​COVID-19 ដល់​ជាង​៥០​ម៉ឺន​ករណី​
27, Jun 2020 , 3:39 pm        
រូបភាព
ក្រុមគ្រូពេទ្យឥណ្ឌាពាក់សំលៀកបំពាក់ការពារ COVID-19។ រូបភាព៖ AFP
ក្រុមគ្រូពេទ្យឥណ្ឌាពាក់សំលៀកបំពាក់ការពារ COVID-19។ រូបភាព៖ AFP
​ឥណ្ឌា មាន​ករណី​ឆ្លង​COVID-19 កើន​លើស ៥០​ម៉ឺន​ករណី​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​២៦ ខែមិថុនា​។ ចំនួន​នេះ បានធ្វើ​ឲ្យ​ឥណ្ឌា​ឈរ​នៅ​លំដាប់​ទី​៤​នៃ​ប្រទេស​មាន COVID-19 ច្រើនជាងគេបង្អស់​។ បើតាម​ការអះអាង​រប​ស់​អ្នកជំនាញ ឥណ្ឌា​អាច​នឹង​កើន​ករណី​COVID-19 សរុប​រហូតដល់ ១​លាន​ករណី នៅមុខ​ដំណាច់​ខែកក្កដា​។


 
​ជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី​៤ នៃ​ប្រទេស​មាន​COVID-19 ច្រើនជាងគេ ឥណ្ឌា​នៅ​ថ្ងៃទី​២៦ ខែមិថុនា បាន​កើន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​រហូតដល់ ៥០៩៧៣៧​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ១៥៧០០​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៩៦០២៨​នាក់​។ នេះ​បើតាម​តួលេខ​របស់​វេ​ប​សាយ Worldometer​។ 
 
​បើតាម​ការវាយតម្លៃរ​បស់​អ្នកជំនាញ តួលេខ​នេះ នឹង​កើនឡើង​ថែមទៀត ហើយ​ឥណ្ឌា​អាច​នឹងមាន​ករណី​ឆ្លង​COVID-19 លើសពី​១​លាន​ករណី នៅមុន​ដំណាច់​ខែកក្កដា​។ 
 
​ដោយសារ​អត្រា​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ក្នុង​មួយថ្ងៃៗ​មាន​ចំនួន​ច្រើន រដ្ឋាភិបាល​នៅក្នុង​រដ្ឋ​ខ្លះ​របស់​ឥណ្ឌា កំពុង​ពិចារណា​បិទ​តំបន់​សារជាថ្មី ខណៈពេល​ប្រទេស​នេះ ទើបតែ​ចាប់ផ្តើម​បើក​ប្រទេស​ឡើងវិញ បន្ទាប់ពី​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង​។​
 
​ឥណ្ឌា ជា​ប្រទេសមួយ​មាន​ដង់ស៊ីតេ​ប្រជាជន​រស់នៅក្នុង​តំបន់​ច្រើន​។ បញ្ហា​នេះ ក៏​នាំ​ឲ្យ​មាន​អត្រា​ឆ្លង​នៃ​កូ​រ៉ូ​ណាវី​រុស កើន​លឿន​ផងដែរ​។ នៅក្នុង​ថ្ងៃទី​២៦ ខែមិថុនា ឥណ្ឌា​មាន​ករណី​ឆ្លង COVID-19 ចំនួន ១៨២៧៦​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៣៨១​នាក់​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ពិភពលោក មាន​ករណី​ឆ្លង COVID-19 ជិត​១០​លាន​ករណី អ្នកស្លាប់​មាន​ចំនួន​ជិត ៥០​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ៥,៣​លាន​នាក់​៕ 
 

Tag:
 ឥណ្ឌា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com