COVID-19
ជាតិ
ជនអនាថា អាច​ស្នើសុំ​ធ្វើ​បណ្ណ​សមធម៌​បាន លុះត្រាតែ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​
27, Jun 2020 , 10:29 pm        
រូបភាព
លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីនីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ
លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីនីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ
​ភ្នំពេញ​៖ ជនអនាថា​ដូចជា អ្នក​រើស​អេតចាយ និង​អ្នកសុំទាន អាច​ស្នើសុំ​ធ្វើ​បណ្ណ​សមធម៌​បាន​លុះត្រាតែ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ថេ​ង បញ្ញា​ធន អគ្គនាយក​ផែនការ​នៃ​ក្រសួងផែនការ នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​នីតិវិធី និង​ដំណើរការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី ២៥ មិថុនា​។


​លោក បញ្ញា​ធន ពន្យល់ថា ការណ៍​ដែល​តម្រូវ​ឲ្យ​ពួកគាត់​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ ក៏​ព្រោះតែ​ការស្នើសុំ​ធ្វើ​បណ្ណ​នេះ គឺធ្វើឡើង​ផ្អែក​តាម​បណ្ណ ឬ​សៀវភៅ​គ្រួសារ​នៅតាម​មូលដ្ឋាន​ដែល​ពួកគេ​រស់នៅ​។ លោក ថេ​ង បញ្ញា​ធន ថា​មានតែ​អាជ្ញាធរ​មូលដ្ឋាន​ទេ ដែល​ដឹងថា នរណា​ជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ លោក បញ្ញា​ធន ថ្លែងថា​៖«​ពេល​យើង​កំណត់​នៅ​ភូមិ​ឃុំ​(​ធ្វើ​បណ្ណ​សមធម៌​)  គឺ​គ្របដណ្ដប់​អស់ហើយ អត់​មាន​អ្នក​នៅក្រៅ​ទេ​។ អីចឹង​បើសិន​មាន​អ្នក​មក​រើស​អេតចាយ សុំទាន​តាម​ទីប្រជុំជន មាន​បណ្ណគ្រួសារ​អ្នក​នៅ​ភ្នំពេញ ឬ​ទីប្រជុំជន​គឺ​យើង​កំណត់​គាត់​។ ប៉ុន្តែ​បើ​គាត់​មាន​បណ្ណគ្រួសារ​នៅ​កំពត យើង​អត់​អាច​កំណត់​បានទេ លុះត្រា​ពួកគាត់​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​»​។ 
 
​បើតាម​តួលេខ​ពលរដ្ឋ​ក្រីក្រ ដែល​ក្រសួងផែនការ​ចុះ​ស្រង់​ទិន្ន័យ​ជុំ​ទី​១ ពលរដ្ឋ​ក្រីក្រ មាន​ប្រមាណ​៦០​ម៉ឺន​គ្រួសារ ឬ​ស្មើនឹង​២,៣​លាន​នាក់​។ ក្រសួងផែនការ នឹង​បន្ត​ចុះ​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ក្រីក្រ ក្នុង​ជុំ​ទី​២ នៅ​ចុងខែ​មិថុនា ហើយ​ការងារ​ចុះ​ស្រង់​ទិន្នន័យ នឹងត្រូវ​ធ្វើ​ឡើងជា​បន្ត​បន្ទាប់​ទៀត​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានជា​ផ្លូវការ នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ភាពក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ ដល់​ពលរដ្ឋ​ប្រមាណ​៦០​ម៉ឺន​គ្រួ​សារបណ្ណ​សមធម៌​ខាងលើនេះ កាលពី​ថ្ងៃទី​២៤ ខែមិថុនា​។ នៅក្នុង​ពិធី​ដដែល​នេះ សម្តេច ហ៊ុន សែន ក៏បាន​ប្រា់​ឲ្យ​អាជ្ញាធរខេត្ត និង​ក្រសួងផែនការ តាមដាន​ស្ថានភាព​ជីវភាព​របស់​ប្រជាជន​ឲ្យ​ដិតដល់ ដើម្បី​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​រៀបចំ​ផ្ដល់​ថវិកា​ឲ្យ​បាន​គ្រប់​ចំនួន​៕
 
អត្ថបទទាក់ទង
 

Tag:
 បណ្ណ​សមធម៌​
 ​ពលរដ្ឋ​ក្រីក្រ​
 ​កូ​វីដ​-១៩
 Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com