លោក ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានផ្តល់ដីទំហំប្រមាណ១ហិកតា ដើម្បីសាងសង់ក្លិបបង្ហាត់ក្បាច់គុន និងបង្រៀនសិល្បៈដោយឥតគិតថ្លៃ នៅស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល។ មកទល់ពេលនេះ ក្លិប ដែលមានឈ្មោះថា «អង្គរក្សសម្តេចតេជោជើងព្រៃទី២»សាងសង់បានប្រមាណ៩០ភាគរយហើយ។
ក្លិបហាត់ក្បាច់គុន និងបង្រៀនសិល្បៈដ៏ធំមួយ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈការសាងសង់រួចរាល់ប្រមាណ៩០ភាគរយហើយ នៅតែបំពាក់ឧបករណ៍ប៉ុណ្ណោះ។ ក្លិបនេះឈ្មោះថា«អង្គរក្សសម្តេចតេជោជើងព្រៃទី២» ដែលគ្រោងបញ្ចប់ការសាងសង់ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់លោកលោក ម៉ក់ សំអុល ស្ថាបនិក និងជាម្ចាស់ក្លិបអង្គរក្សសម្តេចតេជោជើងព្រៃទី២។
ក្លិបនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ១ហិកតា ដែលមានចម្ងាយជាង១គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ បើតាមលោក ម៉ក់ សំអុល ទីប្រឹក្សាសម្តេច ហ៊ុន សែន ផងនោះ ដីប្រមាណ១ហិកតានេះ ជាដីផ្ទាល់ខ្លួនរបស់ លោក តែថវិកាទ្រទ្រង់លើការសាងសង់ប្រមាណ១០ម៉ឺនដុល្លារ ជាជំនួយរបស់លោក ហ៊ុន ម៉ាណិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា។
ការស្រលាញ់ និងចង់ជួយអភិវឌ្ឍន៍វិស័យកីឡាប្រយុទ្ធ និងសិល្បៈភាពយន្តកម្ពុជាឲ្យកាន់តែមានរីកចម្រើន គឺជាហេតុផលតែមួយគត់ ដែលជំរុញឲ្យលោក ម៉ក់ សំអុល លះបង់ទាំងកម្លាំងកាយ និងធនធានបែបនេះ។ ការចង់ផ្តល់ឱកាសឲ្យយុវជន ពុំសូវមានលទ្ធភាពបានហាត់ក្បាច់គុន និងសិក្សាពីវិស័យសិល្បៈភាពយន្ត ក៏ស្ថិតក្នុងគោលបំណងរបស់លោកផងដែរ។
«ខ្ញុំចូលចិត្តវិស័យកីឡា និងសិល្បៈ តាំងពីខ្ញុំពេញវ័យ។ ខ្ញុំមានសំណាងដោយសារមានដុង(ទេពកោសល្យ)ខាងនឹង ដូច្នេះរៀនឆាប់យល់។ គោលបំណងរបស់ខ្ញុំ ចង់ធ្វើគ្រូ អ៊ីចឹងបានកាលពីដើមខ្ញុំរៀងទាំងទ្រឹស្តីនិងការអនុវត្តក្នុងការបង្ហាត់បង្រៀន ហើយខ្ញុំបានស្ម័គ្រចិត្តមុនគេបង្អស់នៅជំនាន់នោះ ប៉ុន្តែគេចាយលុយដែរកាលជំនាន់សម័យសាធារណៈរដ្ឋខ្មែរ តែខ្ញុំនៅតែបង្ហាត់ក្មេងមិនយកលុយ»។ នេះជាការបង្ហាញហេតុផលរបស់លោក ម៉ក់ សំអុល។
លោក ម៉ក់ សំអុល បានបញ្ជាក់ថា ការហ្វឹកហាត់ក្បាច់គុន និងសិក្សាជំនាញសិល្បៈភាពយន្តនៅក្លិបរបស់លោកគ្មានការបង់ប្រាក់នោះទេ។ លើសពីនេះ ពួកគេ ថែមទាំងទទួលបានការស្នាក់នៅ និងហូបចុកដោយឥតគិតថ្លៃទៀតផង។ ក្រៅពីទីលានហ្វឹកហាត់ក្បាច់គុនដែលអាចផ្ទុកអ្នកហាត់ប្រមាណ១០០នាក់ និងកន្លែងថតភាពយន្ត ក្លិប«អង្គរក្សសម្តេចតេជោជើងព្រៃទី២» ក៏បានសាងសង់អគារស្នាក់នៅរបស់កីឡាករ និងគ្រូបង្វឹកផងដែរ។
នេះមិនមែនជាលើកទី១នោះទេសម្រាប់លោក ម៉ក់ សំអុល ក្នុងការបង្កើតក្លិបបង្ហាត់ក្បាច់គុនដោយឥតគិតថ្លៃ។ ពោលគឺលោកធ្លាប់បង្កើតក្លិបបង្ហាត់ក្បាច់គុនលក្ខណៈបែបនេះម្តងរួចមកហើយនៅបុរីកីឡាកាលពីអំឡុងឆ្នាំ១៩៨០។ កាលណោះ លោក មិនត្រឹមតែផ្តល់ការហ្វឹកហាត់ដោយឥតគិតថ្លៃនោះទេ ថែមទាំងជួយរកការងារធ្វើឲ្យកីឡាករ និងគ្រូបង្វឹកទៀតផង។
លោក ម៉ក់ សំអុល បានរំលឹកថា កាលលោកនៅជាអង្គរក្សរបស់សម្តេច ហ៊ុន សែន ចន្លោះពីឆ្នាំ១៩៨៧ដល់ឆ្នាំ១៩៩៥ លោកបានជួយកីឡាករ និងគ្រូបង្វឹក ដែលហ្វឹកហាត់និងបង្វឹកក្នុងក្លិបរបស់លោករាប់រយនាក់ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។
មុនផ្តល់ទីតាំងសាងសង់ ក្លិបអង្គរក្សសម្តេចតេជោជើងព្រៃទី២ ប្រធានសមាគមកីឡាប្រយុទ្ធរបស់ក្រសួងមហាផ្ទៃរូបនេះ បានផ្តល់ទីតាំងសាងសង់ក្លិប«អង្គរក្សសម្តេចតេជោជើងព្រៃទី១»មួយកន្លែងរួចមកហើយ។ បើតាមការបញ្ជាក់របស់លោក ម៉ក់ សំអុល ក្លិបទី១របស់លោកសាងសង់លើផ្ទៃដីជិតកន្លះហិកតា ដោយចំណាយថវិកាអស់ជាង៦ម៉ឺនដុល្លារ ដែលជាជំនួយសប្បុរសជន៕