COVID-19
អន្តរជាតិ
ពិភពលោកមានករណីឆ្លង COVID-19 កើនដល់១០លានករណី ខណៈអ្នកស្លាប់មានជាងកន្លះលាននាក់ រូបភាព៖ AFP
× តួលេខCOVID-19 សរុបនៅលើពិភពលោក បានកើនដល់ ១០លានករណីហើយ ខណៈអ្នកស្លាប់បានកើនដល់ជាង ៥០ម៉ឺននាក់។ នេះបើតាមតួលេខរបស់វេបសាយ Worldometer ដោយគិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនា។
ចាប់តាំងពីផ្ទុះករណី COVID-19 ប្រមាណជា ៧ខែកន្លងមក កូរ៉ូណាវីរុស បានរាតត្បាត និងឆ្លងទៅមនុស្សនៅក្នុងប្រទេស និងតំបន់ជាង ២១០។ មកទល់ពេលនេះ ពិភពលោក មានករណីឆ្លងរហូតដល់ ១០លានករណី ហើយតួលេខនេះ នឹងកើនឡើងថែមទៀត ខណៈវ៉ាក់សាំងមិនទាន់ត្រូវបានគេរកឃើញនៅឡើយ។ ជីវិតមនុស្សយ៉ាងហោចណាស់ ៥០ម៉ឺននាក់ បានបាត់បង់ដោយសារជំងឺឆ្លងសកលមួយនេះ ចំណែកអ្នកជាសះស្បើយមានចំនួន ៥,៤លាននាក់។
ប្រទេសដែលរងគ្រោះខ្លាំងជាងគេគឺអាមេរិក និងប្រេស៊ីល។ សម្រាប់អាមេរិក នៅក្នុងថ្ងៃទី២៧ ខែមិថុនា បានរាយការណ៍ថា មានករណីផ្ទុកCOVID-19 ថ្មីរហូតដល់ ៤៣៥៨១ករណីឯណោះ ខណៈអ្នកស្លាប់មាន ៥១២នាក់។ តួលេខសរុបCOVID-19 របស់អាមេរិក មានចំនួនជិត ២,៦លានករណី និងអ្នកស្លាប់មានចំនួនជិត ១៣ម៉ឺននាក់។ ទាក់ទងនឹងករណីឆ្លងនេះ អាមេរិកនឹងមានករណីឆ្លងកើនឡើងបន្ថែមទៀត នៅពេលខាងមុខ ខណៈប្រទេសនេះ បានបន្ធូរបន្ថយការរឹតត្បិតនៅក្នុងប្រទេស។
ដោយឡែកប្រេស៊ីលវិញក៏មិនចាញ់អាមេរិកឡើយ ព្រោះមានករណីឆ្លងរហូតដល់ ៣៥៨៨៧ករណី និងអ្នកស្លាប់រហូតដល់១០៥៥នាក់ឯណោះ នៅក្នុងថ្ងៃទី២៧ ខែមិថុនា។ តួលេខសរុបរបស់ប្រេស៊ីលមានចំនួនជាង ១,៣លានករណី អ្នកស្លាប់ជាង ៥ម៉ឺនករណី។ ចំណែករុស្ស៊ីដែលឈរនៅលំដាប់ទី៣ មានករណីឆ្លងក្រោម ១ម៉ឺននាក់ក្នុងថ្ងៃ។ តួលេខសរុបមានចំនួន ៦២៧៦៤៦ករណី ខណៈអ្នកស្លាប់មានចំនួនជិត ៩ពាន់នាក់។
បើក្រឡេកមកមើលឥណ្ឌា ដែលឈរនៅលំដាប់ទី៤វិញ ក៏មានករណីឆ្លងច្រើនដែរក្នុងមួយថ្ងៃ។ នៅថ្ងៃទី២៧ ខែមិថុនា ឥណ្ឌាមានករណីឆ្លងជាង ២ម៉ឺនករណី និងអ្នកស្លាប់ ៤១៤នាក់។ ប្រសិនករណីឆ្លងនៅឥណ្ឌានៅតែបែបនេះ មិនយូរមិនឆាប់ ឥណ្ឌានឹងមានករណីឆ្លងច្រើនជាងរុស្ស៊ីទៅទៀតនាពេលខាងមុខ។ តួលេខសរុបមានចំនួន ៥២៩៥៧៧ករណី និងអ្នកស្លាប់មានចំនួន ១៦១០៣នាក់។
យ៉ាងណាមិញ សម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ឥណ្ឌូណេស៊ី គឺជាប្រទេសរងគ្រោះខ្លាំងជាងគេ ពោលគឺមានករណីឆ្លង និងស្លាប់ច្រើនជាងគេនៅក្នុងតំបន់។ តួលេខសរុបរបស់ឥណ្ឌូណេស៊ីមានចំនួន ជាង ៥ម៉ឺនករណី ខណៈអ្នកស្លាប់មានចំនួនជាង ២ពាន់ករណី។
សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ករណីឆ្លង COVID-19 នៅជុំវិញពិភពលោក បានកើនឡើងវិញ បន្ទាប់ពីបណ្តាប្រទេសមួយចំនួន បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ការរក្សារគម្លាតសុវត្ថិភាពនៅក្នុងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com