COVID-19
អន្តរជាតិ
វៀតណាម​៖ អាស៊ាន​ចង់ឃើញ អាមេរិក​-​ចិន ទុក​រឿង​ថ្នាំងថ្នាក់​មួយ​ឡែក ហើយ​មក​សហការគ្នា​ដើម្បី​ប្រយោជន៍​សកល​
27, Jun 2020 , 5:59 pm        
រូបភាព
រូបភាពពីកាសែតចិនស៊ីនហួរ
រូបភាពពីកាសែតចិនស៊ីនហួរ
ដោយ:
​រដ្ឋាភិបាល​វៀតណាម និង​ជា​ប្រធាន​វិលជុំ​អាស៊ាន​បច្ចុប្បន្ន បានបង្ហាញ​គោលជំហរ​ចង់ឃើញ​មហាអំណាច​ពីរ​គឺ​អាមេរិក និង​ចិន ធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​នឹង​គ្នា​ឡើងវិញ ខណៈ​ទុក​រឿងចម្រូងចម្រាស់​រួមជាមួយ​នឹង​គ្នា​នៅ​មួយអន្លើ​សិន​។ វៀតណាម យល់ឃើញថា នៅពេលដែល​ភាគី​ទាំងពីរ ធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​នឹង​គ្នា មិន​ត្រឹមតែ​ផ្តល់​ប្រយោជន៍​ដល់​មហាអំណាច​ទាំងពីរ​នោះទេ តែ​ដល់​អាស៊ាន ក៏ដូចជា​ពិភពលោក​ផងដែរ​។

 
​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc តាមរយៈ​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​កំពូល​លើក​ទី​៣៦​របស់​អាស៊ាន​នៅ​ថ្ងៃ​២៦ មិថុនា បាន​ឲ្យ​ដឹងថា វៀតណាម ក៏ដូចជា​អាស៊ាន ពិតជា​ចង់​ឲ្យ​អាមេរិក និង​ចិន ផ្តោតលើ​ចំណុចរួម និង​ត្រូវ​រូ​វ​គ្នា ខណៈ​ព្យាយាម​ជម្នះ​រឿង​ប្រទាំង​ប្រទើស​គ្នា ដើម្បី​ផលប្រយោជន៍​រួម ជាពិសេស​នោះ​សហគមន៍​អន្តរជាតិ ដែល​កំពុងតែ​ជាប់ផុង​នឹង​វិបត្តិ​វីរុស Covid-19​។​
 
​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន Vietnam News លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា ខណៈ​ស្ថានភាព​វីរុស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ស្ថិតនៅក្រោម​ការគ្រប់គ្រង​បាន សមាជិក​អាស៊ាន កំពុង​ស្វែងរក​មធ្យោបាយ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុងស្រុក និង​អន្តរ​តំបន់​។ លោក សង្កត់ធ្ងន់ថា អាស៊ាន នឹង​សាទរ​បំផុត​ប្រសិន​អាមេរិក និង​ចិន ដែលជា​គូ​ដៃ​យុទ្ធសាស្ត្រ​អាស៊ាន​ដ៏​សំខាន់​អាចធ្វើ​ប្រតិបត្តិការ​ដើម្បី​ធ្វើ​ឲ្យ​តំបន់​ប្រកប​ភាពរុងរឿង ស្ថិរភាព និង​សន្តិភាព​។​
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ ក៏បាន​អះអាង​ផងដែរ​ថា វៀតណាម និង​អាស៊ាន នឹងមិន​ប្រកាន់យក​ភាគី​ណា​ឡើយ ព្រោះ​អាមេរិក និង​ចិន សុទ្ធសឹងតែ​ជា​ដៃគូ​សំខាន់ ជាពិសេស​នោះ​លើ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​តែម្តង​។​
 
​លោក បន្ថែមថា អាស៊ាន​ចង់​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយនឹង​ចិន និង​អាមេរិក ដើម្បី​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អប្រសើរ ហើយ​អាស៊ាន កំពុងតែ​ស្វែងរក​មធ្យោបាយ​ដើម្បី​ផ្សារភ្ជាប់ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​ទាំងពីរ ក្នុងស្ថានភាព​តានតឹង ទាំង​អតីតកាល និង​អនាគត​៕

Tag:
 អាស៊ាន​
  អាមេរិក​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com