អន្តរជាតិ
ASEAN៖ អនុសញ្ញា UNCLOSឆ្នាំ១៩៨២ គឺជាមូលដ្ឋាននៃការកំណត់សិទ្ធិនៅសមុទ្រចិនខាងត្បូង នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។ រូបភាព៖ AP
× អនុសញ្ញាស្តីពីច្បាប់សមុទ្រ របស់អង្គការសហប្រជាជាតិ(UNCLOS) ឆ្នាំ១៩៨២ គួរតែជាមូលដ្ឋាននៃសិទ្ធិអធិបតេយ្យ និងការអនុវត្តសិទ្ធិរបស់ប្រទេសនីមួយៗ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលបញ្ចេញដោយវៀតណាម ប្រធានផ្លាស់វេនអាស៊ាននៅថ្ងៃទី២៧ ខែមិថុនា។
បញ្ហាសមុទ្រចិនខាងត្បូង គឺជាប្រធានបទមួយនៃកិច្ចប្រជុំអាស៊ានលើកទី៣៦។ ថ្នាក់ដឹកនាំប្រទេសនីមួយៗ បានជំរុញឲ្យប្រទេសជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។ ទាក់ទិននឹងបញ្ហានេះ អនុសញ្ញាស្តីពីច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការដោះស្រាយជម្លោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលមានភាគីជម្លោះជាច្រើន។ ប្រទេសជម្លោះក្នុងសមុទ្រចិនខាងត្បូងមានដូចជា ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។
ទាក់ទិននឹងបញ្ហានេះ សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំកំពូលអាស៊ាន បានលើកឡើងយ៉ាងដូច្នេះថា៖ « យើងអះអាងជាថ្មីថា អនុសញ្ញា UNCLOS ឆ្នាំ១៩៨២ គឺជាមូលដ្ឋាននៃការកំណត់ការអនុវត្តសិទ្ធិលើដែនសមុទ្រ សិទ្ធិអធិបតេយ្យ យុត្តាធិការ និងផលប្រយោជន៍ស្របច្បាប់នៅលើតំបន់ដែនសមុទ្រ»។
អនុសញ្ញាស្តីពីច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ គឺជាលិខិតបទដ្ឋានគតិយុត្តិអន្តរជាតិមួយ ដែលកំណត់សិទ្ធិរបស់ប្រទេសនីមួយៗនៅលើដែនសមុទ្រ កំណត់ពីព្រំដែនសមុទ្រ នាវាចរ តំបន់នេសាទ និងចំណុចសំខាន់ជាច្រើនទៀតទាក់ទិនសមុទ្រ។
សូមបញ្ជាក់ថា បញ្ហាជម្លោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺជាបញ្ហាមួយដែលស្មុគស្មាញខ្លាំង ដោយសារតំបន់ខ្លះ ត្រូវទាមទារដោយប្រទេស២ ឬ៣ជាន់គ្នា។ តាមរយៈខ្សែបន្ទាត់ដិតចំនួន៩ (9 dash line) ចិនបានទាមទារថា ដែនទឹកនៅក្នុងខ្សែបន្ទាត់នេះ គឺជាកម្មសិទ្ធិរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com