COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ស៊ាន ធនិន​៖ បច្ចុប្បន្ន​អាជីវកម្ម​មិនចេះ​ប្រើ​បច្ចេកវិទ្យា ប្រឈម​នឹង​បិទទ្វារ​
29, Jun 2020 , 7:59 am        
រូបភាព
លោក​ ស៊ាន ធនិន នៅក្នុងវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅ។ (រូបភាពពីហ្វេសប៊ុកCEO Master Club)
លោក​ ស៊ាន ធនិន នៅក្នុងវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅ។ (រូបភាពពីហ្វេសប៊ុកCEO Master Club)
​ភ្នំពេញ​៖ បច្ចុប្បន្ន​មិន​ថា​អាជីវកម្ម​របស់​អ្នកមាន​ការទទួលស្គាល់​ពី​អតិថិជន​គ្រប់លំដាប់​ក៏ដោយ ប្រសិនបើ​ម្ចាស់​អាជីវកម្ម​មិនចេះ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​រុញ​ផលិតផល​ខ្លួន​ឱ្យ​កាន់តែ​ជិត​អតិថិជន​ទេ អាជីវកម្ម​នោះ នឹង​អាច​ដើរ​ថយក្រោយ ឬ​នៅ​ទ្រឹង ឬ​ឈានដល់​ការបិទទ្វារ​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ាន ធនិន អគ្គនាយក CEO Master Club Investment ដោយ​អះអាងថា ទោះ​មិន​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19) ក៏ដោយ បច្ចេកវិទ្យា​គឺ​និន្នាការ​ថ្មី​នៃ​ការបញ្ជូន​ផលិតផល​ទៅដល់​ដៃ​អតិថិជន​ក្នុងការ​បញ្ជី​ទិញ​។​

 
​បើតាម​លោក ធនិន ការចេះ​ប្រើប្រាស់​បច្ចេកវិទ្យា នៅក្នុង​អាជីវកម្ម​ប្រភេទ​Startup និង​អាជីវកម្ម​លក្ខណៈ​គ្រួសារ គឺ​មិន​ទាមទារ​អ្វី​ច្រើន​នោះទេ​សម្រាប់​អាជីវករ ដោយ​គ្រាន់តែ​ចេះ​ផ្សព្វផ្សាយ​ឬក៏​ចេះ​លក់​ផលិតផល​របស់ខ្លួន​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook), អ៊ី​ន​ស្តារ​ក្រាម​(Instagram)​និង​យូ​ធូប​(YouTube)...​ជាដើម​។ 
 
​សូម​អញ្ជើញ​អាន​បទ​សម្ភាស​រវាង​ក​ញ្ញា អ៊ូ សុខ​មាន នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ស៊ាន ធនិន អគ្គនាយក CEO Master Club Investment ដូចតទៅ​៖  
 
​កញ្ញា អ៊ូ សុខ​មាន​៖  ក្រោយ​ប្រទេសជាតិ​មាន​ភាពស្ងប់ស្ងាត់​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ មាន​អាជីវកម្ម (​ប្រភេទ​អាជីវកម្ម​Startup និង​លក្ខណៈ​គ្រួសារ​)​មួយចំនួន បាន​បិទទ្វារ មាន​ចំនួន​កំពុង​ពិបាក​ស្តារ​អាជីវកម្ម​របស់ខ្លួន​ឡើងវិញ និង​មួយចំនួនទៀត​កំពុងតែ​ជោគជ័យ​លើ​អាជីវកម្ម​ទៅវិញ​។ តើ​ហេតុអ្វី​បានជា​ក្រុម​ប្រភេទ​អាជីវកម្ម​ទាំងនោះ​ជួប​ស្ថានភាព​នៃ​អាជីវកម្ម​ខុសគ្នា​បែបនេះ​?
 
​លោក ស៊ាន ធនិន​៖ ជា​ប្រភេទ​អាជីវកម្ម​Startup និង​លក្ខណៈ​គ្រួសារ​តែមួយ ប៉ុន្តែ មាន​ក្រុមមនុស្ស​ដួល​អាជីវកម្ម  និង​មាន​ក្រុម​អ្នក​ពិបាក​ស្តារ​អាជីវកម្ម ខណៈ​មនុស្ស​មួយក្រុម​ទៀត​កំពុងតែ​លូតលាស់  និង​រីកចម្រើន​នូវ​អាជីវកម្ម​ទៅវិញ​។ ចំពោះ​អាជីវកម្ម​ដែល​កំពុង​ធ្លាក់ចុះ ហើយ​ពិបាក​ស្តារ​ភាព​រីកចម្រើន​ឡើង​នៃ​អាជីវកម្ម ក្រោយ​ស្ថានភាព​កូ​វីដ​-១៩​នៅក្នុង​ប្រទេសជាតិ​បាន​ស្ងប់ស្ងាត់​នោះ គឺ​ដោយសារ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​រង​វិបត្តិ​ផ្លូវចិត្ត និង​មិនចេះ​ច្នៃ​អាជីវកម្ម​ឱ្យ​ដើរ​ទាន់​សម័យកាល ដោយនៅ​បន្ត​អនុវត្ត​អាជីវកម្ម​តាមបែប​ប្រពៃណី បែប​ទម្លាប់​ដដែល ដែល​ធ្វើឱ្យ​អាជីវកម្ម​មាន​លក្ខណៈ​ដើរ​ថយក្រោយ ឬ​នៅ​ទ្រឹង ឬ​ឈានដល់​ការបិទទ្វារ​តែម្តង​។​
 
​ការអនុវត្ត​អាជីវកម្ម​តាមបែប​ប្រពៃណី បែប​ទម្លាប់​ដដែល​នោះ មានន័យថា​៖«​គាត់​(​អាជីវករ​)​បើកហាង​ទំនិញ គាត់​នៅតែ​ចាំ​បើកទ្វារ​ហាង ហើយ​ចាំ​ឱ្យ​អតិថិជន​ចូលមក​ទិញ​គាត់​ធម្មតា​។ របៀប​ធ្វើ​អាជីវកម្ម​បែប​ហ្នឹង វា​មិនមែនជា​សកម្មភាព​ធ្វើ​អា​ជី​កម្ម​បែប​សកម្ម ឬ​បុ​រេ​សកម្ម​នោះទេ ប៉ុន្តែ​វា​ការធ្វើ​អាជីវកម្ម​បែប​ដើរ​ថយក្រោយ​ទៅវិញ ដោយ​រងចាំ​ឱ្យ​អតិថិជន​មកដល់​ទីតាំង ទើប​អាច​លក់បាន ឬ​ធ្វើបាន​»​។​
 
​ត្រង់ចំណុច​ទាំងនេះ លោក ធនិន លើកទឹកចិត្ត​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​ផ្លាស់ប្តូរ​របៀបការ​គិត និង​ការអនុវត្ត​អាជីវកម្ម​បែប​ប្រពៃណី ពីព្រោះ​ក្នុងស្ថានភាព​នេះ​មនុស្ស​នៅក្នុង​សង្គម​ជាទូទៅ គឺ​បានចាប់ផ្តើម​ផ្លាស់ប្តូរ​របៀប​ទិញ​របស់ខ្លួន ផ្លាស់ប្តូរ​របៀប​គិត​របស់ខ្លួន និង​ផ្លាស់ប្តូរ​របៀប​ក្នុងការ​ស្វែងរក​ផលិតផល​របស់ខ្លួន  ដូច្នេះ​អាជីវករ​នីមួយៗ​ត្រូវ​បំ​លែង​ការអនុវត្ត​អាជីវកម្ម​បែប​ប្រពៃណី ទៅ​បែប​ឌីជីថល​ឬ​តាម​បច្ចេកវិទ្យា​ទំនើប​វិញ​។ 
 
​កញ្ញា អ៊ូ សុខ​មាន​៖ តើ​អាជីវករ​ត្រូវ​បំ​លែង​ង​ខ្លួន​ពី​សកម្មភាព​អាជីវកម្ម​បែប​ប្រពៃណី​ឬ​បែប​ទម្លាប់​ពី​គ្រួសារ​ទៅ​សកម្មភាព​អាជីវកម្ម​បែប​ឌីជីថល​ក្នុង​របៀប​ទំនើប បាន​យ៉ាងដូច​ម្ត៉េ​ច​? 
 
​លោក ស៊ាន ធនិន​៖ អាជីវកម្ម​បែប​ឌីជីថល​ទំនើប​នេះ ខ្ញុំ​មិន​សំដៅ​ទៅលើ​យើង​ទាល់តែ​ចាំបាច់​ប្រើ​ប្រព័ន្ធ​E- Commerce និង​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម​ធំៗ​នោះទេ​។  សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​(SME) គឺអាច​ប្រើប្រាស់​បណ្តាញ​សង្គម​ដែល​គាត់​មាន​ស្រាប់ ហើយ​គាត់​អាច​ចេះ​ច្នៃ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់ខ្លួន​តា​មរយៈ​Facebook  តាម Instagram និង​តាម​YouTube ជាដើម​។ ដូច្នេះ បណ្តាញ​សង្គម​ទាំងអស់​ហ្នឹង ខ្ញុំ​គិតថា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម អាច​នឹង​បំ​លែង​ខ្លួនឯង​មករក​របត់​ថ្មី​មួយ​ហ្នឹង ក្នុងសម័យ​ទំនើប​បែប​ឌីជីថល​នេះ​។ 
 
​កញ្ញា អ៊ូ សុខ​មាន​៖ មាន​ម្ចាស់​អាជីវកម្ម​មួយចំនួន​លើកឡើងថា អាជីវកម្ម​របស់គាត់​អនុវត្ត​បែប​ប្រពៃណី​អស់​១០​ទៅ​២០​ឆ្នាំ​មកហើយ​, ហើយ​ឱ្យមក​ផ្លាស់ប្តូរ​របៀប​រកស៊ី​ថ្មី ឬ​ច្នៃ​របៀប​រកស៊ី​តាមរយៈ​ការ​Live តាម​ហ្វេ​ស​ប៊ុ​ក ឬ​ថត​ជា​វីដេអូ​ផ្សេងៗ​នោះ គឺជា​ការលំបាក​ខ្លាំង​ពួកគាត់​ដែល​គ្មាន​ជំនាញ​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់​ហ្នឹង​។ តើ​ក្រុម​ប្រភេទ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ត្រូវធ្វើ​បែបណា​ដើម្បី​កែច្នៃ​អាជីវកម្ម​របស់ខ្លួន​ឱ្យ​ល្អប្រសើរ ខណៈ​ខ្លួន​គ្មាន​ចំណេះ​ជំនាញ​លើ​ការប្រើប្រាស់​បណ្តាល​ទំនាក់ទំនង​សង្គម​ទាំងអស់​ហ្នឹង​?
 
​លោក ស៊ាន ធនិន​៖ ខ្ញុំ​គិតថា​អ្វីដែល​ពួកគាត់​លើកឡើង វា​គ្រាន់តែ​ជា​ផ្នត់គំនិត​ប៉ុណ្ណោះ​។ មិនមែន​អ្វី​លំបាក​ដែល​ពួកគាត់​ធ្វើ​មិនបាន​នោះទេ​។  ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន រួមផ្សំ​នឹង​ស្ថានភាព​នៃ​ជំងឺឆ្លង​រាលដាល​កូ​វីដ​-១៩ បាន​ជំរុញ​ឱ្យ​មនុស្ស​កាន់តែ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​សម្បូរបែប​ផង​នោះ ទោះ​ម្ចាស់​អាជីវកម្ម​ចង់​ឬ​មិន​ចង់​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ក៏ត្រូវ​រៀន​ប្រើប្រាស់​ឬ ជួល​គេ​ឱ្យជួយ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់ខ្លួន​លើ​បណ្តាល​សង្គម​ទាំង​ផងដែរ​។ បើ​ពុំ​នោះទេ​អាជីវកម្ម​ទាំងនោះ គឺ​ពិបាក​ស្តារ​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ​ដូច​មុន​ជួប​នូវ​វិបត្តិ​កូ​វីដ​-១៩​ណាស់ ហើយ​ឈាន​អាច​ទៅ​ការ​ដល់​បិទទ្វារ​។​
 
​បច្ចុប្បន្ននេះ បើ​ម្ចាស់​អាជីវកម្ម​មិនចេះ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​សោះ គឺ​ត្រូវ​រក​អ្នកជំនាញ​ប្រឹក្សា​យោបល់​របៀប​ធ្វើ​កិច្ចការងារ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងអស់​ហ្នឹង រក​អ្នកជំនាញ​ឬ​ក្រុមហ៊ុន​អាជីវកម្ម​ឱ្យជួយ​ធ្វើ​កិច្ចការងារ​ហ្នឹង​លើ​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផលិតផល​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា​។ នេះ​ជាជាង​យើង​អត់​ចេះ​ប្រើប្រាស់​បណ្តាញ​សង្គម​អ្វី​សោះ ហើយ​យើង​អត់​ទៅរក​ជំនួយ​ទេ នោះ​អាជីវកម្ម​របស់​យើង​គឺជា​ការពិបាក​ប្រកួតប្រជែង និង​ពិបាក​ឈរជើង​ណាស់​។​
 
​ឥឡូវនេះ មាន​អាជីវកម្ម​ច្រើនណាស់​ដែល​ជួយ​ធ្វើ​Branding ជួយ​បង្កើត​ផេ​ក​(Page) ជួយ​ធ្វើ​វេ​ប​សាយ​(Website)... ឱ្យ​ម្ចាស់​អាជីវកម្ម​នីមួយៗ​។​« អ្វី​ទាំង​អស់ហ្នឹង​ខ្ញុំ​ចង់​និយាយថា គឺ​មិនមែនជា​ពិភព​ងងឹត ហើយ​គ្មាន​ច្រកចេញ​សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​មិនចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នោះទេ គឺមាន​អ្នកជំនាញ​ច្រើនណាស់​ចាំ​ជួយ​អាជីវកម្ម​របស់​យើង ក្នុង​សម័យកាល​ទំនើប​នេះ​។ គ្រាន់តែ​យើង​អត់​ទៅបាន​ប្រសព្វ​នឹង​អ្នកជំនាញ​ទាំងអស់​ហ្នឹង ដែល​យើង​គិតថា​ការប្រើប្រាស់​បណ្តាញ​សង្គម​លក់​ផលិតផល​របស់​យើង វា​គិតថា​លំបាក​»៕ 

Tag:
 អាជីវកម្ម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com