ពីនេះ ពីនោះ
សុខភាព
ឧស្សាហ៍​ឈឺពោះ​ខ្លាំង​ពេល​មក​រដូវ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
30, Jun 2020 , 6:59 pm        
រូបភាព
​ជា​ញឹកញយ​អាកា​រៈ​មុនពេល​មក​រដូវ​តែង​បង្ក​ផលប៉ះពាល់​ដល់​ស្ត្រី​សឹងតែ​រៀងរាល់ខែ​ពី​កម្រិត​ស្រាល​ដល់​ធ្ងន់ធ្ងរ​។ ក្នុងចំណោម​អាកា​រៈទាំង​នោះ​រួមមាន​វិលមុខ ឆាប់​ឆេវឆាវ ឈឺក្បាល​ឃ្លាន​ខ្លាំង ចុក​រមួល​ក្នុង​ពោះ និង​អស់កម្លាំង​ជាដើម​។ អាកា​រៈ​មុនពេល​មក​រដូវ​អាច​កើតឡើង​មុនពេល​ចាប់ផ្ដើម​មក​រដូវ ហើយក៏​បាត់​ទៅវិញ​ដោយ​ឯង​ឯក​នៅពេល​ក្រោយ​។ ទោះជា​យ៉ាងណា​អ្នក​អាច​សម្រាល​អា​ការៈឈឺ​ចាប់បាន​ឆាប់រហ័ស​ជាង​ធម្មតា​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ចំនួន​។ ថា​តើ​រូបមន្ត​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹងពី​គន្លឹះ​ងាយៗ​ដើម្បី​សម្រាល​អា​ការៈឈឺចាប់​មុនពេល​និង​កំឡុងពេល​មក​រដូវ ៖


១. ស្អំ​កម្ដៅ​
 
​កម្ដៅ​អាច​កាត់បន្ថយ​ការឈឺ​ចាប់បាន​យ៉ាង​ឆាប់រហ័ស​! អ្នក​អាច​ប្រើប្រាស់​ដប​ទឹក​ក្ដៅ​មក​ស្អំ​លើ​ពោះ ប៉ុន្តែ​មិនត្រូវ​ស្អំ​ផ្ទាល់​លើ​ស្បែក ឬ​ប្រើប្រាស់​ទឹក​ក្ដៅ​ពេក​ឡើយ​ចៀសវាង​ការ​រលាក​។ ដូច្នេះ​គួរប្រើ​ប្រាស់​កន្សែង​រុំ​មួយ​ជាន់​សិន​សឹម​ដាក់​ស្អំ​ទើប​ប្រសើរ​។​
 
២. ធ្វើ​លំ​ហាត់ប្រាណ​
 
​នារី​មួយចំនួន​គិតថា​ការធ្វើ​លំ​ហាត់ប្រាណ​កំឡុងពេល​មក​រដូវ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។ ទោះជា​យ៉ាងណាក៏ដោយ​ការធ្វើ​លំ​ហាត់ប្រាណ​ស្រាលៗ​ដូចជា​ការរត់ ការដើរ ជិះ​កង់ ហាត់​យូ​ហ្កា ឬ​សន្ធឹង​ខ្លួនប្រាណ​ដៃជើង គឺ​ចាំបាច់​ណាស់​ដើម្បី​បង្កើន​កម្រិត​នៃ​អ័រម៉ូន endorphins ក្នុង​រាងកាយ​ដែល​ជួយ​បំបាត់​ការឈឺចាប់​និង​ធ្វើឱ្យ​អារម្មណ៍​កាន់តែ​ប្រសើរឡើង​។ ដូច្នេះ​ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ ៣ ដង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១៥ នាទី​។​
 
៣. កម្រិត​ការទទួល​ទាន​កាហ្វេ​អ៊ី​ន​

​កាហ្វេ​អ៊ី​ន​អាច​បង្រួម​ស​សៃ​ឈាម រួមបញ្ចូល​ទាំង​ស​សៃ​ឈាម​នៅក្នុង​ស្បូន​។ ជា​លទ្ធផល​បង្ក​អា​ការៈឈឺចាប់​។​
 
៤. ទទួលទាន​តែ​ខ្ញី​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ខ្ញី​ជា​ចំណិត​តូចៗ រួច​ដាក់ចូល​ឆុង​ក្នុង​ទឹក​ក្តៅ​មួយ​ពែង​សម្រាប់​រយៈពេល​ពីរ​បី​នាទី ហើយ​ទទួលទាន​ឱ្យទាន់​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ អ្នក​អាច​ទទួលទាន​ពី ២ ទៅ ៣​ដង​ក្នុង​មួយថ្ងៃ​។​
 
៥. ទទួល​ការ​ម៉ាស្សា​
 
​ការ​ម៉ាស្សា​ថ្នមៗ​ស្រាលៗ​លើ​ពោះ​ផ្នែក​ខាងលើ​អាចជួយ​សម្រួល​សាច់ដុំ​នៃ​ស្បូន​បន្ថយ​អា​ការៈឈឺចាប់​។ ការ​ម៉ាស្សា​ខ្នង​ក៏​ល្អ​ដើម្បី​សម្រាល​អា​ការៈឈឺចាប់​ពេល​មក​រដូវ​ផងដែរ​។​
 
៦. ទទួលទាន​បន្លែ​បៃតង​
 
​ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​កាត់បន្ថយ​អាកា​រៈ​មុនពេល​មក​រដូវ​នោះ​អ្នក​គួរ​ចាប់ផ្ដើម​ទទួលទាន​បន្លែ​បៃតង​ឱ្យ​ច្រើនជាង​មុន ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម និង​សារធាតុចិញ្ចឹម​សំខាន់ៗ​ផ្សេងទៀត​ដែល​ជួយ​សម្រាល​អាកា​រៈ​ចុក​រមួល​ក្នុង​ពោះ​។​
 
៧.ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ 
 
​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ដើម្បី​បំបាត់​អាកា​រៈ​ហើមពោះ​និង​ឈឺចាប់​ពេល​មក​រដូវ​។ ហើយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជា​ជម្រើស​ប្រសើរ​បំផុត​ក្នុងស្ថានភាព​នេះ​ដោយ​វា​នឹង​ជួយ​សម្រួល​សាច់ដុំ​បំបាត់​ការឈឺចាប់​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com