ចាប់តាំងពីដើមខែឧសភាមក សំរាមនៅរាជធានីភ្នំពេញ កើនឡើងវិញនៅចន្លោះពី២,៧០០ទៅជាង៣,០០០តោនមួយថ្ងៃ។ បរិមាណសំរាមដែលកើនឡើងវិញនេះ គឺបន្ទាប់ពលរដ្ឋខ្មែរគិតថា ស្ថានភាពកូវីដ-១៩ ស្ងប់ស្ងាត់ ដោយសារករណីឆ្លងថ្មី សុទ្ធតែករណីនាំចូល។ កាលពីអំឡុងពេលដែលស្ថានភាពកូវីដ-១៩ រាលដាលខ្លាំង ក្រុមហ៊ុនប្រមូលសំរាម ក៏ដូចជាកម្មករផ្ទាល់វាយតម្លៃថា សំរាមដែលបន្សល់ពីការប្រើប្រាស់របស់ពលរដ្ឋនៅភ្នំពេញនោះ មានបរិមាណធ្លាក់ចុះដ៏គួរឲ្យកត់សម្គាល់ ជាពិសេសនៅទីសាធារណៈ។
លោក ទួន ស៊ីផេង ប្រធានក្រុមហ៊ុនស៊ីនទ្រី បានអះអាងថា ចាប់ពីខែមករាដល់ខែមេសា មក ពេលដែលកម្ពុជាក៏ដូចពិភពលោក មានភាពចលាចលខ្លាំងនៃជំងឺកូវីដ-១៩ខ្លាំងនោះ សំរាមនៅភ្នំពេញមានការធ្លាក់ចុះច្រើន ពិសេសសំរាមនៅតាមទីសាធារណៈ។ លោកបានបន្តប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ថា ក្នុងអំឡុងកម្ពុជាប្រឈមខ្លាំងនឹងកូវីដ-១៩ សំរាមនៅទីក្រុងភ្នំពេញមានត្រឹម២,៤០០ទៅ២,៥០០តោនប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
ប៉ុន្តែចំនួនសំរាមទាំងនេះបានត្រលប់មកនៅចំនួន៣,០០០តោនវិញក្នុងមួយថ្ងៃ ដោយ លោក ទួន ស៊ីផេង បាននិយាយដូច្នេះ៖«ឥឡូវហ្នឹងសំរាមបានកើនឡើងវិញជាង៣,០០០តោនក្នុងមួយថ្ងៃ»។ លោកបានបន្តថា៖«កាលមុនពីនឹងមានជំងឺកូវីដ-១៩ នៅភ្នំពេញមានសំរាមខ្ទង់៣,១០០ទៅ៣,២០០តោន ក្នុងមួយថ្ងៃ»។
ក្នុងអំឡុងពេលស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជាកំពុងតានតឹងខ្លាំងនោះ សំរាមពិសេសសំរាមនៅទីសាធារណៈនៅទីក្រុងភ្នំពេញមានការធ្លាក់ចុះច្រើនគួរសមដែរ។ លោក ឈុន សាវង្ស ជាកម្មករប្រមូលសំរាមតាមផ្លូវរបស់ក្រុមហ៊ុនស៊ីនទ្រី បានសង្កេតឃើញថា ក្នុងរយៈពេលដែលមនុស្សម្នា មិនសូវហ៊ានចេញពីក្រៅផ្ទះដោយសារតែទទួលរងនៃឥទ្ធិពលរាតត្បាតជំងឺកូវីដ-១៩ភ្លាមៗនោះ សំរាមនៅទីសាធារណៈមានមិនសូវច្រើនដូចមុនពេលមានជំងឺកូវីដ-១៩ឡើយ ដែលធ្វើឱ្យក្រុមប្រមូលសំរាមតាមគោលដៅរបស់លោក សាវង្ស ងាយស្រួលបំពេញការងារនឹងឆាប់បានត្រឡប់ទៅផ្ទះវិញផងដែរ។
សំរាមតិចជាងមុន និងងាយស្រួលប្រមូលសំរាមរបស់កម្មករប្រមូលសំរាមទាំងនោះ បានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីកម្ពុជាមានភាពស្ងប់ស្ងាត់នៃជំងឺកូវីដ-១៩មក បានធ្វើឱ្យសំរាម មានការកើនឡើងច្រើនដូចពីមុនវិញ។ លោក ឈុន សាវង្ស បាននិយាយសារព័ត៌មានថ្មីៗដូច្នេះ៖«មួយរយៈចុងក្រោយនេះ តាំងពីដើមខែ៦(មិថុនា) សំរាមបានកើនឡើងខ្លាំងវិញប្លែកតែម្តង»។ លោកបានអះអាងថា៖«កាលកូវីដ-១៩កំពុងរាលដាលខ្លាំងនោះ សំរាមគឺអត់មានកើនប៉ុន្មានទេដែលល្មមសម្រាប់យើងធ្វើការងារបាន តែឥឡូវតាំងពីគេបើកហាងវិញមក សំរាមមានច្រើន។ និយាយទៅគឺសំរាមមានកើនឡើងច្រើនវិញតែម្តង»។
លោក ឈុន សាវង្ស បន្តបញ្ជាក់ថា សម្រាប់គោលដៅរបស់លោកដែលប្រមូលសំរាមតាមផ្លូវធំៗក្នុងខណ្ឌចំការមន ដឹកមកដាក់ក្នុងធុងសំរាមដែលធ្វើពីដែកមានចំណុះ ១,៥តោននៅក្បែរផ្សារបឹងត្របែក បានកើនរហូតដល់ ៣ធុងនេះ ឬលើសពីនេះទៅទៀត ក្នុងមួយៗថ្ងៃ។ បើតាមកម្មករប្រមូលសំរាមវ័យជាង៣០ឆ្នាំរូបនេះ បច្ចុប្បន្នបរិមាណសំរាមដែលក្រុមរបស់លោកប្រមូលនោះ បានកើនឡើងដល់ជិត៥តោនវិញក្នុងមួយថ្ងៃៗ។ ចំនួននេះ បើធៀបនឹងរយៈពេលដែលជំងឺកូវីដ-១៩កំពុងរាតត្បាតខ្លាំង សំរាមក្នុងតំបន់គោលដៅដែលក្រុម លោក សាវង្ស ប្រមូលបាន មានជាង៣តោនប៉ុណ្ណោះ ក្នុងមួយៗថ្ងៃ។
បច្ចុប្បន្នសំរាមមិនថានៅទីសាធារណៈ និងភោជនីយដ្ឋានបានកើនឡើងវិញនោះទេ សូម្បីតែសំរាមនៅតាមផ្ទះក៏មានកើនឡើងវិញផងដែរ។ លោក ផល ភន ជាកម្មករដើរតាមផ្ទះប្រមូលសំរាមតាមផ្ទះ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ក៏បានលើកឡើងពីកំណើនសំរាមឡើងវិញក្រោយមានសភាពស្ងប់ស្ងាត់ពីជំងឺកូវីដ-១៩ មិនខុសគ្នាពីកម្មករប្រមូលសំរាមនៅតាមផ្លូវខាងលើប៉ុន្មានដែរ។
លោកបាននិយាយដូច្នេះ៖«ចំពោះគោលដៅខ្ញុំដែលប្រមូលសំរាមតាមផ្ទះចឹង គឺមានការកើនឡើង។ ពីមុនក្នុងរយៈពេលកូវីដ-១៩ឆ្លងរាលដាលខ្លាំង[ពីខែមករា-មេសា] សំរាមក្នុងមួយថ្ងៃយើងប្រមូលយកពីរដងនៅទាន់ តែដល់ឥឡូវតាំងពីស្ងាត់កូវីដ-១៩ហ្នឹងមក សំរាមបានកើនឡើងវិញ ហើយយើងប្រមូលសំរាមពីរដងដដែលក្នុងមួយនោះ គឺប្រមូលយកអត់ទាន់ដោយសារសំរាមច្រើនពេក ហើយឡានសំរាមយើងមានចំនួនដដែល»។ បើតាមលោក ភន ក្នុងមួយថ្ងៃឡានសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីប្រមូលសំរាមនៅតាមផ្ទះពីរដងនៅតាមគោលដៅនីមួយៗ គឺពេលព្រឹក និងពេលល្ងាច។
ក្នុងមួយឆ្នាំៗ កម្ពុជាមានសំរាមជាង ៤លានតោន។ ក្នុងនោះមាន ២០ភាគរយជាសំណល់ប្លាស្ទិក។ ដោយឡែក ខេត្ត-រាជធានីធំៗដែលបង្កើតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញមានសំរាមរហូតទៅដល់ប្រមាណ៣,០០០តោនក្នុងមួយថ្ងៃ ដែលនៅក្នុងនោះ ២០ភាគរយជាសំណល់ប្លាស្ទិក។ ក្រុងព្រះសីហនុ មានបរិមាណសំរាមប្រមាណ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប មានប្រមាណ ៤០០តោនក្នុងមួយថ្ងៃ។ នេះ បើយោងតាមរបស់ក្រសួងបរិស្ថានដែលចេញកាលពីចុងឆ្នាំ២០១៩កម្លងមក៕