ជាតិ
ត្រ​យ៉ង​ចង្កំ​កស ប្រមាណ​៦០០​ក្បាល ឬ​៩៥​ភាគរយ មាន​វត្ត​មាននៅ​កម្ពុជា
28, Jun 2020 , 10:29 pm        
រូបភាព
រូបភាព ក្រសួងបរិស្ថាន
រូបភាព ក្រសួងបរិស្ថាន
ដោយ​៖ ខន ណា​រី​
 
​កម្ពុ​ជាមាន សត្វ​ត្រ​យ៉ង​ចង្កំ​កស ៦០០​ក្បាល ឬ​ប្រមាណ​៩៥​ភាគរយ នៃ​ត្រ​យ៉ង​ចង្កំ​កស​ដែលមាន​វត្ត​នៅ​ទូទាំង​ពិភពលោក​។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ប្រតិភូ និង​ក្រុម​អ្នកសារព័ត៌មាន ចុះ​ពិនិត្យ​លើ​ការអនុវត្ត​គម្រោង​ការពារ និង​អភិរក្ស​សត្វព្រៃ របស់​អង្គការ​សមាគម​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) កាលពី​ថ្ងៃទី ៩-១០ មិថុនា ឆ្នាំ​២០២០ នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព និង​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ  បាន​បញ្ជាក់ថា កម្ពុជា ជាទី​ជម្រក​ដ៏​ធំ​តែមួយគត់​នៅលើ​ពិភពលោក សម្រាប់​សត្វ​ត្រ​យ៉ង​យក្ស និង​សត្វ​ត្រ​យ៉ង​ចង្កំ​កស ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពុ​ជ​នៅលើ​ដែនដី​។ 

 
​នេះ​គឺ​មោទកភាព​សម្រាប់​កម្ពុជា​ដែរ ដែលមាន​វត្តមាន​សត្វ​កម្រៗ​ទាំងនេះ ដែល​ទាមទារ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ រួមគ្នា​ការពារ និង​អភិរក្ស​សត្វ​ដ៏​កម្រ​នេះ ឲ្យ​បាន​គង់វង្ស ដើម្បី​ទុក​សម្រាប់​មនុស្ស​មនុស្ស​ជំនាន់​ក្រោយ​។  នេះ​ជាការ​បន្ថែម​របស់​អ្នកនាំពាក្យ​ដដែល​។ 
 
​នៅក្នុង​ដំណើរ​ទស្ស​កិច្ច​កាលពីដើម​ខែមិថុនា​នោះ លោក នេត្រ ភក្ត្រា បាន​កោតសរសើរ​អង្គការ WCS ថា​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​កិច្ចការពារ និង​អភិរក្ស​សត្វ​ត្រ​យ៉ង​យក្ស និង​សត្វ​ត្រ​យ៉ង​ចង្កំ​កស​។ 
 
​លក្ខណៈ​របស់​សត្វ​ត្រ​យ៉ង​ចង្កំ​កស ខុសពី​ត្រ​យ៉ង​យក្ស ដោយនៅ​កវា​មាន​ចង្កំ​ពណ៌​ស​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ក្រសួងបរិស្ថាន​។ ប្រភព​ដដែល បញ្ជាក់ថា សត្វ​ត្រ​យ៉ង​យក្ស ត្រូវបាន​កំណត់ដោយ​ព្រះរាជក្រឹត ថា​ជាស​ត្វ​ស្លាប និមិត្តសញ្ញា​ជាតិ​របស់​កម្ពុជា​នៅ​ឆ្នាំ ២០០៥ ហើយ​សត្វ​ត្រ​យ៉ង​យក្ស ជា​សត្វ​រងគ្រោះ​បំផុត​ជិត​ផុត​ពូជ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​របស់​កម្ពុជា​។​
 
​សត្វ​ត្រ​យ៉ង​យក្ស ក៏​ជា​សត្វ​រងគ្រោះ​បំផុត​នៅលើ​ពិភពលោក​ដែរ​។ ហើយ​នៅ​កម្ពុជា មាន​សត្វ​ត្រ​យ៉ង​យក្ស​ប្រមាណ ៣០០​ក្បាល​ស្មើនឹង ៩៩% នៃ​សត្វ​ត្រ​យ៉ង​យក្ស​របស់​ពិភពលោក ក្នុងនោះ​ត្រ​យ៉ង​ពេញវ័យ​មាន​ក្រោម ២០០​ក្បាល​។ ចំណែក​សត្វ​ត្រ​យ៉ង​ចង្កំ​កស មាន​ប្រមាណ ៦០០​ក្បាល ដែល​ស្មើនឹង ៩៥% នៃ​សត្វ​ត្រ​យ៉ង​ចង្កំ​កស​នៅលើ​ពិភពលោក​។ នេះ​បើតាម​ជំរឿន​សត្វ​ត្រ​យ៉ង របស់​អង្ក​ការ​ដៃគូ​នានា​នៃ​ក្រសួងបរិស្ថាន​៕

ត្រយ៉ងចង្កំកស(ក្រសួងបរិស្ថាន)៖





Tag:
 ​សត្វ​ត្រ​យ៉ង​ចង្កំ​កស​
 ​សត្វ​ត្រ​យ៉ង​យក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com