អន្តរជាតិ
សហភាព​អឺរ៉ុប ព​ន្លឿ​ន​មហិច្ឆតា​នៅ​ទី​លំហ​ដើម្បី​តាម​ឲ្យ​ទាន់​បច្ចេកវិទ្យា​ចិន​និង​អាមេរិក​
29, Jun 2020 , 2:19 pm        
រូបភាព
ដោយ:
​សហភាព​អឺរ៉ុប នឹង​ចាក់​បញ្ចូល​ទឹកប្រាក់​រាប់លាន​ដុល្លារ​បន្ថែមទៀត​ទៅលើ​កម្ម​វិធី​បង្ហោះ​កាំជ្រួច ប្រព័ន្ធ​ផ្កាយរណប​ទំនាក់ទំនង និង​ការរុករក​ទី​លំហ​។ ប្រធាន​កម្មវិធី​អវកាស​អឺរ៉ុប​បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​២៨ ខែមិថុនា​។ កា​វិនិយោគ​នេះ មាន​គោលដៅ​រក្សា​កិ​ត្ត​នាម​ជា​អ្នក​ធ្លាប់​ជោគជ័យ​ក្នុង​វិស័យនេះ ក៏ដូចជា​តាម​ឲ្យ​ទាន់​សហរដ្ឋអាមេរិក និង​ចិន​ដែល​បង្កើន​សមត្ថភាពរ​បស់​ពួកគេ​កាន់តែខ្លាំង​។

 
«​ទី​លំហ ជា​ចំនុចខ្លាំង​មួយ​របស់​អឺរ៉ុប ហើយ​យើង​នឹង​ផ្តល់​មធ្យោបាយ​ដើម្បី​ព​ន្លឿ​ន​(​កម្មវិធី​លំហ​)»​។ នេះ​ជាការ​លើកឡើង​របស់ លោក Thierry Breton ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​ទីផ្សា​ផ្ទៃក្នុង និង​ជា​អ្នកទទួល​ខុស​ត្រូ​ក្នុង​ការកែលម្អ​ការភ្ជាប់​គ្នា​រវាង​វិស័យ​លំហ សន្តិសុខ និង​ការការពារ​។ លោក Breton បន្ថែមថា ថវិកា​សហភាព​អឺរ៉ុប នឹងត្រូវ​ប្រើ​សម្រាប់​គាំទ្រ​បច្ចេកវិទ្យា​ថ្មី​ក្នុងការ​ប​ង្កោះ​កាំជ្រួច ដែល​រួមបញ្ចូល​ផងដែរ​នូវ​កាំជ្រួច​ដែល​អាច​ប្រើប្រាស់​បាន​ឡើងវិញ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្នងការ​អឺរ៉ុប​រូបនេះ សង្ឃឹមថា សហភាព​អឺរ៉ុប​នឹង​ផ្តល់​ទឹកប្រាក់​១៦​ពាន់​លាន​អឺរ៉ូ​សម្រាប់​វិស័យ​លំហ ក្នុង​កញ្ចប់​ថវិកា​ចំណាយ​របស់ខ្លួន​។ លោក Breton ក៏​អះអាង​ផងដែរ​ថា លោក​នឹង​ស្នើ​ទឹកប្រាក់​១​ពាន់​លាន​អឺរ៉ូ ពី​មូលនិធិ​លំហ​អឺរ៉ុប​ដើម្បី​ព​ន្លឿ​ន​ដល់​ការស្រាវជ្រាវ​។ បន្ថែម​ពីនេះ លោក Breton ក៏​ចង់​បង្កើត​ការប្រកួតប្រជែង​សម្រាប់​ក្រុមហ៊ុន​ផ្កាយរណប និង​អ្នក​បង្ហោះ​យាន្ត ដើម្បី​បង្កើន​ការបង្កើត​ថ្មី​ផងដែរ​។​
 
​ការ​ព​ន្លឿ​ន​កម្មវិធី​លំហ របស់​អឺរ៉ុប​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន SpaceX របស់​អាមេរិក ទទួលបាន​ជោគជ័យ​ក្នុងការ​បង្ហោះ​កាំជ្រួច​ដែល​អាច​ប្រើប្រាស់​ឡើងវិញ ក៏ដូចជា​ការវិវឌ្ឍ​យ៉ាង​រហ័ស​នូវ​កម្មវិធី​លំហ​របស់​ចិន ដែល​អាច​ឲ្យ​ចិន​អាច​ចុះចត​យាន្ត​របស់ខ្លួន​នៅ​ជ្រុង​ងងឹត​របស់​ព្រះ​ចន្ទ​។​
 
​លោក Breton បាន​លើកឡើងថា SpaceX បាន​កែប្រែ​របៀបរបប​នៃ​ការ​បង្ហោះ​កាំជ្រួច ដូចនេះ ការអភិវឌ្ឍ​យាន Ariane 6 ជា​ជំហាន​ចាំបាច់ ប៉ុន្តែ​មិនមែនជា​គម្រោង​ចុងក្រោយ​ឡើយ​។ លោក Breton សង្កត់​ថា សហភាព​អឺរ៉ុប​ត្រូវ​ចាប់ផ្តើម​គិតពី Ariane 7 ផងដែរ​។ Ariane គឺជា​យាន​បង្ហោះ​ទៅកាន់​ទី​លំហ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ទីភ្នាក់ងារ​លំហ​អឺរ៉ុប​។​
 
​ចំពោះ​ប្រព័ន្ធ​ផ្កាយរណប​កំណត់​ទិសដៅ Galileo វិញ លោក Breton មានបំណង​បញ្ចប់​កម្មវិធី​នេះ​ក្នុង​ឆ្នាំ​២០២៤ ពោលគឺ​៣​ឆ្នាំមុន​ការគ្រោងទុក ដើម្បី​ដាក់ចេញ​នូវ​ផ្កាយរណប​ប្រភេទ​ថ្មី ដែល​ទំនើប​បំផុត អាចមាន​អន្តរ​កម្ម​ជាមួយគ្នា និង​ផ្តល់​សញ្ញា​កាន់តែ​សុក្រឹត​។ បន្ថែម​ពីនេះ ប្រព័ន្ធ​ផ្កាយរណប​ថ្មី​នឹង​អាច​ផ្តល់​ល្បឿន​អ៊ីនធឺណិត​ដែល​លឿន​បំផុត​សម្រាប់​ប្រទេស​អឺរ៉ុប និង​ចាប់ផ្តើម​ធ្វើការ​លើ​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​លំហ ដើម្បី​ជៀសវាង​ការប៉ះទង្គិច ដែល​បណ្តាលមកពី​ការកើនឡើង​ចំនួន​ផ្កាយរណប​យ៉ាង​ឆាប់រហ័ស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com