ONE Championship
កីឡាជាតិ
ជាតិ
ក្បាច់គុន​ជួយ​ឲ្យ អែម សុ​វណ្ណា​រី បាត់​ភាព​អៀនខ្មាស និង​ភ័យខ្លាច
30, Jun 2020 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កីឡាការិនី​កូន​ខ្មែរ​នៅ​អាមេរិក អែម សុ​វណ្ណា​រី បាន​ឈាន​ជើង​ចូល​សង្វៀន​លំដាប់​ពិភពលោក ONE Championship បាន​ពីរលើក​រួចមកហើយ​គិត​ត្រឹម​ពេលនេះ​ក្រោយ​មានបទពិសោធន៍​នៅ​អាមេរិក​។ សុ​វណ្ណា​រី ផ្ដួល​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova ឲ្យ​សន្លប់​ដោយ​កណ្ដាប់ដៃ​ត្រឹម ៦១ វិនាទី កាល​ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ប្រទេស​ម៉ាឡេស៊ី មុនពេល​ចាញ់​ដោយ​ក្បាច់​ឃ្លេ​របស់ កីឡាការិនី​ប្រេ​ស៊ី​ល Rayane Marques Bastos ត្រឹម​ទឹក​ទី ១ វិញ​ក្នុង​រយៈពេល​មួយឆ្នាំ​បន្ទាប់​នៅ​សង្វៀន​ដដែល​ប្រទេស​ដដែល​។

 
​បែបណា​ក្ដី រឿង​ហាត់​ក្បាច់គុន​នេះ​បានធ្វើ​ឲ្យ​រូបគេ​មាន​ភាពខុសប្លែក និង​តស៊ូ​ខ្លាំងក្លា​រួមទាំង​ទំនុកចិត្ត​ដើម្បី​លុបបំបាត់​ភាពភ័យខ្លាច និង ភាព​ខ្មាសអៀន​។  ក្នុងនោះ​មានរឿង​រ៉ាវ​ជាច្រើន​មុនពេល​រូបគេ​ទទួលបាន​កិច្ចសន្យា​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ ONE Championship​។ 
 
​សុ​វណ្ណា​រី បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖«[​ក្បាច់គុន​] គឺជា​ផ្នែក​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ព្រោះ​ពីមុន​ខ្ញុំ​អៀន​ច្រើន និង មិន​ចូលចិត្ត​រករឿង​រ៉ាវ​ឈ្លោះ​គ្នា​ទេ​។ ប៉ុន្តែ​ពេល​អ្នក​នៅក្នុង​ទ្រុង ឬ លើស​ង្វៀន អ្នក​ត្រូវតែ​ប្រឈមមុខ​ដាក់គ្នា​ដោយ​ប្រើ​ក្បាច់​បច្ចេកទេស​វ៉ៃ​»​។ 
 
​ការប្រកួត​បានធ្វើ​ឲ្យ សុ​វណ្ណា​រី ក្លាយជា​ស្ត្រី​ដ៏​រឹងមាំ​ម្នាក់​, មាន​ទំនុកចិត្ត​, និង ស្ដែងចេញ​នូវ​ទេពកោសល្យ​ក្នុង​ក្បាច់គុន​ចម្រុះ​។ 
 
​គេ​ជា​កីឡាការិនី​ជាប់កិច្ចសន្យា​នៅ ONE ដូច​កីឡាករ ខុន ស៊ី​ចាន់ និង ចាន់ រតនា របស់​កម្ពុជា​ដែរ​នាពេល​បច្ចុប្បន្ន​។ កីឡាការិនី​រហស្សនាម «THE SWEET SAVAGE» តែងតែមាន​មោទនភាព​ប្រកួត​តំណាង​ឲ្យ​កម្ពុជា ហើយ​រូបគេ​គ្រោង​និយាយ​ភាសា​ខ្មែរ​មកកាន់​ប្រជាជន​កម្ពុជា​ពេល​មានឱកាស​ឡើង​ប្រកួត​លើក​ក្រោយ​បន្ទាប់ពី​ចាប់ផ្ដើម​រៀន​ភាសា​ខ្មែរ​តាំងពី​ដើមឆ្នាំ​២០២០ នេះ​។ 


 
​កាល​ដំបូង​ឡើយ សុ​វណ្ណា​រី មិនសូវមាន​ភាពក្លាហាន និង ទំនុកចិត្ត​ទេ ហើយ​ឥឡូវនេះ​ខុស​ពីមុន​ឆ្ងាយ​ណាស់​។ កីឡាការិនី​កូន​ខ្មែរ​នៅ​អាមេរិក​សារភាព​ទៀតថា​បច្ចុប្បន្ន​មិនមាន​ភាពភ័យខ្លាច និង តែងតែ​គិត​អំពី​ការអភិវឌ្ឍ​ខ្លួន​លៃលក​យ៉ាងណា​ឲ្យ​ជីវិត​កាន់​ប្រសើរ​ខុស​កាលពីមុន​ទាំង​អារម្មណ៍ និង ក្បាច់គុន​។​
 
​សុ​វណ្ណា​រី ក៏​ធ្លាប់​នឹកភ្នក​អំពី​ចាប់​ដៃគូ​ជាមួយ​អតីត​កីឡាករ​គុន​ចម្រុះ Yves Edwards ដើម្បី​ចងក្រង​សៀវភៅ​រឿងរ៉ាវ​កាល​នៅ​ក្មេង​ដែល​ជួយ​ជែក​រំលែក​នូវ​ជំនាញ​បានមកពី​ការផ្ដល់​ឲ្យ​របស់​ក្បាច់គុន​ផងដែរ​។ 
 
​សុ​វណ្ណា​រី គូសបញ្ជាក់ថា​៖«​សៀវភៅ​នោះ​គឺ​រៀបរាប់​អំពី​តម្លៃ​ជីវិត​កាល​នៅ​កុមារ​តាមរយៈ​ក្បាច់គុន​។ ពេលខ្លះ ក្បាច់គុន​មាន​ផល​អាក្រក់​។ ពេលខ្លះ ម៉ាក់​ប៉ា​បាន​គិតថា វា​ជា​អំពើហិង្សា ឬ វា​ជាការ​សម្លុត​និង គំរាមកំហែង [​ប៉ុន្តែ​តាមពិត​វា​ផ្ទុយ​ពី​មតិ​នេះ​ទេ​]»​។ 
 
​សុ​វណ្ណា​រី តែងតែ​គិត​អំពី​កាយវិការ និង​ផលប៉ះពាល់​ជា​វិជ្ជមាន​ពី​ក្បាច់គុន​។  កីឡាការិនី​កូន​ខ្មែរ​នៅ​អាមេរិក​រូបនេះ​មាន​ភាព​ដាក់ខ្លួន និង តម្រង់​គោលដៅ​ដើម្បី​ប្រកួត និង​ស្វែងរក​ជ័យជម្នះ​នៅ​កម្រិត​ខ្ពស់​មួយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com