លោក ប៉ា ចាន់​រឿន​៖ ប្រជាធិបតេយ្យ​បែប​សេរី​នៅ​កម្ពុជា មាន​ភាពស្មុគស្មាញ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ា ចាន់​រឿន​៖ ប្រជាធិបតេយ្យ​បែប​សេរី​នៅ​កម្ពុជា មាន​ភាពស្មុគស្មាញ​
29, Jun 2020 , 5:57 pm        
រូបភាព
​ភ្នំពេញ​៖ លោក ប៉ា ចាន់​រឿន និង​បញ្ញវ័ន្ត​មួយក្រុម បាននាំគ្នា​បង្កើត​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​មួយ​នៅ​កម្ពុជា ក្រោយពី​ឃើញ​ស្ថានភាព​ប្រជាធិបតេយ្យ​មានការ​ធ្លាក់ចុះ​។ បំណង​របស់​ក្រុម​លោក គឺ​ចង់​លើកស្ទួយ នឹង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​។​


 
​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ចាន់​រឿន មើលឃើញថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់ចុះ ភាគច្រើន​ដោយសារ​រឿង​នយោបាយ ដែល​បង្កឱ្យមាន​ភាពអាក្រក់​កើតឡើង តាមរយៈ​ការចាប់​និង​ឃុំខ្លួន អ្នកនយោបាយ សកម្មជន និង​អ្នកប្រឆាំង​រដ្ឋាភិបាល​ជាដើម ។ រូបភាព​អាក្រក់​នេះ បានធ្វើឱ្យ​អន្តរជាតិ​វាយតម្លៃ​បែប​អវិជ្ជមាន​លើ​ប្រជាធិបតេយ្យ​កម្ពុជា​ផងដែរ​។​
 
​ដោយសារ​មើលឃើញ​បញ្ហា​នេះ ទើប​លោក ប៉ា ចាន់​រឿន និង​ក្រុម​បញ្ញវ័ន្ត​ផ្សេងទៀត នាំគ្នា​បង្កើត​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ឡើង ដើម្បី​ជា​ផ្នែក​មួយ ជួយ​រុញច្រាន​ប្រជាធិបតេយ្យ​កម្ពុជា ទៅរក​ភាពប្រសើរ​ជាង​នេះ​។​សម្រាប់​លោក ប៉ា ចាន់​រឿន ប្រជាធិបតេយ្យ​បែប​សេរី​នៅ​កម្ពុជា នៅមាន​ភាពស្មុគស្មាញ ដែល​ទំនងជា​មិនទាន់​អនុវត្តតាម​ស្ដង់ដារ​នៅឡើយ​ទេ​។​
 
​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ប៉ា ចាន់​រឿន នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ដូចតទៅ​៖



ផ្ទុយ​ពី​ការមើលឃើញ​របស់លោក ប៉ា ចាន់​រឿន លើ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ រដ្ឋាភិបាល​តែងតែ​អះអាងថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ​ជាង​ប្រទេស​ដទៃ ។ ក្នុងន័យនេះ ប្រមុខ​រដ្ឋាភិបាល ធ្លាប់​អះអាងថា ប្រជាធិបតេយ្យ​កម្ពុជា មិនមែន​សម្រាប់​ដោះដូរ ឬ​តម្រូវ​ចិត្ត​អ្នកណា​ឡើយ​។ មិនតែប៉ុណ្ណោះ​សម្ដេច ហ៊ុន សែន ធ្លាប់​ទាំង​អះអាង​ទៀតថា ពិភពលោក​អនុវត្ត​ប្រជាធិបតេយ្យ​ស្ដង់ដារ​២ រវាង​ប្រទេស​មហាអំណាច និង​ប្រទេស​កំពុង​អភិវឌ្ឍ រួមទាំង​ប្រទេស​ក្រីក្រ​ជាដើម​។ 
 
​ប្រជាធិបតេយ្យ​នៅលើ​ពិភពលោក មាន​ពីរ​ប្រភេទ គឺ​ប្រជាធិបតេយ្យ​បែប​សេរី និង​បែប​កុម្មុយនីស្ត​។ នេះ​បើតាម​លោក ប៉ា ចាន់​រឿន ដែល​បាន​បន្ថែមថា អ្នកនយោបាយ និង​មេដឹកនាំ​លើ​ពិភពលោក ចូលចិត្ត​ប្រើប្រាស់​ពាក្យ​ប្រជាធិបតេយ្យ​នេះ ដើម្បី​ដឹកនាំ​ប្រទេស​។ តួយ៉ាង​ដូចជា ចិន កូរ៉េខាងត្បូង ដែលជា​ប្រទេស​កុម្ម​នី​ស្ត ក៏មាន​ស្តង់ដារ​ប្រជាធិបតេយ្យ​របស់​ពួកគេ​ដែរ ក្រៅពី​ពួក​ប្រជាធិបតេយ្យ​បែប​សេរី ដូច​អាមេរិក​៕

© រក្សាសិទ្ធិដោយ thmeythmey.com