COVID-19
អន្តរជាតិ
ហ្វីលីពីន និង​វៀតណាម ព្រមាន​ពី​ការកើនឡើង​នៃ​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​
28, Jun 2020 , 9:32 am        
រូបភាព
រូបភាពពីការិយាល័យប្រធានាធិបតីហ្វីលីពីន។
រូបភាពពីការិយាល័យប្រធានាធិបតីហ្វីលីពីន។
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​រដ្ឋាភិបាល​ក្រុង​ហាណូយ បានបង្ហាញ​ពី​ក្តីបារម្ភ​ដូចគ្នា​ពី​ការកើនឡើង​នៃ​បញ្ហា​អសន្តិសុខ​នៅក្នុង​តំបន់ ជាពិសេស​នៅ​តំបន់​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ប្រមុខ​ដឹកនាំ​ទាំងពីរ បាន​មើលឃើញ ថា ភាគី​ពាក់ព័ន្ធ​ខ្លះ បាន​បង្កើន​សកម្មភាព​បំពាន ខណៈដែល​តំបន់ និង​ពិភពលោក កំពុងតែ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​វីរុស​រាតត្បាត Covid-19​។​

 
​តាមរយៈ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ថ្ងៃ​២៦ មិថុនា លោក​ប្រធានាធិបតី​ហ្វីលីពីន  Rodrigo Duterte បានលើកឡើង​ក្នុង​អង្គប្រជុំ ថា ទោះបី​តំបន់​អាស៊ីអាគ្នេយ៍​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Covid-19 ក៏ដោយ នៅតែមាន​ករណី​នៃ​ការប៉ះទង្គិច​គ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បន្ត​កើតឡើង ដែល​បង្កដោយ​ភាគី​ខ្លះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Post​។​
 
​ខណៈ​មិន​បញ្ជាក់​ចំឈ្មោះ​ភាគី ឬ​ប្រទេស ដែល​នៅ​បន្តសកម្មភាព​បំពាន​នោះ លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ តាមរយៈ​វេទិកា​ក្នុង​តំបន់ បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​រឹតត្បិត​សកម្មភាព​របស់ខ្លួន ដើម្បី​ធានា​ពី​ការការពារ និង​ទប់ស្កាត់​ភាព​តានតឹង ក៏ដូចជា​បង្ហាញ​ពី​ការទទួលខុសត្រូវ​ក្រោម​ច្បាប់​អន្តរជាតិ​ផង​។​
 
​ស្រដៀង​គ្នា​នេះដែរ ក្នុង​វេទិកា​ដដែល​នេះ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បានកត់សម្គាល់​ផងដែរ​ថា ទាំង​ច្បាប់ និង​ស្ថាប័ន​អន្តរជាតិ បាន​រង​នូវ​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​អំឡុងពេល នៃ​ការ​ផ្ទុះឡើ់ង​វិបត្តិ​សកល​នេះ​។ លោក សំដៅលើ​បណ្តា​ប្រ​ទស​មួយចំនួន បាន​ឆ្លៀតឱកាស​នេះ ដើម្បី​ធ្វើ​សកម្មភាព​ឯកតោភាគី​ដើម្បី​បម្រើ​ផលប្រយោជន៍​ខ្លួន​។ 
 
​ជា​ប្រធាន​វិលជុំ​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី ព្យាយាម​មិន​និយាយ​ចំឈ្មោះ​ប្រទេស​ណា​ឡើយ ដោយ​លោក រំលេច​ថា មាន​សកម្មភាព​បង្ករឿង និង​បំពាន​ច្បាប់​អន្តរជាតិ​ជាច្រើន​ករណី បានកើត​ឡើង និង​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ ស្ថិរភាព​នៅ​តំបន់​មួយចំនួន រាប់បញ្ចូល​ទាំង​អាស៊ីអាគ្នេយ៍​។​
 
​គួរ​រម្លឹក​បន្តិច​ផងដែរ​ថា នៅ​ខែមេសា​កន្លងទៅ ទាំង​ហ្វីលីពីន និង​វៀតណាម បានដាក់​បណ្តឹងតវ៉ា​ទៅកាន់​ចិន បន្ទាប់ពី​ចិន បានប្រកាស​ដោយ​ឯកតោភាគី​ក្នុងការ​បង្កើត​តំបន់​រដ្ឋបាល​ថ្មី​នៅក្នុង​ប្រជុំ​កោះ ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន និង​វៀតណាម បានទាមទារ​ជា​តំបន់​កម្មសិទ្ធិ​របស់ខ្លួន​ផងដែរ​នោះ​។​
 
​ជាមួយគ្នានេះ នៅ​ដើមខែ​មិថុនា​នេះ រដ្ឋាភិបាល​អាមេរិក ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ព្រមាន​ពី​សកម្មភាព​គឃ្លើន​រប​ស់​ចិន នៅ​តំបន់​មាន​វិវាទ​ជាមួយនឹង​បណ្តា​ប្រទេសជិតខាង​ខ្លួន​។ អាមេរិក បាន​ចោទ​ចិន ថា ស្រប​ពេលដែល​ពិភពលោក​កំពុងតែ​ជួប​ផល​លំបាក​នៃ​ការប្រយុទ្ធប្រឆាំង​វីរុស Covid-19 ចិន បាន​ឆ្លៀត​នេះ​ធ្វើ​សកម្មភាព​ឯកតោភាគី​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​(​តំបន់​វិវាទ​ជាមួយនឹង​រដ្ឋ​អាស៊ាន​) និង​សមុទ្រ​ចិន​ខាងកើត (​តំបន់​វិវាទ​ជាមួយនឹង​ជប៉ុន​)៕

Tag:
 ហ្វីលីពីន​
 ​វៀតណាម​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com