COVID-19
អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី គំរាមរុះរើរដ្ឋាភិបាល ព្រោះមន្ត្រីស្ពឹកស្រពន់ក្នុងការដោះស្រាយ COVID-19 ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព AFP
× ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានគំរាមរុះរើគណៈរដ្ឋមន្ត្រី ឬក៏រំសាយស្ថាប័នរដ្ឋចោលខ្លះ ក្រោមហេតុផលថា ស្ពឹកស្រពន់មិនបានដោះស្រាយបញ្ហា COVID-19 ឲ្យបានល្អ។ ខណៈឥណ្ឌូណេស៊ី ជាប្រទេសរងគ្រោះដោយស្រាយ COVID-19 ខ្លាំងជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក វីដូដូ និយាយថា មន្ត្រីរបស់លោកខ្លះ ធ្វើការដូចមិនមានរឿងអ្វីកើតឡើងក្នុងប្រទេសសោះ។
គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឥណ្ឌូណេស៊ីមានឆ្លងជំងឺ COVID0-19 ជិត៥ម៉ឺន៥ពាន់នាក់ ក្នុងនោះស្លាប់ចំនួន២៧៥៤នាក់។ តួលេខនេះ ធ្វើឲ្យឥណ្ឌូណេស៊ីក្លាយជាប្រទេសមាន COVID-19 ច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងនៅលំដាប់ទីពីរនៅអាស៊ីប៉ែកខាងកើតបន្ទាប់ចិន។
ជាមួយនឹងស្ថានភាពធ្ងន់ធ្ងរបែបនេះ ប្រធានាធិបតី ចូកូ វីដូដូ បានបង្ហាញការមិនពេញចំពោះមន្ត្រីរបស់លោកដែលហាក់ស្ពឹកស្រពន់ក្នុងការដោះស្រាយដ៏ធំមួយនេះ។ ក្នុងវីដេអូមួយដែលបង្ហោះការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី លោក វីដូដូ បានគំរាមដោះដូរមន្ត្រី ឬក៏អាចឈានដល់ការលុបចោលអង្គភាពខ្លះដែលលោកយល់ថា មិនបានបំពេញការងារឲ្យបានពេញលេញសមស្របតាមស្ថានការណ៍ក្នុងស្រុកទេសដែលរួមរឹតដោយជំងឺឆ្លង COVID-19 ។
«ខ្ញុំឃើញមន្ត្រីជាច្រើននៅធ្វើការដូចជាអ្វីៗដំណើរការធម្មតា។ វាពិតជារំខានខ្ញុំ។ តើអ្នកគ្មានអារម្មណ៍ទេឬ? នេះជាវិបត្តិមួយ។» លោក វីដូដូ និយាយបែបនេះអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីពាក់កណ្ដាលខែនេះ។ លោក បន្ថែមថា លោកនឹងចាត់វិធានការដើម្បីប្រជាជនទាំងជិត២៧០លាននាក់ និងដើម្បីឥណ្ឌូណេស៊ីផងដែរ។ ក្រៅពីការរុះរើរដ្ឋាភិបាល មេដឹកនាំឥណ្ឌូណេស៊ីរូបនេះ ក៏គំរាមដាក់វិធានការបន្ទាប់ថែមទៀត បើសិនចាំបាច់។
ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងស្រុក និងការជួយទ្រទ្រង់ជីវភាពប្រជាជន រដ្ឋាភិបាលលោក វីដូដូ បានសន្យាបញ្ចេញលុយជិត៥០ពាន់លានដុល្លារក្រោមរូបភាពជាការពង្រឹងសុខាភិបាលសាធារណៈ ការផ្ដល់ជំនួយសង្គ្រោះ និងការពារសង្គមជាដើម។ ប៉ុន្តែលោក មិនសប្បាយឡើយ ព្រោះស្ថាប័នរដ្ឋមានការចំណាយយឺតយ៉ាវទាំងក្នុងកាលៈទេសៈលំបាកបែបនេះ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ីបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសនេះទំនងធ្លាក់ចូលវិបត្តិក្នុងឆ្នាំនេះ ព្រោះ COVID-19 ជះឥទ្ធិពលខ្លាំង។ ប្រជាជនឥណ្ឌូណេស៊ីរាប់លាននាក់ នឹងធ្លាក់ខ្លួនក្រីក្រផងដែរ៕
Tag:
ឥណ្ឌូណេស៊ី
ចូកូ វីដូដូ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com