ក្រុមកងយោធពលខេមរភូមិន្ទ Tiffy Army FC ត្រូវតទល់ជាមួយក្រុមណាហ្គាវើល នាជំនួបសប្តាហ៍ទី៦ នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ នៅល្ងាចថ្ងៃអាទិត្យនេះ។ មុនការប្រកួតដល់ ក្រុមកងទ័ព បានរៀបចំពិធីប្រោះព្រំ និងធ្វើសមាធិ ដើម្បីអប់រំផ្លូវចិត្ត បន្ថែមលើការហ្វឹកហាត់របស់កីឡាករ។ ថ្នាក់ដឹកនាំក្លិបនេះ អះអាងប្រាប់សារព័ត៌មានថ្មីៗថា ការធ្វើសមាធិ គឺដើម្បីឲ្យកីឡាករមានអារម្មណ៍ស្ងប់ និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រកួត។
ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំ និងធ្វើសមាធិដល់កីឡាករ គ្រូបង្វឹក មន្ត្រី និងថ្នាក់ដឹកនាំក្លិប។ គោលបំណងនៃការរៀបចំពិធីនេះ ធ្វើឡើងដើម្បីពង្រឹងយុទ្ធសាស្ត្រស្មារតីរបស់កីឡាករ គ្រូបង្វឹក សម្រាប់ត្រៀមប្រកួតក្នុងពានរង្វាន់លីគកំពូល ដែលទ័ពត្រូវតទល់ជាមួយណាហ្គាវើលនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ នៅកីឡដ្ឋានស្តាតចាស់។
លោក សុប៉ាឆៃ វីរៈពូជុង ប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់ក្លិបកងយោធពលខេមរភូមិន្ទ បាននិយាយថា ការធ្វើសមាធិ នឹងធ្វើឲ្យកីឡាករមានចិត្តស្ងប់ អារម្មណ៍ស្រស់ថ្លា និងប្រាជ្ញាវាងវៃ ពិសេសជួយបង្កើតស្មារតីកីឡាករ ឲ្យមានប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រកួត។ ការធ្វើបែបនេះ ក៏ជាការរួមចំណែកកាត់បន្ថយភាពខឹងក្រោធ របស់កីឡាករពេលជួបបញ្ហាបានមួយកម្រិតផងដែរ។
ការចង់ឲ្យកីឡាករទទួលបានពរជ័យ និងពុទ្ធឱវាទពីព្រះសង្ឃ ក៏ជាគោលបំណងមួយផងដែរ។ សម្រាប់លោក សុប៉ាឆៃ វីរៈពូជុង ការមានព្រះធម៌ក្នុងខ្លួន ជាស្ពានសម្រាប់ដ៏ល្អសម្រាប់កីឡាករក្នុងការឈានទៅសម្រេចគោលដៅ។ ទន្ទឹមនឹងជូនពរឲ្យទទួលបានជោគជ័យ ក្នុងការប្រកួត លោក ជំរុញឲ្យកីឡាករទាំងអស់ខិតខំហ្វឹកហាត់ និងប្រឺងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព។
ជាមួយគ្នានេះលោក ខូវ ឆាយ អគ្គលេខាធិការនៃសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ បានលើកឡើង ពីអត្ថប្រយោជន៍នៃការធ្វើសមាធិ ក្នុងការធ្វើឲ្យអត្តចរិករបស់កីឡាករមានការផ្លាស់ប្តូរ។ លោកកត់សម្គាល់ឃើញថា ក្រោយលោក សុប៉ាឆៃ វីរៈពូជុង ឧស្សាហ៍កីឡាករធ្វើសមាធិ នៅឆ្នាំនេះ កីឡាករមានអត្តចរិតផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់បើធៀបនឹងឆ្នាំកន្លងមក។ ពោលគឺពួកគេភាគច្រើន អាចគ្រប់គ្រងអារម្មណ៍បានល្អ ទាំងក្នុងអំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។
ក្រោយផ្អាកការប្រកួតអស់រយៈពេលជាច្រើនខែ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ត្រូវប្រកួតឡើងវិញនៅចុងសប្តាហ៍នេះ។ សម្រាប់ការប្រកួតសប្តាហ៍ទី៦ មានចំនួន៦គូ ក្នុងនោះ នៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា មានចំនួន៣គូ រួមមានបឹងកេតបើកទ្វារកីឡដ្ឋាន ទទួលសូលទីឡូអង្គរ រីឯយុវជនអាយុក្រោម១៨ឆ្នាំបាទី ទទួលព្រះខ័នរាជស្វាយរៀង ខណៈអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះគីរីវង់សុខសែនជ័យ។ ការប្រកួតទាំង៣ ធ្វើឡើងនៅម៉ោង៣:៣០នាទីរសៀល ដូចគ្នា។
ដោយឡែក នៅថ្ងៃអាទិត្យទី៥ ខែកក្កដា ឆ្នាំ២០២០ អគ្គិសនីកម្ពុជា បើកកីឡដ្ឋានទទួលអង្គរថាយហ្គឺរ នៅម៉ោង៣:៣០នាទី មុនណាហ្គាវើល ប្រើកីឡដ្ឋានស្តាតចាស់ ទទួលកងយោធពលខេមរភូមិន្ទ ខណៈភ្នំពេញក្រោន ប៉ះវិសាខានៅ R.S.N។ ការប្រកួតទាំងពីរ ធ្វើឡើងនៅម៉ោង៦ល្ងាចដូចគ្នា។
បច្ចុប្បន្នក្រុម Tiffy Army FC ស្ថិតនៅលេខរៀងទី៧ មាន៨ពិន្ទុ ក្រោយប្រកួត៥លើកឈ្នះ២ ស្មើ២ និងចាញ់១៕