ថៃ បានសម្រេចពន្យារពេលដាក់ប្រទេស ក្នុងស្ថានភាពអាសន្ន រហូតដល់ដំណាច់ខែកក្កដា ប៉ុន្តែមានការបន្ធូរបន្ថយច្រើននៅក្នុងប្រទេសដូចជា សាលារៀន វិទ្យាស្ថានអប់រំ កន្លែងកម្សាន្តផ្សេងៗជាដើម។ នេះបើតាមប្រកាសមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 ថៃ នៅថ្ងៃទី២៩ ខែមិថុនា។
តាមរយៈកិច្ចប្រជុំ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចន្ទអូចា ថៃបានសម្រេចពន្យារពេលដាក់ប្រទេស ក្នុងស្ថានភាពអាសន្នរហូតដល់ថ្ងៃទី៣១ ខែកក្កដា។ នេះបើតាមសេចក្តីរាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 ថៃ។ បើទោះបីជាពន្យារពេលដាក់ប្រទេសក្នុងស្ថានភាពអាសន្នមែន ថៃក៏បានបន្ធូរបន្ថយសកម្មភាពជាច្រើនផងដែរនៅក្នុងប្រទេស។ សកម្មភាពទាំងនោះមានដូចជា បើកសាលារៀន វិទ្យាស្ថានអប់រំ និងកន្លែងកម្សាន្តមួយចំនួន បារ ត្រៀមស្រា កន្លែងលក់ទំនិញជាដើម។
ថ្ងៃទី១ ខែកក្កដា គឺជាកាលបរិច្ឆេទ នៃការបើកសកម្មភាពខាងលើនេះឡើងវិញ ប៉ុន្តែសកម្មភាពខ្លះ ត្រូវកំណត់ក្រោមលក្ខខណ្ឌមួយចំនួន។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់មជ្ឍមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 លោក Taweesin Visanuyothin សាលារៀន វិទ្យាស្ថានអប់រំ ហាងលក់ទំនិញ នឹងអាចដំណើរការធម្មតា។
ចំណែកកន្លែងកម្សាន្តវិញ ត្រូវគេអនុញ្ញាតឲ្យបើក តែកន្លែងណា មានលិខិតអនុញ្ញាតឲ្យបើកតែប៉ុណ្ណោះ។ ប៉ុន្តែកន្លែងកម្សាន្ត និងតៀមស្រា ដែលត្រូវគេអនុញ្ញាតឲ្យបើកនោះ ត្រូវបិទវិញនៅពាក់កណ្តាលយប់។ ចំណែកបរិយាកាសនៅក្នុងហាងទៀតសោត ម្ចាស់អាជីវកម្ម ត្រូវរៀបកន្លែងឲ្យនៅឆ្ងាយពីគ្នាតាមវិធានគម្លាតសុវត្ថិភាព អនាម័យ និងសម្អាតកន្លែងមួយចំនួនដូចជាបង្គន់ កន្លែងជក់បារីឲ្យ ខណៈអ្នកទទួលភ្ញៀវត្រូវតែពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។
បន្ថែមពីលើនេះ ជំនួញទាំងអស់ មិនអនុញ្ញាតឲ្យលក់បញ្ចុះតម្លៃអ្វីឡើយ ដើម្បីបញ្ចៀសការប្រមូលផ្តុំមនុស្ស។ ក្រៅពីនេះ ហាងជំនួញត្រូវមានកន្លែង ពិនិត្យកម្តៅ កន្លែងលាងដៃ ការកម្រិតចំនួនអតិថិជន និងការ៉ាសុវត្ថិភាពជាដើម។
សម្រាប់ហាងកាហ្វេ និងកន្លែងលេងហ្គេមវិញ ត្រូវតែកំណត់ម៉ោង ដើម្បីបម្រើសេវាកម្មឲ្យអតិថិជនដែលចូលទិញកាហ្វេ និងលេងហ្គេមជាដ់ម។ កន្លែងលេខហ្គេមនេះ ត្រូវរក្សាគម្លាតសុវត្ថិភាពចំនួន ៤ម៉ែត្រពីគ្នា និងត្រូវរក្សាអនាម័យឲ្យបានជាប់ជានិច្ច។ ដោយឡែកកន្លែងស្ប៉ា និងកន្លែងម៉ាស្សាវិញ អនុញ្ញាតឲ្យតែកន្លែងណាមានលិខិតឲ្យបើកតែប៉ុណ្ណោះ។ ការបើកនេះផងដែរ ត្រូវរក្សាអនាម័យ កំណត់ចំនួនភ្ញៀវ ក៏ដូចជាការតម្រូវឲ្យពាក់ម៉ាស់ និងការវាស់កម្តៅ។
គ្រប់មុខជំនួញ ឬហាងទាំងអស់ ត្រូវតែចុះឈ្មោះ ក្នុងកម្មវិធី Thai Chana ជាមុនសិន មុននឹងបើកហាងឡើងវិញ។ កម្មវិធី Thai Chana នេះ ត្រូវបានបង្កើតឡើង ដើម្បីស្វែងរកអ្នកផ្ទុក COVID-19 និងទប់ស្កាត់ករណីឆ្លងជាដើម។
សូមបញ្ជាក់ថា ថៃ បានរាយការណ៍ថា មិនមានករណីឆ្លងកូរ៉ូណាវីរុសនៅក្នុងស្រុកអស់រយៈពេលជាង ១ខែ។ ករណីឆ្លងCOVID-19 ថ្មីទាំងអស់របស់ថៃ គឺជាករណីមកពីក្រៅប្រទេស និងដាក់ចត្តាឡីស័ក។ នៅថ្ងៃទី២៩ ខែមិថុនា ថៃមានករណីឆ្លងថ្មី ៦ករណី ដែលស្ថិតក្រោមវិធានចត្តាឡីស័កទាំងអស់។ តួលេខសរុបរបស់ថៃមានចំនួន ៣១៦៩ករណី អ្នកស្លាប់ចំនួន ៥៨នាក់ និងជាសះស្បើយមានចំនួន ៣០៥៣នាក់៕