ជាតិ
ធនាគារពិភពលោក បានអនុម័តឥណទាន៩៣លានដុល្លារ សម្រាប់គម្រោងLASED III នៅកម្ពុជា ពលរដ្ឋ បានទទួលប្លង់កម្មសិទ្ធិដីសម្បទានសង្គមកិច្ច ក្រោមគម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២» (LASED II) កាលពីពេលកន្លងទៅ។
× ក្រុមប្រឹក្សាភិបាល នៃធនាគារពិភពលោក បានអនុម័តឥណទាន ៩៣លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ «គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣» (LASED III) នៅប្រទេសកម្ពុជា។ គម្រោងនេះនឹងជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកសិកម្ម និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ នេះបើតាសេចក្តីប្រកាសព័ត៌មានរបស់ធនាគាពិភពលោក នៅប្រទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៦មិថុនា ឆ្នាំ២០២០។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា លទ្ធភាពទទួលបានដីធ្លី និងការផ្តល់សេវា និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដើម្បីបង្កើនផលិតភាពកសិកម្ម ក៏ដូចជាការទទួលបានសេវាសាធារណៈល្អប្រសើរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាជនក្រីក្រដែលរស់នៅតាមទីជនបទ។ លោកស្រី អ៊ីនហ្គូណា ដូប្រាចា បន្តថា៖«គម្រោង LASED ជំហាន៣ នេះ នឹងបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដីនិងគ្រួសារខ្វះដី និងធានាឱ្យមានសន្តិសុខផ្នែកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច នៅតាមតំបន់គោលដៅរបស់គម្រោងនេះ»។
គម្រោង LASED ជំហាន៣ នឹងបន្តពង្រីកសមិទ្ធផលថែមទៀត ពីគម្រោងជំហាន១ និងជំហាន២ នៅក្នុងការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។ ការផ្តល់សិទ្ធិកាន់កាប់ដីធ្លី សម្រាប់សហគមន៍ជនជាតិដើមភាគតិច នឹងជួយគាំទ្រផងដែរដល់ដំណើរការផ្តល់សិទ្ធិកាន់កាប់ដីធ្លី របស់សហគមន៍ជនជាតិដើមភាគតិច ដែលកំពុងតែប្រព្រឹត្តទៅ ឱ្យបានឈានទៅចប់សព្វគ្រប់។ ជាមួយគ្នានេះ គម្រោងនឹងផ្តល់ជំនួយដល់បណ្តាសហគមន៍ដែលបានបញ្ចប់ដំណើរការផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច រួចរាល់ហើយ ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាដដែល។
ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានឲ្យដឹងទៀតថា គម្រោង LASED ជំហាន៣ នឹងគ្របដណ្តប់ទៅលើទីតាំងនិ ងសហគមន៍ចំនួន៧១ នៅក្នុងខេត្តទាំងអស់ នៃប្រទេសកម្ពុជា លើកលែងតែរាជធានីភ្នំពេញ។ គម្រោងនេះ នឹងជួយដល់ការកសាងផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច សម្បទាផ្នែកផ្គត់ផ្គង់សេវាទឹកស្អាត និងអនាម័យ អគារសាលារៀន ផ្ទះគ្រូបង្រៀន ប៉ុស្តិ៍សុខភាព និងមណ្ឌលសហគមន៍។ អ្នកទទួលផលថ្មី ពីកម្មវិធីដីសម្បទានសង្គមកិច្ច នឹងទទួលបានជំនួយសម្រាប់ការដាំដុះឆ្នាំដំបូងរបស់ខ្លួន ក្នុងនោះមានគ្រាប់ពូជផងដែរ។
គម្រោងនេះ នឹងផ្តល់ជំនួយបច្ចេកទេសផងដែរ ដើម្បីអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាត ផ្នែកអាកាសធាតុ បង្កើតសមាគមន៍កសិករសម្រាប់ជាប្រយោជន៍ ដល់សកម្មភាពផលិតកម្ម និងទីផ្សារ និងដើម្បីគ្រប់គ្រងមូលនិធិសហគមន៍ សម្រាប់ពង្រីកសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន។
តាមធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ការជួយឱ្យកសិករខ្នាតតូច និងសហគមន៍ជនបទមានលទ្ធភាពប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិតាមរបៀបមួយមានចីរភាព និងឋិតថេរយូរអង្វែង គឺជាផ្នែកស្នូលមួយ នៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនេះ រដ្ឋាភិបាលបានបង្កើតឡើងនូវក្របខណ្ឌច្បាប់សម្រាប់ការធ្វើសម្បទានដីសង្គមកិច្ច ដែលពង្រីកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់ជនក្រីក្រគ្មានដីនៅតាមទីជនបទ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏លើកកម្ពស់ផងដែរនូវការផ្តល់សិទ្ធិកាន់កាប់ដីធ្លីសហគមន៍ជនជាតិដើមភាគតិច ដើម្បីពង្រឹងពង្រីកសិទ្ធិរបស់ពួកគេនៅក្នុងការកាន់កាប់ដីធ្លី។
ចាប់តាំងពីឆ្នាំ២០០៨មក គម្រោង LASED ជំហាន១ និងជំហាន២ ដែលទទួលបានការឧបត្ថម្ភតាមរយៈធនាគារពិភពលោក បានគាំទ្រកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងគោលដៅជំរុញឱ្យមានការបែងចែកដីដល់ជនក្រីក្រ តាមដំណើរការមួយមានចីរភាព និងតម្លាភាពឈានទៅសម្រេចបានជោគជ័យ។ ធនាគារពិភពលោកប្រចាំកម្ពុជាបន្តទៀតថា គម្រោងទាំងនេះ បានជួយដល់ការអភិវឌ្ឍផ្លូវជនបទ ការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការសាងសង់សាលាបឋមសិក្សា ប៉ុស្តិ៍សុខភាព ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកែលម្អការដាំដុះ និងជួយគាំទ្រដល់ការបង្កើតឱ្យមានសេវាកាន់តែច្រើនទៀតសម្រាប់កសិករ។ តាមរយៈគម្រោងទាំងពីរដំណាក់កាលមកនេះ កម្ពុជាបានបែងចែកដីធ្លីចំនួន ១៧០០០ហិកតា សម្រាប់សង់លំនៅឋាននិងធ្វើការដាំដុះ ដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី ចំនួនជាង ៥០០០ គ្រួសារ ក្នុងនោះមានជាង ៣៣៦០គ្រួសារ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួចហើយ។
Tag:
World Bank
LASED III
ឥណទាន
ធនាគារពិភពលោក
ជនជាតិដើមភាគតិច
ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com