ជាតិ
វីដេអូ
សុំគេរៀនធ្វើកូនជ្រូកសន្សំមិនបាន, សុខអ៊ាង រៀនតាម YouTube រហូតក្លាយជាម្ចាស់សិប្បកម្មពីរកន្លែង
× ភ្នំពេញ៖ ដោយមើលឃើញឱកាសទីផ្សារលក់កូនជ្រូកសន្សំប្រាក់កាកកប និងចង់មានមុខរបរផ្ទាល់ខ្លួនផងនោះ យុវជន អាន សុខអ៊ាង បានសុំរៀនជំនាញធ្វើកូនជ្រូកសន្សំពីម្ចាស់សិប្បកម្មមួយកន្លែង ប៉ុន្តែ ត្រូវបានគេបដិសេធ។ ក្រោយការបដិសេធ យុវជនវ័យ២៣ឆ្នាំ រូបនេះ ក៏បានស្រាវជ្រាវនិងរៀនពីរបៀបធ្វើកូនជ្រូកនេះតាម YouTube រហូតអាចបើកជាសិប្បកម្មផ្ទាល់ខ្លួន ក្រោមស្លាកយីហោ «សិប្បកម្មពិភពកូនជ្រូកសន្សំលុយ» ដែលស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងខេត្តកណ្តាល។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូ MOJO ខាងក្រោម ដូចតទៅ៖
ក្រោយការបដិសេធរបស់ម្ចាស់សិប្បកម្មផលិតកូនជ្រូកសន្សំមួយកន្លែងដែល លោក អាន សុខអ៊ាង សុំគេរៀនកាលពី៥ឆ្នាំមុន តែពេលនេះលោក អាន សុខអ៊ាង បានក្លាយជាម្ចាស់សិប្បកម្មផលិតកូនជ្រូកសន្សំពីរកន្លែង ក្នុងវ័យត្រឹមតែ២៣ឆ្នាំប៉ុណ្ណោះ។ ដើមឡើយលោក អាន សុខអ៊ាង បានចំណាយរយៈពេល៥ថ្ងៃ លើការស្រាវជ្រាវ និងរៀនធ្វើកូនជ្រូកសន្សំតាម YouTube ។ លោក អាន សុខអ៊ាង បានអះអាងដូច្នេះថា៖«ខ្ញុំខិតខំស្រាវជ្រាវរៀនតាម YouTube អំពីវិធីសាស្ត្រគេបង្រៀនធ្វើកូនជ្រូកសន្សំ។ ដំបូងឡើយ ខ្ញុំរៀនធ្វើពីដីឥដ្ឋ នៅពេលបានលទ្ធផល ខ្ញុំក៏ចាប់ផ្ដើមធ្វើកូនជ្រូកសន្សំពីម្សៅកំបោរ ដើម្បីលក់»។
មូលហេតុដែល សុខអ៊ាង ធ្វើកូនជ្រូកសន្សំ ពីម្សៅកំបោរ ដោយសារម្សៅកំបោរ មានតម្លៃធូរថ្លៃជាង ដីឥដ្ឋ និងវាមានលក្ខណៈពិសេសដែលអាចដាក់ក្រដាសប្រាក់បានទាំងដុល្លារ និងប្រាក់រៀល។ « កូនជ្រូកនេះ ដាក់បានទាំងលុយដុល្លារនិងលុយរៀល ប៉ុន្តែបើទិញប៉ះចំកូនជ្រូក ដែលគេទើបចេះធ្វើ អាចនឹងខូចលុយដែរ ព្រោះវាជាប្រភេទម្សៅកំបោរ បើយើងចាក់ម្សៅខុស ធ្វើឱ្យកូនជ្រូកសើមខូចគុណភាព»។ នេះជាការបញ្ជាក់របស់លោក អាន សុខអ៊ាង។
ចាប់ផ្ដើមពីលក់កូនជ្រូកសន្សំ ជាលក្ខណៈគ្រួសារ ម្ចាស់សិប្បកម្មមានបទពិសោធន៍៥ឆ្នាំរូបនេះ បានពង្រីកអាជីវកម្មរបស់ខ្លួន ឱ្យក្លាយជាសិប្បកម្មដែលមានបុគ្គលិកប្រមាណ៤០នាក់ ហើយសព្វថ្ងៃសិប្បកម្មរបស់យុវជនវ័យ២៣ឆ្នាំ សុខអ៊ាង មានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ទោះបីបច្ចុប្បន្ន ប្រព័ន្ធធនាគាមានការរីកចម្រើនក៏ពិតមែន ប៉ុន្តែ សុខអ៊ាង បានអះអាងថា របរផលិតកូនជ្រូកសន្សំនៅតែត្រូវប៉ាន់។ ក្នុងមួយថ្ងៃៗ សិប្បកម្មផលិតកូនជ្រូកសន្សំរបស់យុវជន សុខអ៊ាង អាចផ្គត់ផ្គង់កូនជ្រូកសន្សំនៅលើទីផ្សារចំនួនប្រមាណ២០០-៣០០កូនជ្រូក ហើយបរិមាណនេះ មិនទាន់គ្រប់គ្រាន់បំពេញតាមតម្រូវការទីផ្សារបានឡើយ៕
ព័ត៌មានពិស្តារ សូមចូលទៅកាន់ www.thmeythmey25.com
Tag:
របរ
កូនជ្រូកសន្សំ
MoJo
© រក្សាសិទ្ធិដោយ thmeythmey.com