អន្តរជាតិ
ចិន និងឥណ្ឌា ដំឡើងសាច់ដុំដាក់គ្នានៅតាមតំបន់ក្បែរព្រំដែនជម្លោះ រូបភាព៖ South China Morning Post
× ភាពតានតឹងនៅតំបន់ព្រំដែនឥណ្ឌា-ចិន មិនទាន់មានភាពធូរស្រាលទេ បើទោះបីជាប្រទេសនុយក្លេអ៊ែរទាំងពីរ មានកិច្ចចរចាគ្នា ដើម្បីបន្ធូរបន្ថយការប្រឈមមុខដាក់គ្នាក៏ដោយ។ ភាគីទាំងពីរ បានបញ្ជូនកងទ័ពទៅកាន់ព្រំដែនជម្លោះរៀងៗខ្លួន។ មិនត្រឹមតែបញ្ជូនកងទ័ពទេ ទីក្រុងប៉េកាំង និងទីក្រុងញូវដែលី បានធ្វើសមយុទ្ធយោធា និងបាញ់អាវុធសាកល្បង នៅតាមតំបន់ក្បែរព្រំដែនជម្លោះថែមទៀត។ នេះបើតាមចុះផ្សាយរបស់កាសែតហុងកុង South China Morning Post នៅថ្ងៃទី២៧ ខែមិថុនា។
បើទោះបីជាមានជំនួបចរចា ចាប់តាំងពីថ្នាក់រដ្ឋមន្ត្រី ដល់មេបញ្ជាការយោធា ដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅតាមបណ្តោយព្រំដែនចិន និងឥណ្ឌាក៏ដោយ ភាពតានតឹងរវាងយក្សនុយក្លេអ៊ែរទាំងពីរ នៅតែបន្តកើតមានដដែល។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters ចិនបានសាងសង់ ជំរំយោធា និងសាងសង់លេណដ្ឋាន និងសំណង់ផ្សេងទៀត។ ចំណែកឥណ្ឌា បានបន្ថែមកម្លាំងយោធាទៅតំបន់ព្រំដែន។
ក្រៅពីការបន្ថែមកម្លាំងយោធា និងសាងសង់សំណង់ផ្សេងៗនៅតាមព្រំដែន ចិន និងឥណ្ឌា បានបញ្ចេញសាច់ដុំដាក់គ្នា តាមរយៈការធ្វើសមយុទ្ធយោធាតាមតំបន់ព្រំដែន។ តាមការចុះផ្សាយរបស់ទូរទស្សន៍ចិន ដែលគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជនចិន(PLA) នៅថ្ងៃទី២៤ ខែមិថុនា កងទ័ពជើងគោកចិន បានរៀបចំប្រតិបត្តិការមួយ ដើម្បីសាកល្បងជំនាញដឹកជញ្ជូនកងទ័ព និងជំនាញបច្ចេកទេសនៅក្នុងតំបន់ទីបេ។
តាមការចុះផ្សាយរបស់ទូរទស្សន៍ដដែល នៅក្នុងថ្ងៃទី២២ ខែមិថុនា ចិន បានហ្វឹតហាត់ និងសាកល្បងបាញ់ រថពាសដែកប្រភេទ Type 15 ចំនួន ៣គ្រឿង, រថពាសដែកប្រភេទ PLZ-07 ចំនួន ៥គ្រឿង, និងរថយន្តបាញ់គ្រាប់រ៉ុក្កែត ប្រភេទType 81 ចំនួន ៣គ្រឿង។ បន្ថែមពីនេះ ចិនក៏បានហ្វឹកហាត់យោធា ឧទ្ធម្ភាគចក្រ និងដ្រូនជាដើម នៅភាគខាងត្បូងនៃតំបន់ទីបេ។
ចំណែកភាគីឥណ្ឌាវិញ ក៏មិនខុសពីចិនដែរ។ ឥណ្ឌា បានសាកល្បងកម្លាំងយោធារបស់ខ្លួន ដើម្បីកម្លាដាក់ចិន។ តាមការចុះផ្សាយរបស់សារព័ត៌មាន Zee News ឥណ្ឌាបានធ្វើសមយុទ្ធយោធានៅក្នុងតំបន់Ladakh ដែលនៅជិតនឹងតំបន់ជម្លោះ។ ក្នុងសមយុទ្ធយោធានេះ ឥណ្ឌាបានប្រើប្រាស់រថពាសដែកប្រភេទ T-90 Bhishma។ ក្រៅពីធ្វើសមយុទ្ធ ឥណ្ឌាក៏បានប្រើប្រាស់កងទ័ពអាកាសរបស់ខ្លួន ដើម្បីត្រួតពិនិត្យមើលតំបន់ជម្លោះផងដែរ។
សូមបញ្ជាក់ថា ការប៉ះទង្គិចរវាងចិន និងឥណ្ឌា នាថ្ងៃទី១៥ ខែមិថុនា បានបណ្តាលឲ្យកងទ័ពឥណ្ឌាស្លាប់ ២០នាក់ និងរបួសជាច្រើននាក់ ខណៈទីក្រុងប៉េកាំង មិនបានបញ្ចេញតួលេខ ឬព័ត៌មានណាមួយឡើយ ជុំវិញការស្លាប់ និងរបួសនៃទាហានរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com