COVID-19
ជាតិ
ក្រសួងសុខាភិបាល ក្រើនរម្លឹកឲ្យពលរដ្ឋបន្តការពារ និងប្រុងប្រយ័ត្នការឆ្លងកូវីដ-១៩ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
× ភ្នំពេញ៖ ស្របពេលដែលកម្ពុជា រកឃើញករណីថ្មីចំនួន ១១ករណីបន្ថែមទៀត នៅថ្ងៃទី២៦-២៧ មិថុនា លើអ្នកដំណើរវិលត្រឡប់ពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក្រសួងសុខាភិបាល បានក្រើនរម្លឹកឲ្យពលរដ្ឋបន្តការពារខ្លួនតាមការណែនាំរបស់ក្រសួង។ បើតាមរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រជាពលរដ្ឋត្រូវចេះផ្លាស់ប្ដូរទម្លាប់របស់ខ្លួនឲ្យស្របតាម «ការរស់នៅធម្មតា តាមបែបគន្លងថ្មី»។
ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ កម្ពុជាមានករណីឆ្លងថ្មីចំនួន ១១ករណី ជាអ្នកដំណើរវិលត្រឡប់ពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ ១៤១ករណី។ ក្រោយការកើនឡើងនូវចំនួនអ្នកឆ្លងនេះ ក្រសួងសុខាភិបាល បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការការពារខ្លួន ដោយមិនត្រូវភ្លេចខ្លួនឲ្យសោះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៨ មិថុនានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងយ៉ាងដូច្នេះ៖ «សូមក្រើនរម្លឹក អំពាវនាវហើយអំពាវនាវទៀតដល់ប្រជាពលរដ្ឋ ឲ្យបន្តកិច្ចការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់របស់ខ្លួនឲ្យស្របតាម ការរស់នៅធម្មតា តាមបែបគន្លងថ្មី»។
បើតាមលោក ម៉ម ប៊ុនហេង ភាពធ្ងន់ធ្ងរនៃកូវីដ-១៩ មិនត្រូវមើលរំលងនោះទេ ដោយកូវីដ-១៩ អាចវ៉ៃលុកផ្លូវដង្ហើមយ៉ាងសាហាវ ដែលធ្វើឲ្យមនុស្សពិបាកដកដង្ហើម និងឈានដល់ការស្លាប់។ សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១៤១ករណី ក្នុងនោះអ្នកជាសះស្បើយមានចំនួន ១២៩នាក់។ បច្ចុប្បន្ន អ្នកជំងឺដែលកំពុងសម្រាកព្យាបាលមានចំនួន ១២នាក់ ក្នុងនោះ ១០នាក់ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី និង ២នាក់ ជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com